ទីបំផុតយន្តហោះបូអ៊ីង៧៤៧មានអត្តលេខ៧៣ របស់ក្រុមហ៊ុនអាកាសចរណ៍ Pan Am ក៏មកដល់បន្ទាបខ្លួនចុះព្រលានយន្តហោះការ៉ាជី ប្រទេសប៉ាគីស្ថាន ។ ទ្វារយន្តហោះចាប់បើកទទួលអ្នកដំណើរ ។ ម៉ៃឃ៍ ចន ថិចតុន (Mike John Thex Ton) ម្នីម្នាឡើងតាមជណ្តើរជាមួយភ្ញៀវឯទៀត ។ អ្នកស្វាគមន៍គាត់មុនគេត្រង់ទ្វារយន្តហោះគឺនារីបម្រើលើយន្តហោះដ៏ស្រស់ច្រឡឹងជនជាតិឥណ្ឌា ។
ថិចតុនជាសាស្ត្រាចារ្យផ្នែកទេវវិទ្យា នៅមហាវិទ្យាល័យខេមប្រ៊ីដ ប្រទេសអង់គ្លេស ទើបតែត្រឡប់ពីពូនផ្នូរបងប្រុសភីធី (Pete) លើខ្នងភ្នំស្មុគស្មាញគ្រោះថ្នាក់ឈ្មោះ Broad Peak ក្នុងប្រទេសប៉ាគីស្ថាន ។ ភីធី បងប្រុសថិចតុន ជាវេជ្ជបណ្ឌិត ។ កាលពី៣ឆ្នាំមុន គាត់រងគ្រោះបាត់បង់ជីវិតពេលកំពុងតស៊ូជាមួយមិត្តភក្តិរួមក្រុមធ្វើដំណើរឡើងកំពូលភ្នំ Broad Peak ហើយក៏បានមិត្តភក្តិបញ្ចុះសពនៅទីនោះតែម្តង ។ ថិចតុន ជំនួសមុខគ្រួសារមកប៉ាគីស្ថាន មើលផ្នូរបងប្រុសជាទីនឹករលឹក ចប់ការងារក៏ប្រុងធ្វើដំណើរទេសចរណ៍ទៅអាមេរិក ។
បន្ទាប់ពីស្វាគមន៍ថិចតុនរួច ស្រាប់តែនារីបម្រើយន្តហោះស្រស់ច្រឡឹងនោះសម្តែងការងឿងឆ្ងល់ ខំសំឡឹងរថយន្តដឹកកងសន្តិសុខព្រលានយន្តហោះមួយគ្រឿងដែលមានវត្តមានខុសប្រក្រតី និងកំពុងបើកតម្រង់មក ។ ចំណែកថិចតុនអត់បានចាប់អារម្មណ៍អ្វីទាំងអស់ រលះរលាំងទៅរកកន្លែងអង្គុយ ។ ចូលដល់ក្នុងទើបគាត់ដឹងថា លេខកៅអីរបស់ខ្លួន គឺ13B ។ គាត់ភ្ញាក់បន្តិច តែប្រញាប់នឹកឃើញវិញ ញញឹមនិយាយប្រាប់ខ្លួនឯងថា កុំរវល់រឿងអប្បិយជំនឿ។ លុះគាត់លើកហិបអីវ៉ាន់ផ្ទាល់ខ្លួនដាក់ឡើងធ្នើរ ស្រាប់តែឮមានសំឡេងចលាចលត្រង់ទ្វារយន្តហោះដែលខ្លួនទើបចូលផុតអម្បាញ់មិញ ព្រមជាមួយនោះឃើញមនុស្សប្រុស៤នាក់ក្នុងឯកសណ្ឋានជាកងសន្តិសុខព្រលានយន្តហោះ កំពុងរេកាណុងកាំភ្លើង AK ភ្ជង់អ្នកដំណើរ ។ ភ្លែត! នារីបម្រើលើយន្តហោះ ជនជាតិឥណ្ឌាស្ទុះសំដៅទូរស័ព្ទភ្ជាប់ជញ្ជាំងចុចលេខប្រកាសអាសន្ន ផ្តល់ព័ត៌មានដល់ក្រុមអាកាសយានិកឱ្យប្រញាប់គេចខ្លួន ព្រោះភេរវករមកដល់ហើយ ។ នាងប្រកាសអាសន្នរួច ល្មមពេលភេរវករម្នាក់រត់តាមភ្ជង់ក្បាលនាងបញ្ជាឱ្យថយឆ្ងាយពីទូរស័ព្ទ ហើយវាបញ្ជាឱ្យអ្នកឯទៀតអង្គុយចុះលើកដៃទាំងពីរឡើងលើ ។ បន្ទាប់មកវាឱនខ្សឹបដាក់ត្រចៀកនារីបម្រើលើយន្តហោះនោះ ។ គ្មានអ្នកណាដឹងថា វាខ្សឹបរឿងអ្វីទេ ឃើញតែនារីបម្រើលើយន្តហោះដ៏ស្រស់ច្រឡឹងងក់ក្បាលផ្ងក់ៗ រួចហើយនាងប្រកាសយ៉ាងនឹងនរឮច្បាស់គ្រប់គ្នា «សូមជម្រាបអតិថិជនជាទីគោរពទាំងអស់! យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Pan Am មានអត្តលេខ៧៣ នេះ ត្រូវបង្ក្រាបដោយអង្គការ Abu Nidal ហើយ។ សូមអតិថិជនជាទីគោរពធ្វើអ្វីដែលជាសំណូមពររបស់អង្គការ Abu Nidal បើមានសកម្មភាពខុសធម្មតានឹងត្រូវបាញ់ប្រហារចោល!» ។
ថិចតុន ត្រជាក់ខ្លួនស្រេងដឹងច្បាស់ថា អ្វីកំពុងកើតឡើង ។ ពេលវេលាកន្លងយឺតៗ ។ ពួកភេរវករដើររុករើពេញក្នុងយន្តហោះ ។ ថិចតុន មិនដឹងសកម្មភាពបន្តរបស់ពួកវាជាស្អី ។ បើថាប្លន់យន្តហោះដើម្បីគេចខ្លួន ម៉្លេះពេលនេះពួកវាបង្ខំអ្នកបើកបរឱ្យហោះឡើងហើយ ។ ប៉ុន្តែយន្តហោះនៅចតស្ងៀមដដែល អត់មានបញ្ឆេះម៉ាស៊ីន ។ ប្រព័ន្ធម៉ាស៊ីនត្រជាក់រលត់តាំងពីយូរធ្វើឱ្យស្អុះស្អាប់ពេញយន្តហោះ ។ ថិចតុនសំឡឹងចេញក្រៅតាមបង្អួច ចង់ឱ្យកម្លាំងប្រឆាំងភេរវកម្មមកជួយឆាប់ៗ តែបំណងនេះមើលទៅប្រហែលអត់ប្រយោជន៍ទេ ព្រោះចំណតយន្តហោះទាំងមូលស្ងាត់ច្រៀប គ្មានអ្វីជាសញ្ញានៃការមកដល់របស់កម្លាំងនោះឡើយ ។
ឃើញអ្នកដំណើរចេះតែលួចមើលចេញក្រៅតាមបង្អួច ពួកភេរវករបញ្ជាឱ្យបិទបង្អួចយន្តហោះទាំងអស់ ហើយអាម្នាក់ដើរមកខាងថិចតុន។ វាសំឡឹងមុខអ្នកដំណើរម្នាក់ម្តងៗ រួចបញ្ឈប់កន្ទុយភ្នែកត្រឹមបុរសឥណ្ឌាដែលនៅឃ្លាតពីថិចតុនមួយជួរកៅអី ចេញបញ្ជាឱ្យបុរសឥណ្ឌារូបនោះដើរសំដៅទៅទ្វារយន្តហោះ ។ ពេលទ្វារយន្តហោះ បើកបង្ហើប ថិចតុនឮពួកភេរវករស្រែកដាក់កំហិតប្រាប់អ្នកណាម្នាក់កំពុងឈរលើផ្លូវសម្រាប់ហោះហើរ ។ ក្រោយមកទើបគាត់ដឹងថា អ្នកនោះ គឺលោកវីរ៉ាហ្វ ដារ៉ូហ្គា (Viraf Daroga) នាយកសាខាក្រុមហ៊ុន Pan