ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​រឿង​រ៉ាវ​​​ចាប់​ខ្លួន​​​មេចារកម្ម​​​ម៉ុង​ហ្គោលី​នៅ​​​អង់​គ្លេស​

13 ឆ្នាំ មុន

ពេល​ចុះ​ពីលើ​យន្ត​ហោះ​​នៅអាកាស​យាន​ដ្ឋាន Heathrow ​ប្រទេស​​អង់​គ្លេស​​​ ​​កាលពី​​ចុង​ខែ​កញ្ញា​ ២០១០ លោក​បាត​ឃើត (Bat Khurts) ​មេចារកម្ម​​ម៉ុងហ្គោ​លី​ រង់​ចាំ​ការ​ស្វាគមន៍​​សម​រម្យ​​​មួយ​ក្នុង​ឋានៈ​មន្ត្រី​បរទេស​មក​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​ជាមួយអាជ្ញាធរ​​អង់គ្លេស​​ពីបញ្ហា​​សហស្សវត្សរ៍នៃ​កិច្ច​​​សហប្រតិបត្តិការ​ចារកម្ម​រវាង​​ប្រទេស​ទាំងពីរ​។ ​

ពេល​ចុះ​ពីលើ​យន្ត​ហោះ​​នៅអាកាស​យាន​ដ្ឋាន Heathrow ​ប្រទេស​​អង់​គ្លេស​​​ ​​កាលពី​​ចុង​ខែ​កញ្ញា​ ២០១០ លោក​បាត​ឃើត (Bat Khurts) ​មេចារកម្ម​​ម៉ុងហ្គោ​លី​ រង់​ចាំ​ការ​ស្វាគមន៍​​សម​រម្យ​​​មួយ​ក្នុង​ឋានៈ​មន្ត្រី​បរទេស​មក​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​ជាមួយអាជ្ញាធរ​​អង់គ្លេស​​ពីបញ្ហា​​សហស្សវត្សរ៍នៃ​កិច្ច​​​សហប្រតិបត្តិការ​ចារកម្ម​រវាង​​ប្រទេស​ទាំងពីរ​។ ​ប៉ុន្តែ​​ជំនួស​​ឱ្យ​​ការ​នាំទៅ​ជួបរដ្ឋា​ភិបាល​​អង់​គ្លេស​​ដើម្បី​ចរចាការងារ​ លោក​នាយក​ក្រុម​ប្រឹក្សា​​​សន្តិ​សុខ​ជាតិ​ម៉ុង​ហ្គោ​លីរូបនេះ បែរជា​ជួប​ក្រុម​ស៊ើប​​អង្កេត​​ស្ថាប័ន​​ចារកម្ម​  Scotland Yard ​អនុវត្ត​បញ្ជា​ចាប់​ខ្លួន​​ជាអន្តរជាតិ​​​ប្រឆាំង​​ចំពោះ​​រូប​គាត់​​ទៅ​វិញ ។

