ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ផលិត​កាបូប​ជាង​២,០០០​នាក់​ ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ដក​អ្នកគ្រប់គ្រង​ចេញ

3 អាទិត្យ មុន

រាជធានី​​ភ្នំពេញ​ ៖ កម្មករ កម្មការិនី​ជាង​២,០០០​នាក់ ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ផលិត​កាបូប «​ជេ​អេស លេ​ឌើ​រ ខ​ល​លិ​កសិន ភ្នំពេញ ឯ​.​ក» (​រោងចក្រ​ទី​២) ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ប្រមូលផ្ដុំ​គ្នា​ ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៦ ។

កម្មករ​បាន​និយាយ​ថា រោងចក្រ​នេះ​ គឺជា​រោងចក្រ​ផលិត​កាបូប​ ដែល​មាន​កម្មករ​ជាង​២​ពាន់​នាក់ ​កំពុង​បម្រើ​ការងា​នៅ​ក្នុង​នោះ ហើយ​ភាគច្រើន​ជា​ស្ត្រី រីឯ​ការ​ធ្វើ​កូដកម្ម​ខាងលើ​នោះ គឺ​ដើម្បី​តវ៉ា​ទាមទារ​ដក​អ្នកគ្រប់គ្រង​រោងចក្រ​ជនជាតិ​កូរ៉េ​ចេញ ​តែ​ម្ដង។ ព្រោះតែ​អ្នកគ្រប់គ្រង​រោងចក្រ​រូប​នោះ បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ និង​ជេរ​ប្រមាថ​ដាក់​កម្មករ ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ទទួលយក​បាន ​នូវ​សម្ដី​អសុរ​ស​នោះ​បាន​ឡើយ ហើយ​ពួក​គាត់​ក៏​មានការ​ទាមទារ​ នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ ។

នគរបាល​បាន​ប្រាប់​ថា កម្មករ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ខាងលើ​នោះ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ ពុំ​មាន​អំពើ​ហិង្សា​កើតឡើង​នោះ​ទេ ពួក​គាត់​បាន​ទាមទារ​ឱ្យ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​អាជ្ញាធរ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ជួយ​ដោះស្រាយ​ជូន​ពួក​គាត់។ ដោយឡែក​នៅ​ក្នុង​រោងចក្រ​នោះ ​បច្ចុប្បន្ន​មាន​សហជីព​ចំនួន​៤ ក្នុង​នោះ​ទី​១.​សហជីព​អភិវឌ្ឍន៍​ចលនា​ការងារ​កម្ពុជា ​នៃ​ក្រុមហ៊ុន ជេ​អេស លេ​នើ​រ ខន​លិ​កសិន ភ្នំពេញ សាខា​ទី​២ ។ ​ទី​២.​សហជីព ស្មារតី​កម្មករ​ខ្មែរ ក្រុមហ៊ុន ជេ​អេស លេ​នើ​រ ខ​ល​លិ​កសិន ភ្នំពេញ ឯ​.​ក សាខា​ទី​២ ។ ទី​៣.​សហជីព​ឯករាជ្យ​នៃ​រោងចក្រ ជេ​អេស លេ​ខើ​រ ខ​ល​លិ​កសិន ភ្នំពេញ ឯ​.​ក ទី​២ ។ និង​ទី​៤.​សហជីព​កម្ពុជា​នៃ​ក្រុមហ៊ុន ជេ​អេស​លេ​នើ​រ ខ​ល លិ​កសិន ភ្នំពេញ ឯ​.​ក រោងចក្រ​ទី​២ ។