Am ប្រចាំក្រុងការ៉ាជី ។ ពួកភេរវករស្រែកបញ្ជាខ្លាំងៗ «បើពួកឯងមិនឱ្យក្រុមអាកាសយានិកមកបើកយន្តហោះទេ ២០នាទីទៀតអាឥណ្ឌាម្នាក់នេះនឹងស្លាប់!» ។ ថ្វីបើថា២០នាទី តែនិយាយផុតពីមាត់ភ្លាម វាបាញ់មួយគ្រាប់ចំក្បាលបុរសឥណ្ឌានោះ ហើយធាក់ទម្លាក់សពចុះក្រោម។ អ្នកដំណើរទោះតក់ស្លុតបន់ដូនបន់តារៀងៗខ្លួន តែគ្រប់គ្នានៅតែមានអារម្មណ៍ថា ខ្លូនសំណាងល្អគួរសមដែរ ដែលបាននារីបម្រើលើយន្តហោះប្រកាសអាសន្នជួយឱ្យក្រុមអាកាសយានិកគេចខ្លួនទាន់ពេលវេលា ទើបយន្តហោះមិនអាចទៅណាបាន ។
ពួកភេរវករត្រឡប់ចូលក្នុងវិញ ប្រាប់អ្នកដំណើរឱ្យយកលិខិតឆ្លងដែនរៀងៗខ្លួនលើកឡើងខ្ពស់ដើម្បីឱ្យនារីបម្រើលើយន្តហោះដើរប្រមូលឱ្យវាពិនិត្យ ។ គំនិតមួយផុសឡើងភ្លាម ថិចតុន ដឹងថា ពួកភេរវករនឹងស្វែងរកសញ្ជាតិអ្នកដំណើរដែលជាមុខសញ្ញារបស់ខ្លួនតាមរយៈលិខិតឆ្លងដែន បើគាត់លាក់លិខិតឆ្លងដែនហើយហុចតែស្រោមលិខិតឆ្លងដែនទៅនារីបម្រើលើយន្តហោះ នោះពួកវាមិនដឹងថា គាត់សញ្ជាតិអ្វីទេ ។ ប៉ុន្តែលុះនារីបម្រើលើយន្តហោះមកដល់ ស្រាប់តែគាត់បែរជាអត់ហ៊ានធ្វើអ៊ីចឹងខ្លាចពួកភេរវករក្រពុលមុខ រឹងតែគ្រោះថ្នាក់ ។ ដឹងអីមានប្រការមួយដែលគាត់ស្មានមិនដល់ គឺនារីបម្រើលើយន្តហោះដ៏ស្រស់ច្រឡឹងនោះក្លាហានជាងគាត់ទៅទៀត ។ នាងដឹងថា អ្នកដំណើរសញ្ជាតិអាមេរិក នឹងក្លាយជាមុខសញ្ញាត្រូវពួកភេរវករសម្លាប់ចោលភ្លាមៗ ហេតុនេះឱ្យតែលិខិតឆ្លងដែនសញ្ជាតិអាមេរិកនាងបន្លំលាក់ក្នុងខ្លួនយ៉ាងប៉ិនប្រសប់គ្មានភេរវកររូបណាមើលទាន់ ។ ប៉ុន្តែស្មានមិនដល់សោះថា ភាពក្លាហានរបស់នាងត្រឡប់ជាគ្រោះថ្នាក់សម្រាប់ថិចតុនទៅវិញ ។ ពេលមិនឃើញមានលិខិតឆ្លងដែនសញ្ជាតិអាមេរិក ពួកភេរវករប្តូរទៅមុខសញ្ញាសញ្ជាតិអង់គ្លេសភ្លាម ដូច្នេះថិចតុនជាគោលដៅទីមួយ ។
