សារព័ត៌មានបរទេសផ្សាយឱ្យដឹងថា ព្រះជាយា ឆាលីន ដែលកាលពីមុននេះមានលេចឮដំណឹងថា បានគេចខ្លួនចេញពីប្រទេសម៉ូណាកូ មុនពេលរៀបអភិសេកជាមួយព្រះអង្គម្ចាស់អាល់ប៊ើត បច្ចុប្បន្នបានហាមព្រះអង្គម្ចាស់អាល់ប៊ើត មិនឱ្យទាក់ទងជាមួយនាងនីកូ កូស្តេ ស្ត្រីបម្រើតាមយន្តហោះជនជាតិតូហ្គោ អតីតគូស្នេហ៍ដែលមានកូនអាយុ៦ឆ្នាំហើយជាមួយព្រះអង្គម្ចាស់អាល់ប៊ើតជាដាច់ខាត ។
តាមទស្សនាវដ្តី «ប៉ារីសមា់ត់» របស់បារាំងបានឱ្យដឹងថា ម្ចាស់ក្សត្រីឆាលីន អតីតកីឡាការិនីហែលទឹក អូឡាំពិករបស់អាហ្វ្រិកខាងត្បូង បានដកឈ្មោះនាងនីកូ កូស្តេ ចេញពីភ្ញៀវចូលរួមក្នុងពិធីបុណ្យសមាគមកាកបាទក្រហមម៉ូណាកូ ព្រោះគ្មានបំណងចង់ឱ្យព្រះអង្គម្ចាស់អាល់ប៊ើត ពាក់ព័ន្ធជាមួយអតីតគូស្នេហ៍ និងបានហាមព្រះអង្គម្ចាស់ឱ្យឈប់ទាក់ទងជាមួយអតីតគូស្នេហ៍ខាងលើ ។
ស្របពេលជាមួយគ្នានេះ បណ្តាញព័ត៌មានក្នុងរាជវង្សម៉ូណាកូ បានឱ្យដឹងថា ម្ចាស់ក្សត្រីឆាលីន ធ្លាប់បានអត់ធ្មត់ចំពោះការបង្ហាញខ្លួនរបស់នាងនីកូ នៅក្នុងពិធីបុណ្យសមាគមកាកបាទក្រហមម៉ូណាកូ កាលពីឆ្នាំមុន ជាអំឡុងពេលដែលព្រះនាងបានភ្ជាប់ពាក្យជាមួយព្រះអង្គម្ចាស់អាល់ប៊ើត ប៉ុន្តែបច្ចុប្បន្នក្រោយពីអភិសេករួចម្ចាស់ក្សត្រីឆាលីន នឹងគ្មានភាពអត់ធ្មត់ទៀតឡើយ។ ទស្សនាវដ្តី «អេល អ៊ិចប្រេស» របស់បារាំងផ្សាយថា ម្ចាស់ក្សត្រីឆាលីន បានដឹងថា ព្រះអង្គម្ចាស់អាល់ប៊ើត មានកូនជាមួយស្ត្រីទី៣ ដោយមានបញ្ជាក់ពីលទ្ធផលពិនិត្យ DNA ផងដែរ ។
កាលពីខែមុន ប្រភពពីរាជវង្សម៉ូណាកូបញ្ជាក់ថា ព្រះនាងឆាលីន ធ្លាប់ធ្វើកិច្ចសន្យាជាមួយព្រះអង្គម្ចាស់អាល់ប៊ើត បន្ទាប់ពីព្រះនាងបានគេចពីពិធីរៀបអភិសេក ដើម្បីឱ្យព្រះអង្គម្ចាស់អាល់ប៊ើត យល់ព្រមថា ព្រះអង្គនឹងផ្តល់បុត្រដល់ព្រះនាងដើម្បីធ្វើជារាជទាយាទ ហើយបើមិនបានដូចនេះទេ ព្រះនាងអាចនឹងសុំលែងលះជាមួយព្រះអង្គក្នុងអំឡុងពេលដ៏សមស្របមួយ ។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់អាល់ប៊ើត មានរហស្សនាមជា «ប្លេប៊យ» ឬព្រាននារី ដោយសារការផ្លាស់ប្តូរគូស្នេហ៍ជាច្រើននាក់ ខណៈពេលរដ្ឋាភិបាលម៉ូណាកូ ថ្លែងថា ក្រោយពីបានជួបនឹងនាងឆាលីន ព្រះអង្គម្ចាស់អាល់ប៊ើត ក៏ទទួលបានស្ត្រីដែលព្រះអង្គពេញព្រះហឫទ័យអាចផ្តល់រាជទាយាទ (មានបុត្រ) ដល់ព្រះអង្គបាន ៕
ចែករំលែកព័តមាននេះ