រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៦ មកនេះ សហភាពអឺរ៉ុប, បារាំង, និងក្រសួងប្រៃសណីយ៍ បានប្រកាសបើកកម្មវិធីការប្រកួតសម្រាប់និស្សិតថ្នាក់តំបន់ នៃបច្ចេកវិទ្យាការពិតនិម្មិត (VR) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។ ការប្រកួតនេះត្រូវបានរៀបចំឡើងដោយផ្តល់មូលនិធិរួមពីសហភាពអឺរ៉ុប និងត្រូវអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវបារាំង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IRD) និង CADT ក្រោមគំនិតផ្តួចផ្តើមនៃ «បញ្ហានិម្មិតពហុភាគីសម្រាប់ការកសាងការសិក្សាពីបរិយាកាស ដែលត្រូវបានរួមបញ្ចូលគ្នា» (Sustainability Issues Multiverse for Building Participatory Learning Environments-SIMPLE) ដល់និស្សិតកម្ពុជា និងអាស៊ាន ដើម្បីប្រើប្រាស់ឧបករណ៍ឌីជីថលដ៏ស៊ីជម្រៅ សម្រាប់ដំណោះស្រាយបញ្ហាអាកាសធាតុ ។

តាមរយៈការអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវបារាំង នឹងបណ្តុះបណ្តាលថ្នាលឌីជីថលកម្រិតខ្ពស់ ជាមួយនឹងសកម្មភាពបរិស្ថាននានាដល់និស្សិត ។ ដើម្បីជំនួសឱ្យការប្រើបច្ចេកវិទ្យាពិតនិម្មិត (VR) ដែលជាឧបករណ៍សម្រាប់ការបង្ហាញរូបភាព និងការកម្សាន្ត សិស្សនិស្សិតដែលចូលរួមនឹងប្រើបច្ចេកវិទ្យានេះ ដើម្បីធ្វើត្រាប់តាមបញ្ហាចីរភាពក្នុងពិភពជាក់ស្ដែង និងស្វែងរកដំណោះស្រាយអាកាសធាតុ ដែលសមស្របសម្រាប់កម្ពុជា និងតំបន់អាស៊ានទាំងមូល ។

នាឱកាសថ្ងៃបើកនៃកម្មវិធី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ៖ «ប្រទេសកម្ពុជាប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ។ ដោយមានការគាំទ្រពីដៃគូអឺរ៉ុប យុវជនរបស់យើងនឹងឈរនៅជួរមុខក្នុងការយកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហានៅក្នុងពិភពជាក់ស្ដែង និងរួមចំណែកដល់របៀបវារៈបរិវត្តកម្មឌីជីថលជាតិ» ។ ការប្រកួតត្រូវបានប្រកាសរួមដោយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា, ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា, និងលោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៅ CADT ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងថា ៖ «តាមរយៈយុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុបប្តេជ្ញាពង្រឹងការអប់រំ និងជំនាញ ។ ការបើកដំណើរការការប្រកួតថ្ងៃនេះ គឺជាការបើកផ្លូវសម្រាប់សិស្សនិស្សិត មានឱកាសប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ក្នុងការដោះស្រាយបញ្ហាសកល ដែលកំពុងកើតមាន ដូចជាការប្រែប្រួលអាកាសធាតុជាដើម» ។
បន្ថែមពីនេះ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ៖ «ក្រុមការងារបារាំង និង IRD យើងមានមោទនភាព ក្នុងការគាំទ្រដល់និស្សិត CADT ក្នុងការទទួលបានការបណ្តុះបណ្តាលសមត្ថភាពឌីជីថលទំនើបៗនេះ ។ ការលើកកម្ពស់ទេពកោសល្យក្នុងស្រុក នៃបច្ចេកវិទ្យា Virtual Reality នឹងបង្កើតតម្លៃរយៈពេលវែង សម្រាប់ប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍របស់ប្រទេសកម្ពុជា» ។
សូមជម្រាបជូនផងដែរថា SIMPLE និង Global Gateway គឺជាគម្រោង «បញ្ហានិម្មិតពហុភាគីសម្រាប់ការកសាងការសិក្សាពីបរិយាកាស ដែលត្រូវបានរួមបញ្ចូលគ្នា» (SIMPLE) គឺជាគំនិតផ្តួចផ្តើម ដែលផ្តល់មូលនិធិរួមគ្នាដោយសហភាពអឺរ៉ុប ដែលអនុវត្តដោយ IRD និង CADT ។ គំនិតផ្តួចផ្តើមនេះបាននិងកំពុងដំណើរពី 2023-2027 ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាការពិតនិម្មិត ហ្គេមប្លែកៗ និងការធ្វើគំរូវិទ្យាសាស្ត្រ ដើម្បីបង្រៀនអំពីបញ្ហាចីរភាពនៅតាមបណ្ដាប្រទេស ក្នុងអាងទន្លេមេគង្គ រួមទាំងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាមផងដែរ ។ ផ្នែកមួយនៃយុទ្ធសាស្ត្រ Global Gateway របស់ Team Europe ដែលជាកម្មវិធីវិនិយោគដ៏សំខាន់មួយដែលជំរុញការតភ្ជាប់ប្រកបដោយនិរន្តរភាព ការអប់រំ និងនវានុវត្តន៍ឌីជីថល ។ Global Gateway ផ្គត់ផ្គង់បរិក្ខារដល់យុវជនកម្ពុជា ឱ្យមានជំនាញដែលផ្តោតលើអនាគត ដើម្បីផ្លាស់ប្តូរប្រទេសកម្ពុជាឱ្យទៅជាសង្គមឌីជីថល និងភាពជិតស្និទ្ធនឹងបរិស្ថាន ។
ព័ត៌មានបន្ថែម៖ Scan the QR code to access contest details, eligibility criteria, and registration ៕

ចែករំលែកព័តមាននេះ