ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មេខ្លោង​ជំរិតទារ​ប្រាក់​មេបញ្ជាការ​ប៉េអឹម​ខេត្ត​សៀមរាប

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តាម​អំណាច​​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​សៀម​រាប និង​ក្រោម​ការ​ដឹក​នាំ​បញ្ជា​ពី​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង​នៃ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ មករា ​លោក​ឧត្តម​សេនីយ៍​ត្រី សៀ សម្បត្តិ នាយ​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ នៃ​ទី​បញ្ជា​ការ​កង​​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ដឹក​នាំ​កំលាំង​សហ​ការ​ជា​មួយ​កង​រាជ​អាវុធ​ហត្ថ

រាជធានីភ្នំពេញ ៖ ​តាម​អំណាច​​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​សៀម​រាប និង​ក្រោម​ការ​ដឹក​នាំ​បញ្ជា​ពី​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង​នៃ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ មករា ​លោក​ឧត្តម​សេនីយ៍​ត្រី សៀ សម្បត្តិ នាយ​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ នៃ​ទី​បញ្ជា​ការ​កង​​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ដឹក​នាំ​កំលាំង​សហ​ការ​ជា​មួយ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ ចាប់​​ខ្លួន​មេ​ខ្លោង​​​ក្រុម​ចាប់​ជំរិត​កូន​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប ។ ការ​ចាប់​ខ្លួន​មេ​ខ្លោង​ក្រុម​ចាប់​ជំរិត​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​​រោង​ជាងជួស​ជុល​អូ​ប័រ យី​ហោ​មិន​អោ​ម៉ា ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ រាជ​​ធានី​​ភ្នំពេញ ។

​មេ​ខ្លោង​​ក្រុម​​​ចាប់​ជំរិត​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​​ឈ្មោះ​ចក់ ចាន្នី ភេទ​ប្រុស អាយុ​​២៦​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ភូមិ​កន្ទុយ​ទឹក ឃុំ​​ទៀន ស្រុក​កណ្តាល​ស្ទឹង ខេត្ត​​កណ្តាល បច្ចុ​ប្បន្ន​ស្នាក់​នៅ​​រោង​ជាង​ជួស​​ជុល​អូប័រ យីហោ​មិន​អោ​ម៉ា ។ ទាក់​ទិន​​នឹង​ការ​ចាប់ខ្លួន​ជន​ជាប់​ចោទ​ខាង​លើ​​លោក​ឧត្តម​សេនីយ៍​ត្រី សៀ សម្បត្តិ បាន​ឱ្យ​ដឹង​ថា នេះ​ជា​ការ​អនុ​វត្ត​តាម​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​សៀម​រាប ដែល​បាន​ចោទ​ប្រកាន់​​ជន​ជាប់​ចោទ​ឈ្មោះ​​ចក់ ចាន្នី ពី​​បទ​ចាប់​ជំរិត​ទារ​ប្រាក់​ដែល​ជា​បទល្មើស​​ឧក្រិដ្ឋ​​ ។

លោក​ឧត្តម​សេនីយ៍​បន្ត​ថា បើ​ទោះ​បី​ជា​​សាល​ក្រម​របស់​សាលា​ដំបូង​​បានចេញ​ដោយ​​កំបាំង​មុខ​លើ​ជន​​ដែល​ត្រូវ​ចោទ​រួច​ហើយ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ជន​នេះ​បាន​គេច​ខ្លួន​ពួន​អាត្មា​ដើម្បី​គេច​វេះ​​ពី​សំណាញ់​ច្បាប់ ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​ចាប់​ជំរិត​​កូន​មេ​បញ្ជា​ការ​ប៉េអឹម​​ខេត្ត​សៀម​រាប ទារ​ប្រាក់​​បាន​សំរេច​ជាង​៨​មឺុន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។ ដោយ​សារ​​​ការ​ដាស់​តឿន​​ជំរុញ​យ៉ាង​សកម្ម​ពី​សំណាក់​លោក​នាយ​ឧត្តម​សេនីយ៍​​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​ក្នុង​នាម​រូប​លោក​ជា​ប្រធាន​ការិយា​ល័យ​ស្រាវ​ជ្រាវ​បង្ក្រាប​បទល្មើស​​​ព្រហ្ម​ទណ្ឌ​ លោក​​បាន​ប្រើ​ប្រាស់​​គ្រប់​ជំនាញ​ និង​រាយ​បណ្តាញ​​ស្វែង​រក​ជន​ល្មើស​រហូត​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន ​ទោះ​បី​ជា​​ជន​នោះ​​ផ្លាស់​ប្តូរ​មុខ​របរ​​ និង​ទៅ​ដល់​ទី​ណា​ក៏​ដោយ ។ ក្រោយ​ពី​ចាប់​ខ្លួន​ហើយ​នៅ​ព្រឹក​​ថ្ងៃ​ទី១៩ មករា លោក​បាន​បំពេញ​​ឯក​សារ​​ទទួល​និង​ប្រគល់​​ជន​ជាប់​ចោទ​ឱ្យ​ទៅ​សមត្ថ​កិច្ច​​កង​រាជ​​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប ដើម្បី​នាំ​​ទៅ​ជូន​តុលា​ការ​សាលា​ដំបូង​​​ខេត្ត​យក​ទៅ​ឃុំ​​ខ្លួន​តាម​​បទ​ល្មើស​​ដែល​សាល​ក្រម​បាន​សំរេច​ផ្តន្ទា​ទោស​​រួច​ហើយ​នោះ ។

