បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយរបស់ TP-Link មនុស្សជាច្រើនជួបបញ្ហា WiFi ខ្សោយ ឬដាច់ៗ ទោះប្រើអ៊ីនធឺណិតល្បឿនលឿនក៏ដោយ។ ប៉ុន្តែបញ្ហាអាចមិនមែនមកពីកញ្ចប់អ៊ីនធឺណិតទេ តែអាចបណ្តាលពី ទីតាំងដាក់ Router ដែលមិនសមស្រប។
អ្នកជំនាញណែនាំឱ្យដាក់ Router នៅកន្លែងកណ្តាលផ្ទះ ទីតាំងខ្ពស់ពីដី និងមានខ្យល់ចេញចូលល្អ ដើម្បីឱ្យសញ្ញាអាចរាលដាលបានទូលំទូលាយ និងស្មើគ្នា។
កន្លែងដែលគួរជៀសវាង គឺដាក់ Router លើឥដ្ឋ ជាប់ជ្រុងជញ្ជាំង ក្នុងទូបិទជិត ក្រោយទូរទស្សន៍ ឬជិតវត្ថុលោហៈធំៗ ដូចជាទូទឹកកក។ ទីតាំងទាំងនេះអាចរារាំង ឬបង្វែររលកសញ្ញា ហើយថែមទាំងធ្វើឱ្យ Router បញ្ចេញកម្តៅមិនបានល្អ ដែលអាចប៉ះពាល់ដល់ប្រសិទ្ធភាព និងអាយុកាលឧបករណ៍។
គួរជៀសវាងដាក់ Router ជិតឧបករណ៍អេឡិចត្រូនិកមួយចំនួន ដូចជា មីក្រូវ៉េវ ទូរស័ព្ទឥតខ្សែ ឧបករណ៍ Bluetooth និងកាមេរ៉ាឥតខ្សែ ព្រោះវាអាចបង្កការរំខានដល់សញ្ញា ជាពិសេសលើប្រេកង់ 2.4GHz។ ក៏មិនគួរដាក់ Router ពីរនៅជិតគ្នាពេកដែរ ព្រោះអាចបង្កការរំខានគ្នា។
សម្រាប់ផ្ទះច្រើនជាន់ គួរដាក់ Router នៅទីតាំងខ្ពស់លើជាន់ផ្ទាល់ដី ឬជាន់កណ្តាល ដើម្បីឱ្យសញ្ញាគ្របដណ្តប់បានល្អទាំងខាងលើ និងខាងក្រោម។ ប្រសិនបើផ្ទះធំ មានជញ្ជាំងបេតុងច្រើន ឬមានចាប់ពី ៣ ជាន់ឡើងទៅ ហើយ Router មួយមិនអាចគ្របដណ្តប់បានទាំងអស់ អាចពិចារណាប្រើប្រព័ន្ធ WiFi Mesh ឬឧបករណ៍ពង្រីកសញ្ញា។
សរុបមក មុននឹងសម្រេចប្តូរកញ្ចប់អ៊ីនធឺណិត ឬទិញ Router ថ្មី គួរសាកល្បងផ្លាស់ទី Router ទៅកន្លែងកណ្តាល ខ្ពស់ និងបើកចំហជាមុនសិន ព្រោះការរៀបចំទីតាំងត្រឹមត្រូវអាចជួយកែលម្អគុណភាព WiFi បានយ៉ាងច្រើន៕
ចែករំលែកព័តមាននេះ