ប្រទេសព្រុយណេ ៖ យោងតាមកាសែតអេស្ប៉ាញ Macar បានរាយការណ៍ថា កីឡាករបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក Faiq Bolkiah គ្មានក្លិបលេង (Free Agent) តាំងពីដើមខែកក្កដាមកម្ល៉េះ បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្លិប Ratchaburi FC នៅប្រទេសថៃ។
ប្រសូតនៅទីក្រុងឡូស អេនជឺលេស សហរដ្ឋអាមេរិក នាថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៩៨ ព្រះអង្គម្ចាស់ Faiq Bolkiah បច្ចុប្បន្នព្រះជន្ម២៨ព្រះវស្សា គឺជាព្រះរាជបុត្រនៃព្រះអង្គម្ចាស់ Jefri Bolkiah និងត្រូវជាព្រះភាគិនេយ្យ (ក្មួយប្រុស) របស់ស្តេចស៊ុលតង់ប្រទេសព្រុយណេ Hassanal Bolkiah។
Faiq Bolkiah បានឆ្លងកាត់ការហ្វឹកហាត់កម្រិតយុវជន និងសាលាបាល់ទាត់ជាមួយក្លិប Chelsea, Southampton និង Leicester City មុនផ្លាស់ទៅប្រទេសព័រទុយហ្គាល់ ចូលរួមជាមួយក្លិប Maritimo ហើយក្លាយជាកីឡាករអាជីព។ ខ្សែប្រយុទ្ធស្លាបអង្គនេះ ក៏បានបន្តអាជីពជាមួយក្លិបនៅថៃ Chonburi និង Ratchaburi ផងដែរ។ សម្រាប់ក្រុមជម្រើសជាតិព្រុយណេវិញ ទ្រង់ក៏បានស៊ុតបញ្ចូលទី ១ គ្រាប់ពីការបង្ហាញព្រះវត្តមាន ៦ ប្រកួតសម្រាប់ក្រុមរហស្សនាម «ឱម៉ាល់» មួយនេះ និងធ្លាប់ជាប្រធានក្រុមផងដែរ។
អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅថ្មីៗនេះ ទ្រង់ក៏មិនបានឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅក្លិបថ្មីណាមួយឡើយ រហូតមកដល់ពេលបច្ចុប្បន្ន។ ប៉ុន្តែបើទោះបីជាទ្រង់បច្ចុប្បន្នជាកីឡាករគ្មានក្លិបលេងក៏ដោយ ក៏បញ្ហានេះ ទំនងមិនមែនជាផលលំបាកណាមួយសម្រាប់ទ្រង់នោះដែរ។ តាមរបាយការណ៍ព័ត៌មានបានឱ្យដឹងថា ទ្រព្យសម្បត្តិ របស់ព្រះអង្គម្ចាស់ Faiq Bolkiah មានលើសពី ១៨ ពាន់លានអឺរ៉ូ ឬជាង ២០ ពាន់លានដុល្លារអាមេរិកឯណោះ។
តួលេខដ៏មហាសាលនេះ បានធ្វើឱ្យទ្រង់ក្លាយជាកីឡាករបាល់ទាត់មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក វ៉ាដាច់ឆ្ងាយពីកីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo និង Lionel Messi។ បើតាមទស្សនាវដ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក Forbes បង្ហាញថា ប្រធានក្រុមព័រទុយហ្គាល់ Ronaldo មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៣ ពាន់លានដុល្លារអាមេរិក ខណៈដែលទ្រព្យសម្បត្តិរបស់ប្រធានក្រុមអាហ្សង់ទីន Messi មានប្រមាណ ១,១ ពាន់លានដុល្លារអាមេរិក៕ ប្រភព ៖ Marca, Goal, The Sun និង Transfermarkt




ចែករំលែកព័តមាននេះ