ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាតូត្រៀមពង្រឹងការការពារនៅសមុទ្រខ្មៅ ក្រោយមានការវាយប្រហារលើនាវាពាណិជ្ជកម្ម

4 ថ្ងៃ មុន

អន្តរជាតិ៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានប្រកាសថា ណាតូនឹងកែសម្រួលវិធានការការពារ និងទប់ស្កាត់ការគំរាមកំហែងនៅតំបន់សមុទ្រខ្មៅ តាមភាពចាំបាច់ ខណៈមានការវាយប្រហារលើនាវាពាណិជ្ជកម្មក្នុងតំបន់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

លោក Rutte បានឱ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Radev ដើម្បីពិភាក្សាអំពីការវាយប្រហារនាពេលថ្មីៗនេះលើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅ។

លោកបានបញ្ជាក់ថា ណាតូនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនៅតំបន់សមុទ្រខ្មៅ ព្រមទាំងបន្តតាមដានស្ថានការណ៍សន្តិសុខ និងកែសម្រួលវិធានការការពារតាមការចាំបាច់។ ណាតូក៏បានពង្រឹងការដាក់ពង្រាយកម្លាំងនៅតំបន់ភាគខាងកើតរបស់សម្ព័ន្ធភាពផងដែរ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើនាវាពាណិជ្ជកម្មនៅតំបន់សមុទ្រខ្មៅក្បែរប្រទេសប៊ុលហ្គារី។ ជាការឆ្លើយតប ប៊ុលហ្គារីបានស្នើសុំការគាំទ្រពីណាតូ និងសហភាពអឺរ៉ុប ដើម្បីជួយស៊ើបអង្កេត និងពង្រឹងការតាមដានសុវត្ថិភាពនៅតំបន់សមុទ្រ និងដែនអាកាសពាក់ព័ន្ធ៕