ភេរវករម្នាក់លើកលិខិតឆ្លងដែនថិចតុនឡើងខ្ពស់ ស្រែកសួរខ្លាំងៗ «អ្នកណាឈ្មោះម៉ៃឃ៍ ចន ថិចតុន សូមក្រោកឈរ!» ។ ថិចតុន ព្រឺក្បាលខ្ញាក ប្រុងអង្គុយស្ងៀមតទៅទៀត ព្រោះយល់ថា ពួកវាមិនដឹងគាត់ជាអ្នកណាទេ តែដំណាលនឹងគំនិតនេះគាត់ស្រាប់តែភ្ញាក់ព្រើតពេលចោលកន្ទុយភ្នែកមើលទៅលើ ។ ស្លាកឈ្មោះគាត់លៀនចេញពីហឹបអីវ៉ាន់លើធ្នើរឃើញច្បាស់ អាម្មរណ៍នឹកប្រូចភ្លាមដល់កៅអីរបស់ខ្លួនលេខ១៣ វានេះពិតជាលេខស៊យមែនហើយ ។ ទាល់តែអាភេរវករសួរដល់លើកទីបួន ទើបថិចតុនដាច់ចិត្តក្រោកឈរ ។ ពួកវាចាប់គាត់ឱ្យដាក់បាតដៃក្តោបកញ្ចឹង.ក ហើយបណ្តើរសំដៅទ្វារយន្តហោះ ។ អាម្នាក់បង្ហើបទ្វារយន្តហោះស្រែកខ្លាំងៗចុះក្រោម «យើងត្រូវការក្រុមអាកាសយានិក បើមិនឆ្លើយតបបំណងពួកយើងទេ អ្នកដំណើរទីពីររូបនេះត្រូវបាញ់សម្លាប់ទៀត!» ។
ថិចតុន ទទួលអារម្មណ៍ដូចខាងមុខងងឹតស្លុបគ្រប់កន្លែង ។ វាសនាខ្លួនប្រហែលជាមិនខុសពីបុរសឥណ្ឌាមុននេះទេ ។ គ្មានពេលណាគាត់ស្រេកឃ្លានចង់និយាយទូរស័ព្ទទៅរកគ្រួសារដូចពេលនេះឡើយ គឹនិយាយពាក្យសុំលាជាមួយលោកឪពុក ជាមួយអ្នកម្តាយ និងជាមួយមិត្តស្រី។ គាត់ហាក់ដូចជាចង់ឆ្កួតពេលនឹកឃើញឪពុកម្តាយទើបតែបាត់បង់បងភីធី ប៉ុន្មានឆ្នាំសោះ ឥឡូវត្រូវបាត់បង់គាត់ទៀត ។
ពួកភេរវករដឹកថិចតុនពីទ្វារយន្តហោះនាំចូលបន្ទប់ទំនេរមួយ ហើយដាក់ចោលក្នុងនោះ។ បន្ទាប់ពីពួកវាចេញអស់ស្រាប់តែថិចតុននឹកឃើញដល់ការបង្រៀនរបស់ខ្លួនខាងផ្នែកទេវវិទ្យា ដែលពេលខ្លះត្រូវសម្តែងកាយវិការបង្ហាញនិស្សិតពីវិធីសក្ការៈរបស់សាសនានីមួយៗ ចុះហេតុម៉េចពេលនេះមិនផ្សងព្រេងក្លែងខ្លួនជាជនមូស្ល៊ឹមសាកមើល ពួកភេរវករសុទ្ធតែមូស្ល៊ឹមតើ ។ បើអាចធ្វើឱ្យពួកវាយល់ច្រឡំស្មានថា គាត់ជាអ្នកកាន់សាសនាអ៊ិស្លាមដែរ សេចក្តីសង្ឃឹមនឹងមានឡើងវិញមិនខាន ។ គិតឃើញភ្លាមគាត់ចាប់ផ្តើមឈរក្រាបៗ បោកថ្ងាសលើកម្រាលព្រំយន្តហោះ គ្រប់កាយវិការថ្វាយបង្គំព្រះរបស់ពួកមូស្ល៊ឹម ធ្វើហើយធ្វើទៀត ម្នាក់ឯងរាប់ម៉ោងរហូតដល់ឈឺខ្លួនឈឺប្រាណស្ទើររឡេះដៃជើង ឯថ្ងាសក៏ឡើងក្រហមរលោង ។
