ប្រទេសឡាវ៖ ប្រជាពលរដ្ឋឡាវភាគច្រើនដែលបានចុះឈ្មោះស្វែងរកការងារ កំពុងចាប់អារម្មណ៍លើការងារនៅក្រៅប្រទេស ដោយសារប្រាក់ឈ្នួលទាប និងការចំណាយលើជីវភាពកើនឡើង។ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ មានអ្នកចុះឈ្មោះស្វែងរកការងារចំនួន ៧៦,៦០៤នាក់ ក្នុងនោះ ៩៣% ចង់ទៅធ្វើការនៅក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីការងារ និងសុខុមាលភាពសង្គមឡាវ លោក Phosay Sayasone បានឱ្យដឹងក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី៧ ខែតុលាថា ក្នុងរយៈពេល ៩ខែដូចគ្នា ពលរដ្ឋឡាវចំនួន ១១៩,៣៨២នាក់ ទទួលបានការងារផ្លូវការ ក្នុងនោះមាន ១៥,៧៧២នាក់ធ្វើការនៅក្នុងប្រទេស និង ១០៣,៦១០នាក់ទៅធ្វើការនៅក្រៅប្រទេស។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៦ ឡាវបានបញ្ជូនពលរដ្ឋជាង ៧០៨,០០០នាក់ទៅធ្វើការនៅបរទេស ដោយជិត ៩៥% ទៅប្រទេសថៃ។
ការធ្វើការនៅក្រៅប្រទេសក៏ជាប្រភពចំណូលសំខាន់សម្រាប់គ្រួសារ និងសេដ្ឋកិច្ចឡាវផងដែរ។ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ ពលករឡាវនៅបរទេសបានផ្ញើប្រាក់ត្រឡប់មកប្រទេសវិញប្រមាណ ៥០០,៧លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកំពុងពិចារណាដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែពី ១១៦ដុល្លារ ទៅចន្លោះប្រមាណ ១២៥ ដល់ ១៩០ដុល្លារ ប៉ុន្តែសំណើនេះមិនទាន់ទទួលបានការអនុម័តពីនាយករដ្ឋមន្ត្រីនៅឡើយទេ។
ទោះជាយ៉ាងណា អាជ្ញាធរឡាវកំពុងប្រឈមបញ្ហាពលករធ្វើការនៅក្រៅប្រទេសដោយគ្មានឯកសារត្រឹមត្រូវ និងការជ្រើសរើសពលករតាមរយៈអ្នករត់ការខុសច្បាប់។ រដ្ឋាភិបាលក៏បានផ្អាកការផ្តល់លិខិតអនុញ្ញាតការងារថ្មីដល់ពលរដ្ឋបង់ក្លាដែសរហូតដល់ចុងឆ្នាំ២០២៦ ដោយមានគោលបំណងបង្កើនឱកាសការងារសម្រាប់ពលរដ្ឋឡាវ៕
ចែករំលែកព័តមាននេះ