ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេចតេជោ​ ៖ ត្រៀមធ្វើ​​​ការយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​​លោកជំទាវយីង ឡាក់ ដើម្បី​​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ខ្ញុំ​ត្រៀម​​ខ្លួនរង់ចាំ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកជំទាវ ដើម្បី​​បម្រើ​បុព្វ​ហេតុ​​​​ផលប្រយោជន៍​ប្រទេស​ជាតិ​ និង​ប្រជាជន​​យើងទាំង​​២ និង​ដោះស្រាយ​រាល់​បញ្ហា​​ដោយ​​សន្តិវិធី​​ដែលនឹង​​​លើកស្ទួយ​​​ភាពសុខ​ដុម រវាង​ប្រជាជាតិ​​យើង ​ព្រមទាំង​​​រួមចំណែក​ថែ​រក្សា​​សន្តិភាព​​ ស្ថិរភាព និងវិបុល​ភាព​ក្នុង​តំបន់​។

រាជធានីភ្នំពេញ​​ ៖ ​ខ្ញុំ​ត្រៀម​​ខ្លួនរង់ចាំ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកជំទាវ ដើម្បី​​បម្រើ​បុព្វ​ហេតុ​​​​ផលប្រយោជន៍​ប្រទេស​ជាតិ​ និង​ប្រជាជន​​យើងទាំង​​២ និង​ដោះស្រាយ​រាល់​បញ្ហា​​ដោយ​​សន្តិវិធី​​ដែលនឹង​​​លើកស្ទួយ​​​ភាពសុខ​ដុម រវាង​ប្រជាជាតិ​​យើង ​ព្រមទាំង​​​រួមចំណែក​ថែ​រក្សា​​សន្តិភាព​​ ស្ថិរភាព និងវិបុល​ភាព​ក្នុង​តំបន់​។ ​នេះ​​ជា​​ខ្លឹមសារ​​លិខិត​​​អបអរសាទរ​​របស់​សម្តេច​​​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​​នៃព្រះរាជាណាចក្រ​កម្ពុជា ​​​​ផ្ញើ​ជូន​​លោក​ជំទាវ​​​​យីងឡាក់ ​​ស៊ីណាវ៉ាត្រា ​​នាយករដ្ឋមន្ត្រី​​​​ថៃ កាល​​ពី​​ថ្ងៃទី​៨ សីហា ​២០១១ ក​ន្លង​មក​នេះ ។

នៅក្នុង​សារ​លិខិត​​ដដែល​បានសរសេរ​ថា​​ តា​ងនាម​​រាជ​រដ្ឋាភិបាល និងប្រជាជន​កម្ពុជា ខ្ញុំ​​​មាន​សេចក្តី​​​សោមនស្ស​​រីករាយ​​​សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ស្មោះស្ម័គ្រ​​​​បំផុត​​​ជូនចំពោះ​លោក​​ជំទាវ ក្នុង​ឱកាស​​​ដែលសភា​​តំណាង​​រាស្ត្រ​ថៃ​​​បាន​បោះ​ឆ្នោត​​អនុម័ត​​ឱ្យ​លោក​​ជំទាវជា​​​​នាយក​​រដ្ឋមន្ត្រី​​​នៃ​ព្រះរាជាណាចក្រ​ថៃ​។​ ខ្ញុំ​មាន​សុទិដ្ឋិនិយម​​យ៉ាង​ខ្លាំង ​​ដោយមាន​​ការ​ប្តេជ្ញា​​​រួម​គ្នា​ លោកជំទាវ ​​និង​ខ្ញុំ​​​ពិតជា​​នឹង​​អាច​ស្តារ​​ឡើង​វិញ​​​​នូវចំណង​​មិត្តភាព​ជាប្រពៃណី​​បង​ប្អូន ​​ជា​អ្នក​ជិត​​​ខាង​ល្អ ​​និង​មាន​​កិច្ច​សហ​ប្រតិបត្តិ​ការ​​ប្រក​ប​ដោយ​ផ្លែ​ផ្កា​ រវាង​ប្រជាជន​​​យើង​ទាំង​ពីរ​។

