ខេត្តកំពង់ឆ្នាំង ៖ នៅទីលានសួនច្បារវិមានឯករាជ្យមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តនាព្រឹកថ្ងៃទី៨ កុម្ភៈ មានរៀបចំពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនកាយប្ញទ្ធិខេត្តចំនួន៦៧នាក់ ក្នុងនោះមានលោកអភិបាលរងខេត្តជាច្រើននាក់ផងដែរ ក្រោមអធិបតីភាពលោកអ៊ីន វីរៈជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានកាយប្ញទ្ធិជាតិកម្ពុជា លោកទូច ម៉ារីម ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខេត្ត ព្រមទាំងសមាជិក សមាជិកា កាយប្ញទ្ធិកម្ពុជាចូលរួមជាង៥ពាន់នាក់ ។
ថ្លែងក្នុងឱកាសនោះ លោកទូច ម៉ារីម អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា ក្រុមកាយប្ញទ្ធិខេត្តកំពង់ឆ្នាំងត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០០០ ដោយមានសមាជិក១៣នាក់ ក្នុងនោះស្រី២នាក់តែប៉ុណ្ណោះ លុះដល់ថ្ងៃទី៦ មិថុនា ឆ្នាំ២០០១ ក្រុមកាយប្ញទ្ធិខេត្តបានកើនសមាជិកមានចំនួន៥៨នាក់ នារី៨នាក់ និងសមាជិកវិទ្យាល័យព្រះបាទសុរាម្រឹតមានចំនួន៣២៥នាក់ ក្នុងនោះស្រី១២៩នាក់ ។ អាស្រ័យដោយសំណូមពររបស់កាយប្ញទ្ធិកម្ពុជាឱ្យមានការរីកចំរើន និងឆ្លើយតបទៅនឹងតំរូវការនេះ បច្ចុប្បន្នក្រុមកាយប្ញទ្ធិកម្ពុជាខេត្តកំពង់ឆ្នាំងបានកើនឡើងដល់ទៅ៦.៣១៧នាក់ ក្នុងនោះស្រី៣.១០៤នាក់ ដែលសមាជិកទាំងនេះមាននៅតាមបណ្តាស្រុក-ក្រុងទាំង៨ តាមសាលារៀន វិទ្យាល័យ អនុវិទ្យាល័យគ្រប់ស្រុក និងខេត្តផងដែរ ។ ក្នុងនោះបានបើកវគ្គរៀនសូត្រដល់ថ្នាក់ដឹកនាំក្រុមកាយប្ញទ្ធិចំនួន៣វគ្គ មានសិក្ខាកាមចំនួន១៧២នាក់ ។ បច្ចុប្បន្ន ក្រុមកាយប្ញទ្ធិកម្ពុជាខេត្ត ក៏ដូចទូទាំងប្រទេសមានសក្តានុពលភាពទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា និងស្មារតី ដើម្បីបំរើឱ្យផលប្រយោជន៍សង្គមជាតិ ពេញដោយមោទនភាពរបស់ជាតិយើង ។ នេះសបញ្ជាក់ថា ក្រុមកាយប្ញទ្ធិកម្ពុជា សម័យសម្តេចតេជោ ហ៊ុន សែន គឺជាកាយប្ញទ្ធិដ៏រឹងមាំសំរាប់ជាសសរទ្រូងប្រទេសជាតិមាតុភូមិដ៏ថ្លៃថ្លារបស់យើង ។
លោកអ៊ិន វីរៈជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានកាយប្ញទិ្ធកម្ពុជា មានប្រសាសន៍ថា លោកសូមពាំនាំនូវសេចក្តីនឹករលឹករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនដល់លោក លោកស្រីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសក្មួយៗក្រុមកាយប្ញទ្ធិកម្ពុជាខេត្តក្នុងថ្ងៃនេះ ។ សូមវាយតំលៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំដែលបានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្តកសាងពង្រីកក្រុមកាយប្ញទ្ធិកម្ពុជាតាមខេត្តទូទាំងប្រទេស ធ្វើឱ្យមានការរីកចំរើនទូទាំងប្រទេស ប្រកបដោយបរិមាណ និងគុណភាព រហូតដល់មានការទទួលស្គាល់ពីបណ្តាប្រទេសលើសាកលលោក ។
ក្រុមកាយប្ញទ្ធិកម្ពុជាបានបង្កើតឡើងដើម្បី ឱ្យក្មួយៗនិងយុវជនមានឆន្ទៈប្រកាន់ជំហររឹងមាំមានលំនឹងក្នុងជីវិត ហ៊ានពុះពារជំនះរាល់ឧបសគ្គ និងប្រឹងប្រែងសិក្សារៀនសូត្រឱ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ក្នុងសង្គមជាតិ ។ កាយប្ញទ្ធិកម្ពុជាក៏បានបង្កើនឱ្យមានភាពជិតស្និទ្ធ និងគោរពគ្នាទៅវិញទៅមក ដោយឱ្យមានការបោះតង់ស្នាក់នៅជាមួយគ្នារវាងកុមារ យុវជន និងចាស់ៗផងដែរ ។ យើងត្រូវដឹងថា ចាស់ៗលោកមានបទពិសោធន៍ច្រើនជាងក្មេង ប៉ុន្តែក្មេងសម័យនេះជាសម័យកុំព្យូទ័រ សម័យអ៊ីនធើរណេត ដោយហេតុនេះហើយមានពាក្យមួយឃ្លាលើកឡើងថា ចាស់ៗជាសសរទ្រូងនៃប្រទេសជាតិ និងក្មួយៗក្មេងជាទំពាំងស្នងប្ញស្សីនៃប្រទេសជាតិផងដែរ ៕
ចែករំលែកព័តមាននេះ