ប្រទេសតួកគី ៖ ក្លិបបាល់ទាត់នៅតួកគី Turgutluspor បានបង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុន ដោយបានចុះហត្ថលេខានាំយកកញ្ញា Zeynep Mestan មកធ្វើជាគ្រូបង្វឹកថ្មីរបស់ខ្លួន ដោយកញ្ញារូបស្រស់វ័យទើប២២ឆ្នាំរូបនេះ នឹងទទួលភារកិច្ចដឹកនាំក្រុមបុរសឈុតធំ។ នេះបើតាមការចេញផ្សាយពីកាសែត The Sun ។
អតីតកីឡាការិនីបាល់ទាត់ Mestan បានក្លាយជាស្ត្រីដំបូងគេបង្អស់ ដឹកនាំក្រុមបុរសឈុតធំរបស់ក្លិបនៅក្នុងប្រទេសតួកគី។ ការតែងតាំងកញ្ញា Mestan ត្រូវបានបញ្ជាក់ដោយក្លិប តាមរយៈសេចក្តីថ្លែងការណ៍លើបណ្តាញសង្គមកាលពីថ្ងៃទី៨ ខែកញ្ញា។
ជាការកត់សម្គាល់ គ្រូបង្វឹកវ័យក្មេងទើបតែត្រូវបានតែងតាំងថ្មីរូបនេះ ទទួលបានអ្នកតាមដានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអាជីពជាកីឡាការិនីរបស់នាងប្រមាណ ២១ ៣០០ នាក់ លើបណ្តាញសង្គម Instagram។ នាងធ្លាប់លេងឱ្យក្លិបបាល់ទាត់នារីជាច្រើននៅទូទាំងតំបន់ Izmir និង Manisa ប្រទេសតួកគី ដោយចាប់ផ្តើមអាជីពដំបូងនៅក្លិប Karsiyaka BES Spor ក្នុងឆ្នាំ ២០១៩ និងក្លិបចុងក្រោយ Bornova Genc Yildizlar Spor ក្នុងឆ្នាំ ២០២៥។ ការឈានជើងចូលអាជីពជាគ្រូបង្វឹករបស់នាង កើតឡើងត្រឹមតែ ៦ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាងបានប្រារព្ធពិធីខួបកំណើតអាយុ ២២ ឆ្នាំ។
បញ្ហាប្រឈមសម្រាប់គ្រូបង្វឹកវ័យក្មេងរូបនេះគឺធំធេងណាស់ ព្រោះក្រុម Turgutluspor កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយទើបតែត្រូវបានកាត់ចោលទៅលេងក្នុងលីគកម្រិតទី៦ នៃប្រព័ន្ធបាល់ទាត់តួកគី។ Mestan នឹងចាប់ផ្តើមទំព័រថ្មីនៅក្នុងអាជីពជាគ្រូបង្វឹក នៅពេលដែលរដូវកាលថ្មីគ្រោងនឹងចាប់ផ្តើមឡើងវិញនៅក្នុងខែតុលា។ វត្តមាន គ្រូបង្វឹកស្រីស្រស់ស្អាតរូបនេះ ប្រាកដជានឹងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទម្រង់លេងនៅលើទីលាន នឹងក្លាយជាការវាស់វែងដ៏សំខាន់បំផុត សម្រាប់ការផ្លាស់ប្តូរដ៏ធំធេងរបស់ក្រុម Turgutluspor៕




ចែករំលែកព័តមាននេះ