បាត​ ឃើត មេចារកម្ម​ជាន់​ខ្ពស់​ម៉ុង​ហ្គោលី​ ដែល​ត្រូវ​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​ក្នុង​ពន្ធ​នាគារ​​ Wandsworth ​នាទីក្រុង​​ឡុង កំពុង​រង់​ចាំ​​ការ​បំពេញ​សំណុំ​បែបបទ​​នាំខ្លួន​​ចេញពី​ទីនោះ ។ បាតឃើត​ ត្រូវ​​ចាប់​ខ្លួន​​​​ព្រោះ​​​សង្ស័យ​​ពាក់ព័ន្ធ​​​នឹង​ករណី​​ដាក់​ថ្នាំ​សណ្តំ​ជន​ភៀស​ខ្លួន​ម្នាក់​​ រួច​​នាំទៅ​​ធ្វើ​ទារុណកម្ម​​​សួរ​ចម្លើយ​ក្នុង​ពន្ធ​នាគារ​ប្រទេស​ម៉ុង​ហ្គោ​លី ។ តាម​ឯកសារ​​​តុលាការ​​គេ​ដឹង​ថា​ ក្រសួង​ការ​បរទេស​អង់់​គ្លេស​​​ជាអ្នក​រៀបចំ​ចាប់​ខ្លួន​បាត​ឃើត ហើយ​ប្រាប់​ស្ថាប័ន​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ​មាន​ការ​ចាត់​តាំង​(FCO) ពីពេល​​វេលា​​និងទីកន្លែង​ដែល​បាត​ឃើត​ចូល​អង់​គ្លេស​ដើម្បី​ចាប់​តាម​ដីកា​ចាប់​ខ្លួន​របស់​អឺរ៉ុប ។ ពិតណាស់​​ ផែន​ការ​​ចាប់​ខ្លួន​បាតឃើត​គេ​រៀបចំ​យូរណាស់​​ហើយ តាំងពី​មុន​ FCO  ត្រៀម​ដាក់​សំណើ​​ក្នុង​ខែ​វិច្ឆិកា ២០០៩ បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​​ថា​ បាតឃើត​ជាមនុស្ស​​ស័ក្តិ​សម​​ធ្វើ​ការ​​ជា​មួយ​​អង់​គ្លេស​​ក្នុង​ការ​ងារ​​ «​ទំនាក់​ទំនង​​រវាង​ស្ថាប័ន​​ចារកម្ម​ប្រទេស​ទាំងពីរ​» ។ ហេតុដូច្នេះ​​ហើយ​ទើប​​ FCO ពុំ​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​​​បង្ខំ​ចិត្ត​តាម​​បញ្ជា​ថ្នាក់​លើ​​ឡើយ ។

តាម​ប្រពៃ​ណី​​ ម៉ុង​ហ្គោ​លី​ត្រូវ​បាន​ចាត់​​ទុក​ថា​ជា​តំបន់​ស្ងៀម​ស្ងាត់​ខាង​នយោ​បាយ​​ តែជាតំបន់​មាន​សារ​សំខាន់​ខាង​ភូមិ​សាស្ត្រ ។ ព្រោះ​តែ​ដូច្នេះ​ ទាំងទី​ក្រុងឡុង​ ទាំងទីក្រុង​វ៉ាស៊ីន​តោន​ ចាត់​ទុក​ម៉ុង​ហ្គោ​​លី​ជាសម្ព័ន្ធ​មិត្ត​​យុទ្ធសាស្ត្រ​​ដូច​គ្នា​ ដោយ​សារ​ភូមិ​សាស្ត្រ​​ប្រទេស​ម៉ុង​ហ្គោ​លី​​ស្ថិត​នៅចន្លោះ​​​​ប្រទេស​រុស្ស៊ី​​និង​ចិន ។ ភាព​សំខាន់​ខាង​ភូមិ​សាស្ត្រ​នេះ ធ្វើ​ឱ្យ​ FCO ​និងស្ថាប័ន​​​ចារ​កម្ម​អង់​គ្លេសចង់​​​ឆ្លៀត​ឱកាស​ពន្លឿន​​ទំនាក់​ទំនង​ជាមួយ​ចារកម្ម​​​ម៉ុង​ហ្គោ​លី​ កាន់​តែ​លឿន​កាន់​តែ​ល្អ កាន់​តែ​រឹង​មាំ​កាន់​តែល្អ ។ ឥឡូវ​ស្រាប់​តែ​​មាន​រឿង​ដូច្នេះ​​កើត​ឡើង​ FCO ​និង​​ស្ថាប័ន​​ចារ​កម្ម​អង់​គ្លេស​​​ធ្វើ​អ្វី​​ៗ​តាម​​គម្រោង​​លែង​កើត​ បាន​ត្រឹម​តែ​ចាំមើល​សិន​ប៉ុណ្ណោះ ។ ករណី​​​ចាប់​ខ្លួន​បាតឃើត ធ្វើ​​ឱ្យ​មនុស្ស​​ជា​ច្រើន​​នឹក​ឃើញ​​ពីការ​ចាប់​ខ្លួន​មេផ្តាច់​​ការ​ឈីលី​អូហ្គុស្តូ ពីណូចេ កាលពី​ឆ្នាំ​១៩៩៨ ។​ ពួក​មេធាវី​​របស់​បាត​ឃើត​​ ​ លើក​ឡើង​​ថា​កូន​ក្តី​របស់​ខ្លួន​ត្រូវ​តែ​បាន​ទទួល​​បុព្វ​​សិទ្ធិ​​ការទូត​ ហើយ​និយាយ​​ទៀត​ថា បាតឃើត​​ជា​ជន​រង​គ្រោះ​​ក្នុង ​«​ល្បែង​មុខ​ពី​រ» របស់​អង់​គ្លេស​ ។​

