សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការភ្ញាក់ពីព្រលឹមម៉ោង៥ព្រឹក កំពុងក្លាយជាទម្លាប់ដែលមនុស្សជាច្រើនយល់ថា ជាសញ្ញានៃវិន័យ និងភាពជោគជ័យ។ ប៉ុន្តែអ្នកជំនាញផ្នែកដំណេកព្រមានថា ការបង្ខំខ្លួនឱ្យភ្ញាក់ព្រលឹម ខណៈរាងកាយមិនទាន់ត្រៀមខ្លួន អាចធ្វើឱ្យនឿយហត់ និងប៉ះពាល់ដល់សុខភាព។
មនុស្សម្នាក់ៗមាននាឡិកាជីវសាស្ត្រខុសៗគ្នា។ មនុស្សខ្លះធម្មជាតិចូលចិត្តភ្ញាក់ព្រលឹម និងមានថាមពលខ្លាំងនៅពេលព្រឹក ខណៈអ្នកខ្លះទៀតមានថាមពលច្រើននៅពេលថ្ងៃត្រង់ ឬល្ងាច។ ដូច្នេះ ម៉ោងភ្ញាក់ដែលល្អសម្រាប់មនុស្សម្នាក់ មិនប្រាកដថាសមសម្រាប់មនុស្សគ្រប់គ្នាទេ។
បញ្ហាចម្បងមិនមែនស្ថិតនៅលើការភ្ញាក់ម៉ោង ៥ព្រឹកទេ ប៉ុន្តែគឺការកាត់បន្ថយម៉ោងគេងដើម្បីភ្ញាក់ព្រលឹម។ ប្រសិនបើគេងមិនគ្រប់ អាចបង្កការនឿយហត់ បង្កើនអ័រម៉ូនស្ត្រេស ប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករ ប្រព័ន្ធភាពស៊ាំ អារម្មណ៍ និងបង្កើនហានិភ័យនៃបញ្ហាសុខភាពរយៈពេលវែង។
ជាពិសេស ការគេងនៅពេលព្រឹកមានដំណាក់កាល REM ដែលមានសារៈសំខាន់ចំពោះការចងចាំ និងការគ្រប់គ្រងអារម្មណ៍។ ការភ្ញាក់លឿនពេកអាចកាត់បន្ថយដំណាក់កាលគេងនេះ ប្រសិនបើរាងកាយមិនបានគេងគ្រប់ម៉ោង។
បើអ្នកត្រូវភ្ញាក់ម៉ោង ៥ព្រឹកជាប្រចាំ គួរចូលគេងឱ្យបានមុន និងរក្សាកាលវិភាគគេងឱ្យទៀងទាត់។ នៅពេលភ្ញាក់ អាចទទួលពន្លឺព្រឹក ធ្វើចលនាស្រាលៗ និងកុំផ្លាស់ប្តូរម៉ោងគេងខ្លាំងនៅចុងសប្តាហ៍។
បើអ្នកត្រូវការនាឡិការោទ៍ច្រើនដង ដើម្បីភ្ញាក់ ត្រូវចំណាយពេលជាង ៣០នាទីទើបមានអារម្មណ៍ស្វាហាប់ ឬតែងតែគេងបន្ថែមនៅចុងសប្តាហ៍ នោះអាចជាសញ្ញាថាម៉ោងភ្ញាក់ម៉ោង ៥ព្រឹកមិនសមនឹងរាងកាយរបស់អ្នក។
សរុបមក ការភ្ញាក់ព្រលឹមមិនមែនជារូបមន្តសម្រាប់ជោគជ័យឡើយ។ អ្វីដែលសំខាន់ជាងគេគឺគេងឱ្យគ្រប់ និងគេងឱ្យមានគុណភាព។ កុំបង្ខំរាងកាយឱ្យភ្ញាក់ម៉ោង ៥ព្រឹក ប្រសិនបើវាមានន័យថាត្រូវលះបង់ការគេងដែលរាងកាយត្រូវការ៕
ចែករំលែកព័តមាននេះ