បច្ចេកវិទ្យា៖ Apple ត្រូវបានរាយការណ៍ថា អាចនឹងមិនបង្ហាញ iPhone 18 ម៉ូដែលធម្មតា នៅខែកញ្ញា ឆ្នាំ២០២៦ ដូចទម្លាប់ប្រចាំឆ្នាំទៀតទេ ហើយអាចពន្យារការបង្ហាញទៅដល់ ឆមាសទី១ ឆ្នាំ២០២៧។ នេះបើយោងពីព័ត៌មាន MacRumors និង The Information។
តាមការរាយការណ៍របស់សារព័ត៌មានបច្ចេកវិទ្យា MacRumors ការផ្លាស់ប្តូរនេះនឹងជាការប្រែប្រួលដ៏ធំមួយពីយុទ្ធសាស្ត្រដែល Apple ធ្លាប់បង្ហាញ iPhone ជំនាន់ថ្មីជារៀងរាល់ខែកញ្ញា។
តាមកាលវិភាគថ្មី Apple អាចបែងចែកការបង្ហាញ iPhone ជាពីរដំណាក់កាលក្នុងមួយឆ្នាំ។ នៅខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនអាចបង្ហាញ iPhone 18 Pro និង iPhone 18 Pro Max រួមជាមួយ iPhone បត់ដំបូងរបស់ Apple ខណៈ iPhone 18 ម៉ូដែលធម្មតា, iPhone 18e និង Air ជំនាន់ទី២ អាចត្រូវបង្ហាញនៅឆមាសទី១ ឆ្នាំ២០២៧។
អ្នកវិភាគ បានលើកឡើងថា ការផ្លាស់ប្តូរកាលវិភាគនេះអាចមានគោលបំណងកាត់បន្ថយគម្លាតទីផ្សារជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនចិន ដែលជាទូទៅបញ្ចេញម៉ូដែលកំពូលរបស់ខ្លួននៅដើមឆ្នាំ។ វាក៏អាចជួយឱ្យ Apple រៀបចំយុទ្ធនាការទីផ្សារ និងធនធានផលិតកម្មបានប្រសើរឡើង ខណៈត្រកូល iPhone កាន់តែមានម៉ូដែលច្រើន។
ចំណែក iPhone 18 Pro និង Pro Max ត្រូវបានរំពឹងថា អាចមានតម្លៃខ្ពស់ជាងជំនាន់បច្ចុប្បន្នប្រមាណ ២៥០ ទៅ ៣០០ដុល្លារ ដោយសារថ្លៃផលិតបន្ទះឈីបបច្ចេកវិទ្យា 2-nanometer និងការកើនឡើងនៃតម្លៃអង្គចងចាំ DRAM និង NAND Flash។
ការកើនឡើងនៃតម្រូវការបន្ទះឈីបសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI ទូទាំងពិភពលោក ក៏ត្រូវបានគេរំពឹងថា នឹងបង្កើនសម្ពាធលើការផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ឧស្សាហកម្មស្មាតហ្វូនផងដែរ។
ទោះជាយ៉ាងណា ព័ត៌មានខាងលើនៅតែជាការរាយការណ៍ និងការព្យាករណ៍ពីប្រភពក្នុងឧស្សាហកម្ម មិនមែនជាការប្រកាសផ្លូវការរបស់ Apple អំពីកាលវិភាគ iPhone 18 នៅឡើយទេ៕
ចែករំលែកព័តមាននេះ