​គេ​ដឹង​ថា​ មូល​ហេតុ​នាំឱ្យ​​មាន​រឿង​ដូច្នេះ​​ គឺ​ផ្តើម​​​ចេញ​ពីហេតុ​ការណ៍​មួួ​យនា​ថ្ងៃ​ទី​១៤ ឧសភា ២០០៣ ។ ថ្ងៃនោះ​​ វេលា​ម៉ោង​២​និង​៣០នាទី​​ជន​ភៀស​ខ្លួន​​ម្នាក់​​ពីរដ្ឋ​​ធានី​អ៊ូឡានបាទ័រ ​(Ulan Bator ) ​របស់​​ម៉ុង​ហ្គោ​លី​ ឈ្មោះ​ដាមី​រ៉ាន​ អេន​បាត​ (Damiran Enkhbat) អាយុ​​៤៣​ឆ្នាំ ធ្វើ​​ដំណើរ​​មក​ដល់​ទី​ធ្លាចត​រថយន្ត​របស់​សាខា​​ហាង​​អាហារ​ Mc Donald`s ​ស្ថិត​នៅកំពង់​ផែ​ Le Havre ក្នុង​តំបន់​ន័រម៉ង់ឌី ភាគ​ពាយ័ព្យ​​ប្រទេស​​បារាំង ។ ដាមីរ៉ាន អេន​បាត ជាជន​ដែល​គេ​រក​ចាប់​ខ្លួន​​បំផុត​នៅម៉ុង​ហ្គោ​លី​ពីបទ​​សង្ស័យ​​មាន​ពាក់​ព័ន្ធ​​​នឹង​ករណី​ធ្វើ​ឃាត​រដ្ឋ​មន្ត្រី​ម៉ុងហ្គោ​លី​ម្នាក់​ក្នុង​ឆ្នាំ​១៩៨៨ ក្រោយ​មក​ប្តូរ​​ឈ្មោះ​​ប្តូរ​ត្រកូល​ សុំ​​ជ្រក​​កោន​​នៅ​ប្រទេស​បារាំង ។  ពេល​អេន​បាត​មក​ដល់​ទីធ្លា​​​ចត​រថយន្ត​នោះ សាក្សី​ មួ​យ​ចំនួន​​និយាយ​ថា ឃើញ​ជន​ជាតិ​ម៉ុង​ហ្គោ​លី​​៤​នាក់​ ពុំ​ដឹង​ចេញ​ពីណា សម្រុក​ចូល​​វាយ​ប្រហារ​​ដោយ​រំពាត់​​ខ្សែភ្លើង​ ព្រមទាំង​ក្របួច​​សក់​អូស​ចេញពី​​កន្លែង​​យ៉ាង​លឿន​​ ។ ប៉ូលិស​សន្និដ្ឋាន​​ថា​ អេន​បាត​ ប្រហែល​ត្រូវ​គេ​យក​​ទៅ​បញ្ច្រក​ថ្នាំ​ឱ្យ​សន្លប់​​ រួច​ញាត់​ចូល​រថយន្ត​ ។ ៤​ថ្ងៃ​ក្រោយមក ​ក្រុម​ចាប់​ពង្រត់​មនុស្ស​បើក​រថយន្ត​​ដឹក​ជនរង​គ្រោះ​ឆ្លង​កាត់​ប្រទេស​បារាំង​ទៅ​ស្ថាន​កុងស៊ុល​ម៉ុងហ្គោលី​ នៅ​ទីក្រុង​ប្រ៊ុច​សែល​ ប្រទេស​បែល​ហ្ស៊ិក​ តមក​ទៅ​ប្រទេស​អាល្លឺ​ម៉ង់​មុនពេល​​នាំខ្លួន​​​អេន​បាត​ឡើង​យន្ត​ហោះ​​ Mongolian Airlines ​ហោះ​​ចេញ​ពី​ប៊ែរឡាំង​​ ទៅទីក្រុង​អ៊ូឡាន​បាទ័រ។​

