រថយន្តតេឡេកុំម៉ង់តូចមួយបានជួយសង្គ្រោះនាពេលថ្មីៗកន្លងមកនេះនូវជីវិតរបស់ទាហានអាមេរិក៦នាក់នៅអាហ្វហ្គានីស្ថាន។ របស់ក្មេងលេងនេះត្រូវបានប្រើប្រាស់ជាអ្នកបំភ្លឺផ្លូវសម្រាប់រាវរកគ្រាប់បែកដែលដាក់នៅតាមចិញ្ចើមថ្នល់។
កាលពីឆ្នាំ២០០៧ទាហានអាមេរិកម្នាក់ឈ្មោះ CHRISTOPHER FESSENDEN បច្ចុប្បន្នស្ថិតនៅអាហ្វហ្គានីស្ថានទទួលពីប្អូនប្រុសរបស់គេនូវរថយន្តតេឡេកុំម៉ង់នេះ។ ប៉ុន្តែកាលពីសប្តាហ៍មុនទាហានរូបនោះបានរាយការណ៍តាមរយៈអ៊ីមែលមួយថា«ខ្ញុំលែងមានរថយន្តនេះទៀតហើយ»។ តាមពិតនោះក្រោយពីបំពាក់ឱ្យរថយន្តតេឡេកុំម៉ង់នេះនូវកាមេរ៉ាមួយ និង MONOTEUR មួយដែលមានតម្លៃសរុប៥០០ដុល្លារ របស់ក្មេងលេងឈ្មោះ TRAXXIS STAMPEDE នេះត្រូវបានប្រើប្រាស់ធ្វើជាអ្នកបំភ្លឺផ្លូវនៅមុខរថយន្តយោធាទាំងឡាយដែលកំពុងល្បាតដើម្បីរកគ្រាប់បែកដាក់តាមចិញ្ចើមថ្នល់។
ទើបដំណាច់ខែកក្កដាកន្លងមកនេះរថយន្តតូចនោះដែលកែប្រែថ្មីត្រូវបំផ្លាញ ព្រោះវារត់ត្រូវគ្រឿងផ្ទុះមួយគ្រឿងមានជាតិផ្ទុះដល់ទៅ២០០គីឡូក្រាម។ ក៏ប៉ុន្តែកងទាហានដែលបញ្ជារថយន្តតេឡេកុំម៉ង់នោះពីរថយន្តចម្បាំង HUMWEE អាចគេចផុតពីគ្រោះថ្នាក់នៃការផ្ទុះនេះ។ នេះជាសេចក្តី រាយការណ៍របស់ABC NEWS ។ ពេលទទួលបានព័ត៌មាននោះប្អូនប្រុសរបស់ទាហានខាងលើនេះបានផ្ញើឱ្យបងប្រុសគេនូវរថយន្តតេឡេកុំម៉ង់ម៉ូដែលថ្មីមួយទៀតមានឈ្មោះថា «MAXIMUM DE-STRUCTION »៕
ចែករំលែកព័តមាននេះ