ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរីធានា​សុវត្ថិភាព១០០%ជូនអ្នក​ទេស​ចរ និង​ជំរុញ​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា​ក្នុង​រដូវ​កាល​បៃតង

1 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឯកឧត្ដម គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី បាន​ចំណាយ​ពេលវេលា​​ដ៏​មាន​តម្លៃ បន្ទាប់​ពី​មមារញឹក​លើ​ភារកិច្ច និង​ការងារ​រដ្ឋបាល​ប្រចាំ​ថ្ងៃ ដើម្បី​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ឈ្វេងយល់​ពី​ការ​អភិវឌ្ឍ និង​វាយតម្លៃ​សក្តានុពល​ទេសចរណ៍​នៅ​រមណីយដ្ឋាន «​ទឹកជ្រោះ​ប៊ូ​ស្រា​» ដែល​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្បីល្បាញ និង​ជា​បេះដូង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​បំផុត​មួយ​ប្រចាំ​ខេត្តមណ្ឌលគិរី​ ។

ក្នុង​ឱកាស​អញ្ជើញ​ចុះ​ទស្សនកិច្ច​ដោយ​ផ្ទាល់​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ជួប​សំណេះ​សំណាល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ អាជីវករ និង​អ្នក​ផ្តល់​សេវាកម្ម​ទេសចរណ៍​នានា ព្រមទាំង​បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំ​សំខាន់​ៗ​ជា​ច្រើន ដើម្បី​លើកកម្ពស់​មុខមាត់​ទេសចរណ៍​ក្នុង​ខេត្ត​។

ឯកឧត្តម​បាន​ជំរុញ និង​រំលឹក​ដល់​បងប្អូន​អ្នក​ផ្តល់​សេវាកម្ម​ទាំងអស់​នៅ​ក្នុង​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​ស្មោះត្រង់ កុំ​តម្លើង​ថ្លៃ​ទំនិញ​/​សេវាកម្ម​ខុស​ប្រក្រតី ដោយ​ត្រូវ​ផ្តល់​សេវា​ប្រកបដោយ​ក្រមសីលធម៌ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ជូន​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដើម្បី​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ និង​ទាក់ទាញ​ពួក​គេ​ឱ្យ​ត្រឡប់​មក​កម្សាន្ត​ម្តងទៀត​ ។

ចំពោះ​ក្រុមការងារ​គ្រប់គ្រង​រមណីយដ្ឋាន ឯកឧត្តម​បាន​ណែនាំ​ឱ្យ​បង្កើន​ការ​យកចិត្តទុក​ដាក់​​ខ្ពស់​បំផុត​លើ​បញ្ហា​សុខ​សុវត្ថិភាព និង​អនាម័យ​បរិស្ថាន ព្រមទាំង​ត្រូវ​បន្ត​ពង្រឹងគុណភាព​សេវាកម្ម​នានា​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ស្តង់ដារ និង​រៀបចំ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​កើនឡើង​នៃ​ភ្ញៀវ​ទេស​ចរ ​។

ឯកឧត្ដម គង់ គឹ​ម​នី បាន​គូសបញ្ជាក់​ថា «​រដូវ​កាល​បៃតង (Green Sea​son) នា​ពេល​នេះ គឺជា​រដូវ​កាលដែល​ខេត្តមណ្ឌលគិរី​មាន​សម្រស់​ស្រស់​ស្អាត​បំផុត​» ដោយសារ​ព្រៃឈើ ខ្នងភ្នំ និង​រមណីយដ្ឋាន​ធម្មជាតិ​ទាំងអស់​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ពណ៌​បៃតង​ស្រស់ ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ព្រមទាំង​មាន​បរិមាណ​ទឹកធ្លាក់​យ៉ាង​ស្រស់​ស្អាត  ។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ ឱ្យ​រៀបចំ​ដំណើរ​ផ្សងព្រេង និង​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ឱ្យ​បាន​ច្រើន​កុះករ​។

ជា​ចុង​ក្រោយ ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី​បាន​ធានា​ជូន ១០០% លើ​បញ្ហា​សន្តិសុខ និង​សុខ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់​ ដែល​អញ្ជើញ​មក​កម្សាន្ត​ក្នុង​មូលដ្ឋាន និង​តាម​រមណីយដ្ឋាន​នានា​ទូ​ទាំង​ខេត្ត​។

ឯកឧត្តម​បាន​អះអាង​ថា កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បាន​រៀបចំ និង​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សម្រួលការ​ធ្វើ​ដំណើរ​ជូន​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា ឱ្យ​ទទួល​បាន​នូវ​ក្តី​សប្បាយ​រីករាយ និង​ភាព​កក់ក្តៅ​បំផុត​ក្នុងអំឡុងពេល​លំហែកាយ​នៅ​ដែនដី​ភូមិភាគ​ឦសាន​មួយ​នេះ ៕​