នគរបាល​បាន​ប្រាប់​បន្ត​ថា នាយក​រោងចក្រ​ឈ្មោះ ​HWANG SANGHA ភេទ​ប្រុស សញ្ជាតិ​កូរ៉េ​ខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M… សញ្ជាតិ​កូរ៉េ​ខាងត្បូង ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រីឯ​អ្នកគ្រប់គ្រង ​ដែល​រង​ការ​ថ្នាំងថ្នាក់​ពី​កម្មករ​នោះ​ឈ្មោះ​ WANG EUMLEE ។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា កម្មករ កម្មការិនី​រោងចក្រ​ខាងលើ​ធ្វើ​កូដកម្ម​បែប​នេះ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​មន្ត្រី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល ជួប​ដោះស្រាយ​ជាមួយ​កម្មករ និង​តំណាង​រោងចក្រ ដើម្បី​ពន្លត់​កំហឹង​កម្មករ កុំ​ឲ្យ​បន្ត​ធ្វើ​កូដកម្ម​បន្ត​ទៀត ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ថា ចំពោះ​លទ្ធផល​ នៃ​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​នោះ​បាន​ឯកភាព​គ្នា​ដូច​ខាងក្រោម​៖
១-​លោក WANG EUMLEE (​អ្នកគ្រប់គ្រង​) សន្យា​ថា​ កែប្រែ​ពាក្យ​សម្តី និង​ឥរិយា​បទ​មិន​សមរម្យ​របស់​ខ្លួន ឱ្យ​បាន​ល្អ​ប្រសើរ និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករនិយោជិត​ទៀត​ទេ ក្នុង​ករណី​មិន​កែប្រែ គាត់​សុខចិត្ត​ចុះ​ចេញពី​តំណែង ។
២-​ក្រុមហ៊ុន​ឯកភាព​ប្តូរ​កន្លែង​ម៉ាស៊ីន​កាត់​ពុម្ព​ជ័រ​ទៅ​កន្លែង​ចាស់​វិញ ដើម្បី​កុំឱ្យ​បង្ក​មាន​ក្លិន​ប៉ះពាល់ ដល់​សុខភាព​កម្មករនិយោជិត​ក្នុងអំឡុងពេល​២​ស​ប្តា​ហ៍ ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៦ និង​ជូន​នាយកដ្ឋាន ពេទ្យ​ការងារ​ចុះ​ធ្វើ​អធិការកិច្ច ។
៣-​ក្រុមហ៊ុន​ឯកភាព​មិន​រើសអើង សហជីព ប្រតិភូ​បុគ្គលិក តំណាង​កម្មករនិយោជិត និង​រៀបចំ​ការងារ​ឱ្យកម្មករនិយោជិត​ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ កិច្ចសន្យាការងារ និង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន ។
៤-​លោក ពៅ វី​រៈ (​ជាងភ្លើង​) យល់ព្រម​ចូល​បម្រើ​ការងារ​ជា​ធម្មតា​តាម​តួនាទី ភារកិច្ច​ខ្លួន ក្នុង​ករណី​ក្រុមហ៊ុន រក​ឃើញ​ថា​មិន​ព្រម​បម្រើ​ការងារ​តាម​ភារកិច្ច​ខ្លួន ក្រុមហ៊ុន​នឹង​ចាត់វិធានការ​អនុវត្ត​តាម​បទបញ្ជាផ្ទៃក្នុង​ក្រុមហ៊ុន និង ច្បាប់​ស្តី​ពី​ការងារ ។
៥-​កម្មករនិយោជិត​សន្យា​ប្រឹងប្រែង​បំពេញការងារ​តាម​តួនាទី ភារកិច្ច គោរព​បទបញ្ជាផ្ទៃក្នុង​សហគ្រាស និង​ច្បាប់​ស្តី​ពី​ការងារ​។ កម្មករនិយោជិត​ឯកភាព​បញ្ចប់​វិវាទ និង​មិន​ដឹកនាំ​ធ្វើ​កូដកម្ម ដោយ​រាល់​បញ្ហា​ដែល​កើត​មាន ត្រូវ​មក​ពិភាក្សា​គ្នា​នៅ​ថ្នាក់​សហគ្រាស​តាម​សន្តិវិធី ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម។
៦-​ភាគី​និយោជក និង​បងប្អូន​កម្មករនិយោជិត ធានា​អនុវត្ត​ត្រឹមត្រូវ​ស្រប​តាម​ផ្លូវច្បាប់​ស្តី​ពី​ការងារ និង​លិខិត បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ ក្នុង​ករណី​ភាគី​ណាមួយ​អនុវត្ត​ល្មើសច្បាប់ និង​មិន​អនុវត្ត​តាម​កិច្ចព្រមព្រៀង ភាគី​ទាំង​ពីរ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។
៧-​បងប្អូន​កម្មករនិយោជិត​ឯកភាព​ចូល​បម្រើ​ការងារ​ធម្មតា​វិញ នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៦ និង​មិន​មាន ការ​គុំ​គួ​ន​គ្នា​ទៅ​ថ្ងៃក្រោយ ៕