អាជ្ញាធរ​​អាល្លឺ​ម៉ង់​ជឿ​ថា​ អ្នក​​បើក​បរ​រថយន្ត​ដឹក​អេន​​បាត គឺ​បាត​ឃើត​ខ្លួន​ឯង​​តែម្តង​ ឯមនុស្ស​​ម្នាក់​ទៀត​ដែល​នៅអម​រូបគេ​ជានិច្ច​នោះ ជា​សមាជិក​​សំខាន់​មួយ​រូប​នៃ​កងប៉ូលិស​សម្ងាត់​​ម៉ុង​​ហ្គោលី ។ ព្រោះ​តែដូច្នេះ​ទើប​ឆ្នាំ​២០០៦ អាជ្ញា​ធរ​​អាល្លឺម៉ង់​ផ្សព្វ​ផ្សាយ​​ដីកា​ចាប់​ខ្លួន​របស់​អឺរ៉ុប​​ប្រឆាំង​បាតឃើត ។​

ជន​រងគ្រោះ​​អេន​បាត​ ​ប្រាប់​​មេធាវី​​របស់​ខ្លួន​​ថា​ ពេល​​ជាប់​ឃុំ​ក្នុង​ប្រទេស​​ម៉ុង​ហ្គោ​លី ខ្លួន​ត្រូវ​​ពួក​ភ្នាក់​ងារ​​ស៊ើប​អង្កេត​យក​កាំភ្លើង​ភ្ជង់​ក្បាល​បង្ខំ​​ឱ្យ​សារភាព​ថា​មាន​ពាក់ព័ន្ធ​នឹង​ការសម្លាប់​រដ្ឋ​​មន្ត្រីម៉ុង​ហ្គោលី​ ។ ទីបំផុត​អេន​បាត​​ទទួល​ការ​ដោះ​​លែង​ក្នុង​ឆ្នាំ២០០៦​​ ​តែ៥​ថ្ងៃ​ក្រោយមក​​ក៏​ស្លាប់។ គ្រួសារ​អេន​បាត​និយាយ​ថា​ ស្លាប់​ព្រោះ​​​គ្រាំគ្រា​​ធ្ងន់​ធ្ងរ​​ដោយ​​សារ​​​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​យង់​ឃ្នង​ក្នុង​​ពន្ធ​នាគារ ។

ពេល​នេះ​ ក្រុម​មេធា​វី​​របស់​​បាត​ឃើត​ បង្ហាញ​​​លិខិត​មួ​យ​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​ម៉ុងហ្គោលី​ ដល់់​អាជ្ញាធរ​អង់​គ្លេស​ ។ លិខិត​​នោះ​​ធានា​ថា ​​បាត​ឃើត​នឹង​មិនរត់​គេច​ខ្លួន​ទេ និង​សុំ​ឱ្យ​បំពាក់​​ឧបករណ៍​​តាម​ដាន​​លើខ្លួន​គាត់​ចុះ​ ហើយ​​​សុំ​ឱ្យ​គាត់​បាន​ស្នាក់​នៅ​​ក្នុង​ស្ថានទូត​​ម៉ុងហ្គោ​លី​​ប្រចាំ​​នៅ​ Kensington ​ប្រសិន​បើ​បាន​បង់​ប្រាក់​ធានា​ខ្លួន​ ។ ប៉ុន្តែ​ទោះ​ដូច្នេះក្តី​ បាត​ឃើត​នៅតែ​​ត្រូវ​ឃុំ​ខ្លួន​ក្នុងពន្ធ​​នាគារ​​ Wandsw orth ដដែល៕  (តាម​ឯក​សារ​បរ​ទេស)