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​​ទី​៦ មីនា ឆ្នាំ​២០០៩ ​មាន​អំពើ​​ចាប់​កូន​ស្រី​លោក​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប​យក​ទៅ​ឃុំ​​ទុក ​ហើយ​ជំរិត​ទារ​ប្រាក់​ប្រមាណ​៨​​ម៉ឹន​ដុល្លារ​​សហ​រដ្ឋ​អាមេរិក ។ អំពើ​ល្មើស​នោះ​ប្រព្រឹត្ត​ឡើង​ដោយ​ជន​មួយ​ក្រុម​​មាន​បក្ស​ពួក​ពី​៦​ទៅ​៧​នាក់ ក្រោម​រូប​ភាព​ក្លែង​ខ្លួន​ស្លៀក​​សំលៀក​បំពាក់​​ធ្វើ​ដូច​សមត្ថ​កិច្ច​​មាន​ទាំង​អាវុធ​ និង​​ដំបង​​ឆក់ ដាក់​​របៀប​កំលាំង​ឆែក​ឆេរ​​អាវុធ​ជាតិ​ផ្ទុះ នៅ​ចំណុច​ភូមិ​វត្ត​បូព៌ ឃុំ​សាលា​​កំរើក ខេត្ត​សៀម​រាប ។ ខណៈ​ពេល​កូន​​លោក​មេ​បញ្ជា​ការ​ប៉េអឹម​​ខេត្ត​ចេញ​ពី​សាលា​​​ក៏​ត្រូវ​ពួក​គេ​ស្ទាក់​ចាប់​​​​នាំ​យក​ទៅ​ឃុំ​ខ្លួន​កន្លែង​ស្ងាត់​​មួយ​រួច​ចាប់​ផ្តើ​មទូរស័ព្ទ​​​គំរាម​ជំរិត​ទារ​ប្រាក់​​ ។ ដំបូង​​ក្រុម​ឧក្រិដ្ឋ​ជន​ទារ​១០​ម៉ឺន​ដុល្លារ​សហ​​រដ្ឋអាមេ​រិក ប៉ុន្តែ​ក្រោយ​មក​បាន​ត្រូវ​​រ៉ូវ​គ្នា​​នៅ​ត្រឹម​​៨​ម៉ឺន​ដុល្លារ រួច​ហើយ​ប្រាក់​​ត្រូវ​បាន​ប្រគល់​ឱ្យ​ជន​ល្មើស។​ រីឯ​ជន​រង​គ្រោះ​​ត្រូវ​គេ​ដោះ​លែង​មក​វិញ ​តាម​ការ​ព្រម​ព្រៀង ។

ក្រោយ​ពី​កើត​មាន​សកម្ម​ភាព​​​ចាប់​ជំរិត​​កូន​មេ​ប៉េអឹម​​ខេត្ត​នោះ​បាន​​ប៉ុន្មាន​​ថ្ងៃ​មក ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់ ដែល​ជា​សមា​ជិក​ក្រុម​​រួម​គំនិត​ធ្វើ​សកម្ម​ភាព​នោះ ១-ឈ្មោះ​ផាន់ គឹម​សាន ហៅ​ជា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២-ឈ្មោះ​ចក់ ចាន់​នឿន ហៅ​ជេន ភេទ​ប្រុស អាយុ​​២៣​ឆ្នាំ ៣-ឈ្មោះ​លឿត សុកញ្ញា​រិទ្ធ ហៅ​ពៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ពួក​គេ​សុទ្ធ​​តែ​​ជា​សមា​សភាព​​សន្តិ​សុខ​​ឯក​ជន និង​៤-ឈ្មោះ​​សំ សាម៉ៃ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ​ជា​ម្ចាស់​ផ្ទះទី​តាំង​​​លាក់​​ជន​រង​គ្រោះ ។ បន្ទាប់​ពី​ចាប់​ខ្លួន​​ជន​ជាប់​ចោទ​ទាំង​៤​នាក់ ​បាន​ត្រូវ​តុលា​ការ​សាលា​ដំបូង​​ខេត្ត​សៀម​រាប ​​បើក​សវនា​ការ​សំរេច​ផ្តន្ទា​ទោស​​ចំពោះ​មុខ​​ដាក់​ពន្ធ​នា​គារ​ក្នុង​​ម្នាក់ៗ​​១៥​ឆ្នាំ ។ ​ចំណែក​​មេ​ខ្លោង​​ឈ្មោះ​ចក់ ចាន្នី និង​គូ​កន​ម្នាក់​ទៀត​ឈ្មោះ​សយ ខ្នា ដែល​បាន​​គេច​ខ្លួន​ តុលា​ការ​បាន​សំរេច​ផ្តន្ទា​ទោស​​កំបាំង​មុខ​ដាក់​ពន្ធ​នា​គារ​ម្នាក់ៗ​​រយៈ​ពេល​១៧​ឆ្នាំ​គិត​ពី​ថ្ងៃ​​ចាប់ខ្លួន​បាន ។ ពេល​នេះ​ចាប់​បាន​​មេ​ខ្លោង​ម្នាក់​ហើយ​ នៅ​សល់​ម្នាក់​ទៀត មិន​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​បាន​ឡើយ ៕