ពួកភេរវករចេះតែលួចមើលពីចម្ងាយ ។ ប្រហែលពួកវាកំពុងគិតថា បុរសអង់គ្លេសម្នាក់នេះ កាន់សាសនាអ៊ិស្លាមដែរ មិនមែនកូនចៅកាតូលិកទេ ។ ភ្លាមនោះអាម្នាក់ក្រោកក្រេសដើរចូលបន្ទប់សើចដាក់គាត់ ព្រមទាំងឧទ្ទេសនាមខ្លួនឯងឈ្មោះអាល់ សាហ្វារីនី (Al Safarini) រួចសួរគាត់ថា មានប្រពន្ធហើយនៅ? ថិចតុនឆ្លើយថា មិនទាន់មានទេ តែមានមិត្តស្រី ។ អាល់សាហ្វារីនី សម្តែងកាយវិការកាន់តែស្និទ្ធស្នាល និងនិយាយសុំទោសជាមុនប្រសិនបើមានរឿងអាក្រក់ណាមួយកើតឡើង ។ វានិយាយទៀតថា វាក៏ចង់ផឹកស្រា និងដើរលេងជាមួយមិត្តស្រីដែរទាស់តែអង្គការតម្រូវឱ្យចូលរួមក្នុងសកម្មភាពនេះទៅវិញ ។
ថិចតុន បាននិយាយលេងយូរគួរសមជាមួយអាល់ សាហ្វារីនី ។ មើលទៅពួកវាកំពុងស្ថិតក្នុងភាពទ័លច្រក ។ សញ្ញាខ្វល់ខ្វាយបង្ហាញច្បាស់លើផ្ទៃមុខអាល់ សាហ្វារីនី ។ ឥឡូវទើបថិចតុនកត់សម្គាល់បានថា ពួកភេរវករនៅចំពោះមុខគាត់សុទ្ធតែអាពួកគ្មានជំនាញច្បាស់លាស់ ផែនការច្របូកច្របល់ជាសញ្ញានៃការខ្វះបទពិសោធន៍ ។ សេចក្តីសង្ឃឹមស្រាប់តែផុសឡើងវិញក្នុងខួរក្បាលថិចតុន ។ ពេលវេលាឆ្លងផុត១៦ម៉ោងហើយចាប់តាំងពីនាទីពួកភេរវករបង្ហាញខ្លួនលើយន្តហោះរហូតដល់ពេលនេះ តែសញ្ញាណាមួយនៃកម្លាំងប្រឆាំងភេរវកម្មនៅតែស្ងាត់ឈឹងដដែល ។ អ្នកដំណើរតក់ស្លុតហេវហត់គ្រប់គ្នា ។
ស្រាប់តែអំពូលភ្លើងក្នុងយន្តហោះរលត់អស់រលីង ។ ឧបករណ៍ផ្តល់អគ្គិសនីលើយន្តហោះខ្វះឥន្ធនៈពុំអាចបម្រើបានយូរលើស១៦ម៉ោងឡើយ ។ ប៉ុន្តែពួកភេរវករអត់យល់ប្រការនេះឯណា ឃើញភ្លើងរលត់ស្មានថាកម្លាំងរំដោះចំណាប់ខ្មាំងមកដល់ចាប់ផ្តើមធ្វើសកម្មភាព ។ អាល់ សាហ្វារីនី តក់ស្លុតរុញថិចតុនទៅកៅអីមួយនៅបន្ទប់កណ្តាល ។ អាប៉ុន្មាននាក់ទៀតស្រែកជ្រួលច្របល់ ។ បន្ទាប់មកស្រាប់តែពួកវាហ៊ោព្រមៗគ្នា Jihad! Jihad!… រួចបាញ់រះ និងចោលគ្រាប់បែកលើហ្វូងអ្នកដំណើរដែលត្រូវចាប់ខ្លួនជាចំណាប់ខ្មាំង ។
ថិចតុនស្ទុះក្រាបលើកម្រាលព្រំលើកដៃក្តោបក្បាលដំណាលពេលជុំវិញខ្លួនឮតែសម្រែកឈឺចាប់លាន់កងរំពង លាយឡំស្នូរជើងរត់ច្របូកច្របល់ បន្ទាប់ពីស្ងាត់ស្នូរគ្រាប់កាំភ្លើង ។ ថិចតុន លូកដៃស្ទាបៗប៉ះទ្វារមួយ តែលុះបើកឡើងឃើញវាមិនមែននាំផ្លូវទៅរកទ្វារយន្តហោះ ដែលមានជណ្តើរចុះទៅក្រោមទេ គឺនាំទៅរកស្លាបយន្តហោះទៅវិញ ។ ទោះដូច្នេះក្តីតើមានពេលឯណារកផ្លូវផ្សេងប្រសើរជាងនេះទៀត គាត់ម្នីម្នាលោតឡើងស្លាបយន្តហោះតែម្តង ហើយរំកិលៗរកកន្លែងចុះដី ។
