បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើននៅតែមានទម្លាប់ប្រើទូរស័ព្ទ ខណៈពេលកំពុងសាកថ្ម ដូចជា ផ្ញើសារ មើលវីដេអូ ឬលេងបណ្តាញសង្គម។ ជាទូទៅ ការប្រើទូរស័ព្ទពេលសាកថ្ម មិនមែនមានន័យថានឹងធ្វើឱ្យថ្មខូចភ្លាមៗទេ ជាពិសេសសម្រាប់ស្មាតហ្វូនទំនើបដែលមានប្រព័ន្ធគ្រប់គ្រងថាមពល។
អ្វីដែលគួរប្រុងប្រយ័ត្នជាងគេ គឺ កម្ដៅ។ ប្រសិនបើប្រើទូរស័ព្ទសម្រាប់ការងារស្រាលៗ ដូចជា អានព័ត៌មាន ឬឆ្លើយសារ កម្ដៅជាទូទៅមិនកើនខ្លាំងទេ។ ប៉ុន្តែការលេងហ្គេមធ្ងន់ៗ កាត់តវីដេអូ ឬប្រើកម្មវិធីដែលត្រូវការថាមពលខ្ពស់ ខណៈពេលកំពុងសាក អាចធ្វើឱ្យទូរស័ព្ទក្តៅខ្លាំង និងបង្កឱ្យថ្មលីចូម-អ៊ីយ៉ុងឆាប់ចាស់។
អ្វីដែលអាចបង្កហានិភ័យ
ការប្រើទូរស័ព្ទពេលសាកអាចកាន់តែមានហានិភ័យ ប្រសិនបើទូរស័ព្ទក្តៅខ្លាំង ថ្មចាស់ឬខូច ឬប្រើឆ្នាំងសាក និងខ្សែសាកដែលគ្មានប្រភពច្បាស់លាស់។ ឧបករណ៍ដែលមិនមានគុណភាពអាចបញ្ជូនចរន្តមិនស្ថិរភាព និងបង្កការខូចខាតដល់ថ្ម។
ម្យ៉ាងទៀត កុំដាក់ទូរស័ព្ទកំពុងសាកលើពូក ខ្នើយ ឬភួយ ព្រោះវាអាចរារាំងការបញ្ចេញកម្ដៅ និងធ្វើឱ្យឧបករណ៍ក្តៅខ្លាំងជាងធម្មតា។
ដើម្បីប្រើប្រាស់បានមានសុវត្ថិភាព គួរជ្រើសរើសឆ្នាំងសាក និងខ្សែសាកដែលមានគុណភាព ឬត្រូវតាមស្តង់ដាររបស់ក្រុមហ៊ុនផលិត ជៀសវាងការប្រើកម្មវិធីធ្ងន់ៗពេលសាកថ្ម និងសាកនៅកន្លែងដែលអាចបញ្ចេញកម្ដៅបានល្អ។
សំខាន់៖ ប្រសិនបើទូរស័ព្ទក្តៅខ្លាំងខុសធម្មតា ថ្មប៉ោង មានក្លិនចម្លែក ឬមានសញ្ញាមិនប្រក្រតីផ្សេងៗ គួរឈប់ប្រើ និងផ្តាច់ការសាកភ្លាមៗ ដើម្បីកាត់បន្ថយហានិភ័យ៕
ចែករំលែកព័តមាននេះ