បណ្តាអ្នកស្រាវជ្រាវបាននិយាយថាកង្វះខាតការត្រូវពន្លឺថ្ងៃនាំឲ្យមនុស្សប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម។ បញ្ហានេះគឺដោយសារតែពួកគេពុំមានវីតាមីនដេគ្រប់គ្រាន់។ ការសិក្សាដ៏ទូលំទូលាយមួយបានរកឃើញថា អ្នកដែលមានវីតាមីនដេនៅក្នុងខ្លួនច្រើនគឺប្រឈមយ៉ាងតិចតួចបំផុតទៅនឹងការកើតមានជំងឺទឹកនោមផ្អែមប្រភេទ២។
លទ្ធផលនៃការស្រាវជ្រាវដែលធ្វើឡើងនៅប្រទេសអូស្ត្រាលីគឺជាការផ្តល់សញ្ញាយ៉ាងច្បាស់លាស់មួយក្នុងការទប់ទល់ចំពោះជំងឺខាងលើដែលកំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះជាការសិក្សាលើកនេះបានបញ្ជាក់ថា ការត្រូវពន្លឺថ្ងៃច្រើនជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទ២ក៏ដោយ ក៏គេមិនអាចបដិសេធចោលការហាត់ប្រាណនិងប្រភេទអាហារដែលផ្តល់ផលប្រយោជន៍សុខភាពមួយចំនួននោះដែរ។
ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលរោគសាស្ត្រ ក្រុងមែលបឺន(អូស្ត្រាលី)បានធ្វើតេស្តឈាមមនុស្ស៥២០០នាក់។លទ្ធផលដែលបានមកពីការធ្វើតេស្តនេះបានបង្ហាញថា រាល់បរិមាណនៃវីតាមីនដេ២៥ណាណូម៉ូលមធ្យមក្នុងឈាមគឺអាចកាត់បន្ថយឱកាសនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២បាន២៤% ។ មនុស្សដែលមានវីតាមីនដេតិចជាង៥០ណាណូម៉ូលក្នុង១លីត្រឈាមគឺកំណត់ថាជាអ្នកខ្វះ។ វេជ្ជបណ្ឌិត កេន ស៊ីការីសអ្នកធ្វើសេចក្តីរាយការណ៍លទ្ធផលស្រាវជ្រាវបាននិយាយថា៖«វាពិបាកក្នុងការមើលស្រាលថា រឿងនេះវាសំខាន់ប៉ុណ្ណានោះ»។
កង្វះការត្រូវពន្លឺថ្ងៃនិងវីតាមីនដេត្រូវបានគេប៉ាន់ប្រមាណថា បង្កឲ្យកើតមានជំងឺមហារីក៦០ម៉ឺនករណីក្នុង១ឆ្នាំៗ។ វេជ្ជបណ្ឌិតវិចតូរីយ៉ា ឃីង មកពីសមាគមជំងឺទឹកនោមផ្អែមចក្រភពអង់គ្លេសហាក់ដូចជាមិនយល់ស្របទៅនឹងការរកឃើញរបស់អ្នកស្រាវជ្រាវអូស្ត្រាលីឡើយ។ លោកបានបន្តថាវិធីសាស្ត្រតែមួយគត់ដើម្បីជៀសផុតពីពីការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២គឺថែរក្សាទម្ងន់សុខភាពឲ្យបានថេរតាមរយៈការហាត់ប្រាណឲ្យបានទៀងទាត់ព្រមទាំងទទួលទានអាហារដែលផ្តល់នូវសុខភាព ៕
ចែករំលែកព័តមាននេះ