ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! ក្រុម​បាល់ទះ​បុរស​កម្ពុជា​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​ហើយ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់ទះ​បុរស​កម្ពុជា​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា បន្ទាប់
ពី​បាន​ទៅ​បំពេញបេសកកម្ម​ប្រកួត​ពានរង្វាន់​6th SEA V.Cup2026 នៅ​ប្រទេស​ហ្វី​លី​ពី​ន​និង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ និង​បាន​នាំ​មក​ជាមួយ​នូវ​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​ជូន​ជាតិ​មាតុភូមិ​។

គួរ​រម្លឹក​ថា ក្រុម​ប្រតិភូ​កីឡាបាល់ទះ​កម្ពុជាបាន​ចូលរួម​បំពេញបេសកកម្ម​ប្រកួត​ក្នុង​ក្របខណ្ឌ​ពានរង្វាន់​អាស៊ាន​6th SEA V.Cup2026​ក្នុង​ជុំ​ទី​១ នៅ​ទីក្រុង​Candon​ប្រទេស​ហ្វី​លី​ពី​នដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៩ ខែកក្កដា ដណ្ដើម​បាន​មេដាយមាស​។

ពេល​ចូលរួម​ប្រកួត​ក្នុង​ជុំ​ទី​២​នៃ​ព្រឹត្តិការណ៍​ដដែល​នៅ​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦​ខែ កក្កដា ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤​។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​លោក​ជំទាវ កែវ​សួន​សុ​ភី បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​លើកទឹកចិត្ត​ផ្ទាល់​ការ​វិល​ត្រឡប់​មក​វិញ​របស់​ក្រុម​ប្រតិភូ​កីឡាបាល់ទះ​កម្ពុជា​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​មរតក​តេ​ជោ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា​។​រីឯ​ក្បួន​ដង្ហែ​បាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម​ពី​អាកាសយានដ្ឋាន​មរតក​តេ​ជោ​ចូល​មក​រាជធានី​ភ្នំពេញ​ឆ្លងកាត់​តាម​ដងផ្លូវ​សំខាន់​ៗ​រួម​មាន​៖ តាម​បណ្ដោយ​មហាវិថី​សម្ដេច​ហ៊ុន សែន​(​ផ្លូវ​៦០​ម៉ែត្រ​) ឆ្ពោះ​មក​វិមាន​ឯករាជ្យ កោះ​ពេជ្រ ព្រះ​បរមរាជវាំង ហ្គ្រេ​ន​ភ្នំពេញ និង​បញ្ចប់​នៅ​ទីតាំង​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​វិសាខា​នៅ​ត្រឹម​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​។

សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​បាល់ទះ​ដណ្ដើមពានរង្វាន់​អាស៊ាន​លើក​ទី​៦​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ក្នុង​ជើង​ទី​១​ក្រុម​បាល់ទះ​បុរស​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​ខ្លាំង​ៗ​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន​ក្នុង​លទ្ធផល​៣​សិត​ទល់​២​សិត និង​យកឈ្នះ​លើ​ក្រុម​ប្រទេស​ថៃ​៣​សិត​ទល់​១​សិត និង​ការ​ប្រកួត​ចុង​ក្រោយ​បាន​យកឈ្នះ​លើ​ក្រុម​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជាមួយនឹង​លទ្ធផល​៣​សិត​ទល់​២​សិត​រហូត​ដណ្ដើម​បាន​មេដាយមាស​។

រីឯ​ការ​ប្រកួត​ជុំ​ទី​២​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​វិញ​គេ​សង្កេត​ឃើញ​ថា ក្រុម​បាល់ទះ​បុរស​កម្ពុជា​បាន​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព​តែ​ម្ដង​។

ប៉ុន្តែ​ដោយ​ការ​ប្រកួត​ជាប់​ៗ​គ្នា​ពេក​ធ្វើ​ឱ្យ​កីឡាករកម្ពុជា​ធ្លាក់​កម្លាំង​បន្តិច​រហូត​ចាញ់​អស់​២​ប្រកួត​ឈ្នះ​១​ប្រកួត ដណ្ដើម​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា ទាំង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស​មានការ​សាទរ​យ៉ាង​ខ្លាំង ព្រោះ​ការ​ដណ្ដើម​បានមេដាយមាស​កាលពី​ជើង​ទី​១​នៅ​ប្រទេស​ហ្វី​លី​ពី​ន បាន​ចារ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម​ជម្រើសជាតិ​បាល់ទះ​បុរស​កម្ពុជា បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។

ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង​ឱកាស​ទទួល​ក្រុម​ប្រតិភូ​កីឡាបាល់ទះ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ស សុខា និង​ភិ​យា ជួសមុខ​ឱ្យ​មហា​គ្រួសារ​បាល់ទះ​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​ប្រតិភូ ក្រុមការងារ​គ្រូបង្វឹក និង​ប្អូន​ៗ​កីឡាករ​ដែល​ខិតខំ​ប្រឹងប្រែង​ប្រកួត​លើ​ឆាក​អន្តរជាតិ​រហូត​ដណ្ដើម​បាន​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ ៕