ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! បើទូរស័ព្ទមានកម្មវិធី​ទាំងនេះ ប្រញាប់លុបចេញភ្លាម

3 ថ្ងៃ មុន



បច្ចេកវិទ្យា៖ អ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិតបានព្រមានពីការឆបោកតាមកម្មវិធីទូរស័ព្ទ ដែលអាចប្រើមេរោគដើម្បីគ្រប់គ្រងឧបករណ៍ និងលួចទិន្នន័យកាតធនាគារតាមបច្ចេកវិទ្យា NFC។ នេះបើ​យោងតាមក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Group-IB។

ការឆបោកជាធម្មតាចាប់ផ្តើមពីការហៅទូរស័ព្ទ ឬសារក្លែងក្លាយ ដោយជនខិលខូចធ្វើជាបុគ្គលិកធនាគារ ហើយបញ្ចុះបញ្ចូលឱ្យជនរងគ្រោះដំឡើងកម្មវិធី ដោយអះអាងថា ដើម្បីផ្ទៀងផ្ទាត់គណនី លុបចោលប្រតិបត្តិការ ឬបង្កើនសុវត្ថិភាព។

បន្ទាប់ពីដំឡើង កម្មវិធីមេរោគអាចស្នើសុំសិទ្ធិពិសេស ដូចជា Accessibility ឬសិទ្ធិគ្រប់គ្រងឧបករណ៍ ដើម្បីតាមដាន និងបញ្ជាទូរស័ព្ទពីចម្ងាយ។ មេរោគខ្លះក៏អាចប្រើ NFC ដើម្បីប្រមូល និងបញ្ជូនទិន្នន័យកាតទៅកាន់ឧបករណ៍របស់ជនខិលខូច។

អ្នកប្រើប្រាស់គួរជៀសវាងការដំឡើងឯកសារ APK ពីសារ អ៊ីមែល ឬតំណមិនស្គាល់។ ប្រសិនបើមានអ្នកណាម្នាក់អះអាងថាជាបុគ្គលិកធនាគារ ហើយស្នើឱ្យដំឡើងកម្មវិធី ឬផ្តល់សិទ្ធិពិសេសទៅទូរស័ព្ទ គួរបញ្ឈប់ការទំនាក់ទំនង និងទាក់ទងធនាគារតាមបណ្តាញផ្លូវការដោយខ្លួនឯង។

ប្រសិនបើបានដំឡើងកម្មវិធីគួរឱ្យសង្ស័យរួច គួរបញ្ឈប់ការប្រើប្រាស់កម្មវិធីធនាគារលើឧបករណ៍នោះ ពិនិត្យ និងដកសិទ្ធិមិនប្រក្រតី ហើយលុបកម្មវិធី។ ប្រសិនបើបានបញ្ចូលព័ត៌មានធនាគារ ឬកាតរួច ត្រូវទាក់ទងធនាគារភ្លាមៗ ដើម្បីទប់ស្កាត់ហានិភ័យ និងតាមដានប្រតិបត្តិការមិនប្រក្រតី៕