ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សម្រេច​ព្យួរ​ក្លិប​ម​ហិ​ទ្ធី​រិ​ទ្ធ​គុន​ខ្មែរ​ល្វាឯម រយៈពេល​៣​ខែ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​សម្រេច​ព្យួរ​ឈ្មោះ​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​គុន​ខ្មែរ​ល្វាឯម​របស់​លោក​មាស មើរ រយៈពេល ៣ ខែ មិន​ឱ្យ​ចូលរួម​រាល់​សកម្មភាព​ប្រកួត​ប្រដាល់​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។ ការ​សម្រេចចិត្ត​នេះ​ទើបតែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ៣១ ខែសីហា ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយសារ​តែ​ថ្នាក់ដឹកនាំ និង​អ្នកគ្រប់គ្រង​ក្លិប​មួយ​នេះ​បាន​ប្រព្រឹត្ត​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​ទៅ​នឹង​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ក៏​ដូច​ជា​ក្រមសីលធម៌ ដែល​សហព័ន្ធ​បាន​កំណត់​។

យោង​តាម​ស្មារតី​អង្គប្រជុំ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៦​របស់​អនុ​គណៈកម្មការ​វិន័យ និង​អនុ​គណៈកម្មការ​បច្ចេកទេស នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​សម្រេច​ព្យួរ​ក្លិប​ម​ហិ​ទ្ធិ រិ​ទ្ធ​គុន​ខ្មែរ​ល្វាឯម រាល់​សកម្មភាព​កីឡាប្រដាល់​គុន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស រយៈពេល​៣​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​១ ខែធ្នូ​ឆ្នាំ​២០២៦ ជា​បណ្ដោះអាសន្ន ។ ប៉ុន្តែ​ក្នុង​ករណី​លោក​មាស មើរ ជា​ប្រធាន​ក្លិប​នៅ​តែ​មិន​គោរព​និង​អនុវត្ត​តាម​លក្ខន្តិកៈ បទបញ្ជា​បច្ចេកទេស​គ្រប់គ្រង​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សហព័ន្ធ​នឹង​បញ្ឈប់​ការ​ទទួលស្គាល់​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​គុន​ខ្មែរ​ល្វាឯម ជា​សមាជិក​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​រៀង​រហូត​។

មូលហេតុ​ចម្បង​នៃ​ការ​ផ្អាក​សកម្មភាព​ក្លិបម​ហិ​ទ្ធិ​រិ​ទ្ធ​គុន​ខ្មែរ​ល្វាឯម​រយៈពេល​៣​ខែ​នេះ​តាមព័ត៌មាន​ថា ដោយសារ​អ្នកគ្រប់គ្រង​ក្លិប និងតំណាង​ក្លិប​បាន​រំលោភ​បទបញ្ជាផ្ទៃក្នុង តាមរយៈ​ធ្វើ​សកម្មភាព ឬ​បញ្ចេញមតិ​ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។ មិនតែប៉ុណ្ណោះ​ក្លិប​កង្វះ​កិច្ចសហការ​ដោយ​មិន​បាន​គោរព​តាម​ការ​ណែនាំ និង​ការ​សម្របសម្រួល​បច្ចេកទេស​របស់​សហព័ន្ធ​ក្នុង​ការ​រៀបចំ ឬ​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ថែម​ទៀត​ផង ៕