អន្តរជាតិ ៖ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) សហព័ន្ធបាល់ទាត់អាមេរិកខាងជើង កណ្តាល និងការីបៀន (Concacaf) និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានសម្តែងការខកចិត្តយ៉ាងខ្លាំង និងបង្ហាញជំហរមិនគាំទ្រផែនការរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលចង់លក់ភាគហ៊ុនពាណិជ្ជកម្ម និងកម្មវិធីប្រកួតរបស់ខ្លួន (FIFA) រួមទាំងព្រឹត្តិការណ៍ World Cup ទាំងបុរស-នារីផងនោះ ទៅឱ្យក្រុមអ្នកវិនិយោគឯកជន។
FIFA បានស្នើឡើងនូវផែនការមួយក្នុងការលក់ភាគហ៊ុននៃពានរង្វាន់ World Cup និងព្រឹត្តិការណ៍ផ្សេងទៀតទៅឱ្យវិនិយោគិនឯកជន ដែលបង្កឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីសហព័ន្ធជាសមាជិករបស់ខ្លួន។ យោងតាមផែនការដែលបានប្រកាសដោយ FIFA កាលពីថ្ងៃអង្គារ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយមានតម្លៃ ២០ ពាន់លានដុល្លារអាមេរិក នឹងត្រូវបង្កើតឡើងដើម្បីគ្រប់គ្រងការប្រកួតពានរង្វាន់ World Cup និងព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួននឹងរក្សាភាគហ៊ុនភាគច្រើនក្នុងក្រុមហ៊ុនថ្មីនេះ ដោយផ្តល់ភាគហ៊ុនភាគតិចទៅឱ្យវិនិយោគិនឯកជន ដើម្បីកៀរគរទុនឱ្យបានរហូតដល់ ៤,២ ពាន់លានដុល្លារ។
ផែនការនេះនៅតែត្រូវឆ្លងកាត់ការបោះឆ្នោតពីសមាគមសមាជិកទាំង ២១១ របស់ FIFA។ ដ្បិត FIFA បញ្ជាក់ថា បើទទួលជោគជ័យ ក្រុមអ្នកវិនិយោគដែលបានស្នើឡើងនោះ ត្រូវបានរំពឹងថានឹងដឹកនាំដោយក្រុមហ៊ុនមួយ បង្កើតដោយលោក Joshua Kushner ដែលត្រូវជាប្អូនប្រុសរបស់លោក Jared Kushner កូនប្រសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
ជាមួយគ្នានោះ ប្រធាន FIFA លោក Gianni Infantino បានសរសេរលិខិតផ្ញើទៅកាន់សមាគមសមាជិក FIFA ទាំងអស់ថា ពួកគេនឹងទទួលបានទឹកប្រាក់ ៤០ លានដុល្លារ ប្រសិនបើពួកគេគាំទ្រសំណើនេះ ដោយកំណត់ត្រឹមថ្ងៃទី១៩ ខែកញ្ញា ឱ្យសហព័ន្ធសមាជិកទាំងអស់សម្រេចចិត្ត ដើម្បីអាចទទួលបានប្រាក់ដំបូង ២០ លានដុល្លារ។
ជាមួយនឹងសំណើដ៏ចម្រូងចម្រាសនេះ ក្រោយកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ សមាគមសមាជិកទាំង ៥៥ របស់អឺរ៉ុប បានបោះឆ្នោតធ្វើពហិការចូលរួមប្រកួត World Cup ប្រសិនបើ FIFA នៅតែបន្តផែនការលក់ភាគហ៊ុនការប្រកួតទៅឱ្យក្រុមវិនិយោគិនឯកជន។
ទន្ទឹមនេះដែរ សហព័ន្ធបាល់ទាត់ Concacaf ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup ឆ្នាំនេះផងនោះ បានបញ្ជាក់ថា សមាជិកទាំង ៤១ របស់ខ្លួន បានបដិសេធសំណើដែលធ្វើឡើងដោយប្រធាន FIFA បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃព្រហស្បតិ៍។ ស្របពេលប្រភពនានាបានឱ្យដឹងថា បណ្តាប្រទេសនៅក្នុងតំបន់ Concacaf កំពុងតែបាត់បង់ទំនុកចិត្តខ្លាំងលើលោក Infantino ផងដែរ។
ក្រៅអំពី UEFA និង Concacaf ដែលប្រតិកម្មជាមួយសំណើនេះ ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ឯណេះវិញ គឺលោក Sheikh Salman bin Ebrahim Al Khalifa ក៏បានរិះគន់យ៉ាងខ្លាំងចំពោះការមិនផ្តល់ដំណឹង ឬពិភាក្សាពិគ្រោះយោបល់របស់ FIFA ជុំវិញផែនការលក់ភាគហ៊ុន World Cup ទៅឱ្យវិនិយោគិនឯកជន ដោយចាត់ទុកទង្វើនេះថា មិនអាចទទួលយកបានទាំងស្រុង ហើយកំពុងបំផ្លាញរចនាសម្ព័ន្ធទ្វីបដែលមានស្រាប់របស់វិស័យកីឡាមួយនេះ។
មតិយោបល់លើកឡើងចំៗ និងប្លែកខុសពីធម្មតារបស់ប្រធាន AFC ជនជាតិបារ៉ែនវ័យ៦០ឆ្នាំរូបនេះ ធ្វើឡើងនៅក្នុងលិខិតមួយច្បាប់ផ្ញើជូនសមាគមសមាជិកទាំង ៤៧ របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍។ លោកបានបញ្ជាក់ថា សំណើនេះនឹងមិនជោគជ័យនោះទេ បើគ្មានការគាំទ្រពីសហព័ន្ធទាំងអស់ ដោយលោកបានអំពាវនាវឱ្យមានការពិនិត្យ និងពិភាក្សាឱ្យបានហ្មត់ចត់ តាមរយៈបណ្តាញច្បាប់ និងអភិបាលកិច្ចសមស្រប ចំពោះសំណើរបស់ប្រធាន FIFA ក៏ដូចជាបានចោទសួរអំពីរយៈពេលដ៏ខ្លី ដែលបានផ្តល់ឱ្យសមាគមជាសមាជិកនៅក្នុងការអនុម័តផែនការនេះផងដែរ៕ ប្រភព ៖ BBC, Reuters និង Aljazeera


ចែករំលែកព័តមាននេះ