យោងតាមលោកស្រី Elisabeth Rothenberg ជនជាតិស៊ុយអែត ជាអ្នកជំនាញផ្នែករបបអាហារ និងជាវេជ្ជបណ្ឌិតផ្នែកឱសថបានឱ្យដឹងថា មនុស្សចាស់ដែលចូលវ័យចាប់ពី៦៥ឆ្នាំឡើងទៅ តែងតែខ្វះនូវវីតាមីន D ដោយសារស្បែកមានភាពស្ងួត ហើយគួរតែពិសាម្ហូបអាហារដែលសម្បូរវីតាមីន D ឱ្យបានច្រើន ។
លោកស្រីបានបន្តថា លទ្ធផលនៃការសិក្សាជាច្រើនបានបង្ហាញថា វីតាមីន Dមានសារសំខាន់សម្រាប់ប្រឆាំងនឹងជំងឺឆ្អឹង, បញ្ហាសាច់ដុំ, រោគទឹកនោមផ្អែម, ជំងឺធាត់, ជំងឺបេះដូង, ជំងឺមហារីក, ជំងឺឆ្លង, ជំងឺវិកលចរិត និងអាការល្ហិតល្ហៃ ជាដើម។
លោកស្រីបានចេញនូវលិខិតបញ្ជាក់មួយទៅផ្នែកការិយាល័យគ្រប់គ្រងម្ហូបអាហាររដ្ឋាភិបាលស៊ុយអែត ដោយបានពន្យល់ថា ព្រោះតែភាពត្រជាក់នៃរដូវរងានៅក្នុងតំបន់ប្រទេសអឺរ៉ុបខាងជើង ប្រជាជនជាច្រើនត្រូវការវីតាមីន D ដើម្បីជួយសម្រួលអាហារូបត្ថម្ភផ្សេងៗសម្រាប់មនុស្សចាស់។
លោកស្រីបានលើកយកនូវបទដ្ឋានដែលជាលទ្ធផលស្រាវជ្រាវរបស់អាមេរិកមកបង្ហាញថា វីតាមីន D គឺពិតជាអ័រម៉ូនមួយប្រភេទដែលមាននៅក្នុងសរសៃប្រសាទសម្រាប់ជួយដល់រាងកាយឱ្យទទួលនូវអាហារូបត្ថម្ភ។ លោកស្រីបានបន្តទៀតថា ចំពោះមនុស្សចាស់ មិនជាបញ្ហាទេនៅពេលដែលគាត់ឡើងទម្ងន់បន្តិចបន្តួច ដោយហេតុថា ការបរិភោគនូវអាហារសម្បូរជីវជាតិគឺជាការប្រសើរបំផុតសម្រាប់សរីរាង្គស្រូបយកវីតាមីននិងសារធាតុបំប៉នផ្សេងៗ ហើយវីតាមីន D គឺមាននៅក្នុងម្ហូបអាហារទាំងនោះ ។
លោកស្រីបានសំណូមពរឱ្យប្រជាជនគួរតែ បរិភោគអាហារដែលសម្បូរសារធាតុខនិជ និងចៀសវាងអាហារដែលផ្តល់ថាមពលតែមួយមុខ ប៉ុន្តែមានវីតាមីនទាប ឬក៏គ្មានសោះ ។ ជាចុងក្រោយលោកស្រីបានបញ្ជាក់ថា « ស្រូវសាលី បន្លែស្លឹកពណ៌បៃតង និងសាច់ត្រី ជាអាហារដ៏ល្អបំផុតសម្រាប់មនុស្សចាស់ » ៕
ចែករំលែកព័តមាននេះ