រាជធានីភ្នំពេញ ៖ ក្រុមអ្នកច្បាប់មួយក្រុមនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULL) មានមេធាវី សាស្ត្រាចារ្យច្បាប់ទីប្រឹក្សាច្បាប់ និងនិស្សិតច្បាប់បានសហការគ្នាបង្កើតជាគេហទំព័រស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា ។ លោក គង់ តាំងម៉េង ជាស្ថាបនិកម្នាក់បានឱ្យដឹងថា គេហទំព័រស្រាវជ្រាវ និងផ្សាយច្បាប់នេះ មានឈ្មោះជាផ្លូវការថា ក្រុមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ
មានអាសយដ្ឋានតាមគេហទំព័រhttp://www.khmerlaws.com ដែលមានបេសកកម្ម ស្រាវជ្រាវចងក្រង រាល់ឯកសារគតិយុត្តិកម្ពុជាតាំងពីសម័យអាណានិគមន៍បារាំង រហូតដល់បច្ចុប្បន្នបទដ្ឋានគតិយុត្តិអន្តរជាតិសំខាន់ៗ និងព័ត៌មានទាក់ទងនឹងវិស័យច្បាប់ ។ គោលដៅ សំខាន់ គឺសម្រួលដល់អ្នកសិក្សាស្រាវជ្រាវសិស្ស និស្សិតក្នុងការស្វែងរកឯកសារច្បាប់ទុកជាឯកសារមរតកគតិយុត្តិចូលរួមជួយសង្គម និងបង្កើត ស្នាដៃថ្មី ។
ក្រុមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរជាក្រុមការងារស្ម័គ្រចិត្តត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយសមាជិក៥រូប ក្នុងនោះមានលោកគង់ តាំងម៉េង លោកស៊ុន លៀងហេង លោកឡូត ផារី លោក ប៉ែន ពេជ្រដារ៉ូ និងលោកហាក់ សុភារិទ្ធិ ។ ក្រៅពីស្ថាបនិក សមាជិកជាន់ខ្ពស់ និងសមាជិកសកម្ម ក៏មានការចូលរួមដោយអ្នកច្បាប់ និងនិស្សិតច្បាប់ដែលមានកម្រិតវប្បធម៌ចាប់ពីបរិញ្ញាបត្រច្បាប់ ឡើងទៅ ។ លើសពីនេះទៅទៀត គណៈកម្មការចំនួនពីរគឺគណៈកម្មការ និពន្ធ និងដោះស្រាយចម្ងល់ច្បាប់ គណៈកម្មការបច្ចេកទេស និងត្រួតពិនិត្យត្រូវបានចូលរួមដោយសិស្សមេធាវី ទីប្រឹក្សាច្បាប់ និងសាស្ត្រាចារ្យច្បាប់ ដើម្បីតាក់តែងនិពន្ធ និងត្រួតពិនិត្យលើស្នាដៃថ្មីដែលត្រូវបានតាក់តែងដោយក្រុមការងារស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ ។
ក្រុមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរមានលោកជីវ សុងហាក់ ជាប្រធានកិត្តិយសលោកប៉ែន ពេជ្រដារ៉ូ ជាប្រធាន លោកគង់ តាំងម៉េង និងលោកស៊ុន លៀងហេង ជាអនុប្រធានលោកឡូត ផារី លោកហាក់ សុភារិទ្ធ ជាអ្នកប្រឹក្សាយោបល់ និងអ្នកបច្ចេកទេសព័ត៌មានវិទ្យា លោកកៅ សីហា លោកចាន់ នឿន លោកមាស សម្បត្តិ និងកញ្ញាម៉ៅ ចំណារ ជាប្រធាន ផ្នែកជំនាញក្នុងស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់។
គណៈកម្មការចំនួនពីរគឺគណៈកម្មការ និពន្ធ និងដោះស្រាយចម្ងល់ច្បាប់ គណៈកម្មការបច្ចេកទេស និងត្រួតពិនិត្យចូលរួមដោយលោកមេធាវី អ៊ីវ ប៉ូលី លោកសេន សូនី បេក្ខបណ្ឌិត និងសាស្ត្រាចារ្យច្បាប់ មន្ត្រីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោកអ៊ីវ វិចិត្រ សិស្សមេធាវីជំនាន់ទី១១ មានលោកចេង ផានី លោកសេង ឈុនលី លោកស្រីលឹម ច័ន្ទលីដា លោកតែ ស៊ាងវ៉ានីន លោកនាក់ ពិនិត្យ លោកកាង ភក្តី កញ្ញាលី ទៀង លោកកេង សុមារតន៍ លោកហេង វណ្ណ បុត្រ លោកសេង សឹង្ហហេង លោកចេង រស្មីសេរីវង្ស និងលោកលី រដ្ឋធី ។