ខ្ញុំ​ត្រៀម​​ខ្លួន​រង់ចាំ​​​​ការ​ធ្វើ​​ការងា​រយ៉ាង​ជិត​ស្និទ្ធ​​​ជាមួយ​លោកជំទាវ ​ដើម្បី​បម្រើ​បុព្វហេតុ​​​ផល​ប្រយោជន៍​​ប្រទេស​ជាតិ ​​និងប្រជាជន​​យើង​ទាំង​ពីរ​​ និងដោះស្រាយ​​​រាល់​បញ្ហា​​​​ដោយសន្តិវិធី ​ដែលនឹង​លើក​​​ស្ទួយ​​​ភាពសុខដុម​រវាង​ប្រជាជាតិ​យើង​ ព្រមទាំង​រួមចំណែក​​ដល់សន្តិភាព ស្ថិរភាព និង​​វិបុលភាព​ក្នុង​តំបន់​។​ ខ្ញុំ​សូម​​​លោកជំទាវ​​​មេត្តាទទួល​​​នូវ​ការរាប់​អាន​ដ៏ខ្ពង់ខ្ពស់​​​អំពីខ្ញុំ ​​និង​សូម​​ជូនស័​ព្ទ​សាធុការពរ​បវរ​មហា​ប្រសើរ​ សូម​ឱ្យ​​​លោកជំទាវ ​​ទទួលបាន​​​ជោគ​ជ័យ​​កាន់តែ​ធំ​​​ធេង​​ក្នុង​​​ភារកិច្ច​ដ៏ឧត្ដុង្គ​ឧត្តម​​នា​ពេល​​ខាងមុខ​​ ដើម្បី​នាំ​​មកនូវ​​​សុភមង្គល និង​ភាព​សម្បូរ​រុងរឿង​​ជូនប្រទេស និង​ប្រជាជន​​ថៃ ។

សូមបញ្ជាក់​​ថា លោកស្រីយីងឡាក់ ​ស៊ីណា​វ៉ាត្រា អតីតជា​​អ្នក​ជំនួញស្រស់​ស្អាត​​​ម្នាក់ ស្ថិត​ក្នុង​​វ័យ​៤៤​ឆ្នាំ​ ​បានក្លាយ​​ជា​បេក្ខ​នារី​តែម្នាក់​គត់​ដែល​ទទួល​ការ​គាំទ្រ​ពីសមា​ជិក​សភា​ដល់​ទៅ​២៩០​រូប​ក្នុង​ចំណោម​សមា​ជិក​សភា​ថ្មី​ទាំង​៤៩៦​រូប​ដែល​ចូល​រួម​បោះ​ឆ្នោត​អនុ​ម័តជ្រើស​តាំង​​​​នាយក​រដ្ឋមន្ត្រី​​​។ នេះ​ជាការ​ប្រកាស​ផ្លូវ​ការ​​របស់​ប្រធាន​សភា​ថ្មី​ថៃ។ តួ​លេខ​នេះ​គឺ​ជិត​ស្មើ​នឹង​ចំនួន​សមា​ជិក​សភា​នៃ​ក្រុម​ចម្រុះ​មាន​សមា​ជិក​សភា​៣០០​រូប​ដែល​គណ​បក្សភឿ​ថៃ​ជា​អ្នក​ឈ្នះ​ឆ្នោត​សភា​​​បង្កើត​ឡើង​ជា​មួយ​គណ​បក្ស​៥​ទៀត​។

បណ្តា​សមា​ជិក​សភា​នៃ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​របស់​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​លោក​អាប់​ភី​ស៊ីត​ វេ​ចា​ជីវ៉ា​ ដែល​ក្លាយ​ជា​គណ​បក្ស​ប្រឆាំង​បាន​បោះ​ឆ្នោត​អនុប្ប​វាទ​យ៉ាងច្រើន។  លោក​ស្រី​យីង​ឡាក់​ មាន​អ្នក​បោះ​ឆ្នោត​ប្រឆាំង​ជំទាស់​តែ​៣​សម្លេង​ ហើយ​អនុប្ប​វាទ​​មាន​ដល់​១៩៧​សម្លេង​។

លោកស្រី​យីង​ឡាក់​ ស៊ីណាវ៉ាត្រា កាលពី​ថ្ងៃទី​៨​ សីហា ​បានដឹកនាំ​​​គណៈរដ្ឋ​មន្ត្រី​ចូលបង្គំ​គាល់​ព្រះ​​មហាក្សត្រ​ ហើយត្រូវ​បាន​ព្រះ​មហា​ក្សត្រ​​ថៃ​ឡាយព្រះហស្តលេខា​​ឱ្យ​ចូលកាន់​តំណែង​ជា​ផ្លូវ​ការ​​​។ លោកស្រី​យីង​ឡាក់​បាន​ដឹក​នាំ​គណ​បក្ស​ភឿ​ថៃ​សម្រេច​បាន​ជ័យ​ជំនះ​យ៉ាង​ធំ​ធេង​ក្នុង​ការ​បោះ​ឆ្នោត​សភា​ថៃ​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា កន្លង​មក​នេះ​។

ការ​ប្រឈម​សំខាន់​របស់​​នាយក​រដ្ឋ​មន្ត្រី​ថ្មី​រូប​នេះ​​រួម​មាន​​ដូច​​ជា​ការ​ខំប្រឹង​ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​ឡើង​វិញ​ក្នុង​ប្រទេស​ថៃ​​ ទប់​ស្កាត់​-ដោះស្រាយ​ការធ្វើ​​បាតុ​កម្ម​​ធំៗ​ ដែល​កើតមាន​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​បង​ប្រុស​លោកស្រី​​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០០៦​មក ៕