នៅលើផ្លូវសម្រាប់ហោះហើរ អ្នកដំណើរកំពុងរត់ប្រសេចប្រសាចយកប្រាសអាយុរៀងៗខ្លួន។ ពួកគេទើបតែចុះផុតពីយន្តហោះដែរ។ ថិចតុន រត់ទៅជាមួយគេ ដោយរត់ផងងាកក្រោយមើលយន្តហោះផង ។ គាត់ឃើញមានខ្សែពួមួយសំយុងចុះពីបន្ទប់បើកបរបានសេចក្តីថា ក្រុមអាកាសយានិករំដោះខ្លួនតាមខ្សែពួនោះ ខណៈមានការផ្តល់សញ្ញាអាសន្នពីនារីបម្រើលើយន្តហោះ ។ ពេលនេះទើបឃើញកម្លាំងពិសេសអោបកាំភ្លើងលូនសំដៅយន្តហោះយ៉ាងប្រុងប្រយ័ត្ន ។ ទាល់តែស្ងាត់ស្នូរកាំភ្លើង និងគ្រាប់បែក ទើបពួកគេហ៊ានមក ។
ថិចតុន មិនទាន់ទុកចិត្តនៅឡើយថា រឿងអាក្រក់លែងមានទៀត ។ គាត់និងអ្នកដំណើរ ២-៣នាក់រត់ចូលបន្ទប់មួយរបស់ព្រលានយន្តហោះការ៉ាជី សម្ងំចាំស្តាប់សភាពការណ៍ ។ កន្លះម៉ោងក្រោយឃើញមន្ត្រីម្នាក់ចូលតាមប្រាប់ថា ពួកភេរវករត្រូវចាប់ខ្លួនអស់ហើយ ។ គាត់ធូរទ្រូងខ្សាក ។
ស្អែកឡើងអានកាសែត ថិចតុនមានអារម្មណ៍ថាខ្លួនសំណាងល្អមែនទែន ។ ក្នុងព្រឹត្តិការណ៍ម្សិលមិញ អ្នកដំណើរស្លាប់អស់២០នាក់ និងត្រូវរបួសធ្ងន់ស្រាលរហូតដល់ជាង១០០នាក់ ។ នារីបម្រើលើយន្តហោះជនជាតិឥណ្ឌាដ៏ស្រស់ច្រឡឹងក៏ត្រូវស្លាប់ដែរ ។ នាងស្លាប់ដោយគ្រាប់កាំភ្លើង៣គ្រាប់ពេលស្ទុះចូលយករាងកាយខ្លួនពាំងការពារកុមារម្នាក់។ នារីដ៏ក្លាហាន និងឆ្លាតវៃនោះឈ្មោះ Neerjar Bhanot អាយុ២១ឆ្នាំ។ ប្រព័ន្ធឃោសនាប៉ាគីស្ថានជូនព័ត៌មាន៖ «កម្លាំងពិសេសវាយលុកសម្រុកចូលក្នុងយន្តហោះ រំដោះបានអ្នកដំណើរជាច្រើន»។ ថិចតុនញញឹមហួសចិត្ត ។ គាត់ដឹងច្បាស់ កម្លាំងពិសេសទាល់តែអ្នកដំណើរចេញអស់ពីយន្តហោះ ទើបហ៊ានចូលជិតយន្តហោះ។ អ្នកដំណើរអាចរត់គេចចេញពីយន្តហោះបាន ព្រោះពួកភេរវករស្លន់ស្លោខ្លួនឯងបាញ់ទាល់តែអស់គ្រាប់ ។ សព្វថ្ងៃថិចតុន ក្លាយជាជំនាញការម្នាក់ខាងចរចាជាមួយភេរវករ។ គាត់តែងឧទ្ទេសនាមជំនាញនេះតាមបណ្តាសាលាបណ្តុះបណ្តាលប៉ូលិស៕
ចែករំលែកព័តមាននេះ