លោកជីវ សុងហាក់ ប្រធានគណៈមេធាវី និងជាប្រធានកិត្តិយស ក្រុមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរបានមានប្រសាសន៍ថា គេហទំព័រស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ http://www.khmerlaws.comជាគេហទំព័រ ស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ដ៏មានសារ សំខាន់បំផុត មិនត្រឹមតែមន្ត្រីអនុវត្តច្បាប់សិស្ស និស្សិតប៉ុណ្ណោះទេ ប៉ុន្តែវាជាគេហទំព័រដែលបាន ជួយបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋសាមញ្ញអាចស្រាវជ្រាវនូវឯកសារច្បាប់បានដោយងាយស្រួល ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា គេហទំព័រស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកច្បាប់ និងនិស្សិតច្បាប់ដោយប្រមូលផ្តុំចងក្រងនូវរាល់ឯកសារគតិយុត្តិរបស់កម្ពុជាគ្រប់សម័យកាលពោលគឺកម្រងរដ្ឋធម្មនុញ្ញច្បាប់ ព្រះរាជក្រិត្យ អនុក្រិត្យ ប្រកាសសារាចរ ។ល។ មិនតែប៉ុណ្ណោះ ក្រុមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរនេះមានគណៈកម្មការដែលមានសមាជិកសុទ្ធតែជាអ្នកជំនាញច្បាប់មានបទពិសោធន៍ និងចំណេះដឹងខ្ពស់ក្នុងវិស័យច្បាប់ ដើរតួនាទីជាអ្នកត្រួតពិនិត្យ នូវរាល់ស្នាដៃថ្មីៗ ព្រមទាំងពិនិត្យរាល់ឯកសារទាំងឡាយមុនដាក់បញ្ចូលក្នុងគេហទំព័រ ។
លោកស៊ុន លៀងហេង បានប្រាប់កោះសន្តិភាពឱ្យដឹងថា ក្រុមការងារ និងផ្សព្វផ្សាយច្បាប់ខ្មែរត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១០ ។ នៅក្នុងគេហទំព័រ http://www.khmerlaws.com សាធារណជន អាចធ្វើការទាញយកនូវឯកសារគតិយុត្តិជាតិ និងអន្តរជាតិបានដោយមិនគិតថ្លៃ ។ ក្រៅពីឯកសារគតិយុតិ្តសាធារណជនអាចស្វែងរកនូវព័ត៌មានថ្មីៗជាច្រើនទៀតដូចជា សេចក្តីព្រាងច្បាប់ យុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សារណាច្បាប់ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ព្រមទាំងមានភ្ជាប់ទៅកាន់គេហទំព័ររបស់ស្ថាប័នជាតិ និងអង្គការជាច្រើនទៀត ។
លោកប៉ែន ពេជ្រដារ៉ូ ជាប្រធានក្រុមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរបានធ្វើការអំពាវនាវដល់សម្តេចទ្រង់ លោក អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី មេត្តាផ្តល់ការឧបត្ថម្ភ ជាសម្ភារ ឬថវិកាដល់ក្រុមការងារនេះដើម្បីអាចបន្តសកម្មភាពជួយស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ ឱ្យបានទូលំទូលាយដល់សាធារណជន អនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំ ប្រកបដោយគតិបណ្ឌិត ។ ប្រសិនបើសម្តេចទ្រង់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីមានបំណងឧបត្ថម្ភ ក្រុមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ សូមមេត្តាទាក់ទងមកកាន់លោកប៉ែន ពេជ្រដារ៉ូ លោកគង់ តាំងម៉េង និងលោកស៊ុន លៀងហេង តាមរយៈទូរស័ព្ទលេខ ០១២ ៥១៤ ៤១៤, ០១៧ ៥៥៥ ៣៩០, ០១២ ៨៨៤ ១៤២ ។
ក្រុមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ នឹងបន្ត សកម្មភាពស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរឱ្យបានកាន់តែទូលំទូលាយដល់មជ្ឈដ្ឋានទូទៅ ដើម្បីចូលរួមជាផ្នែកមួយអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ប៉ិនប្រសព្វក្នុងការជម្រុញនាវាកម្ពុជាឱ្យឆ្ពោះទៅកាន់នីតិរដ្ឋ ៕
ចែករំលែកព័តមាននេះ