ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​ឡើងថ្លៃ​ភ្លាម​ៗ ដោយសារ​ភាព​តានតឹង​អា​មេ​រិ​ក​-​អ៊ី​រ៉​ង់​កើន​កម្តៅ និង​ហានិភ័យ​នៃ​ការ​បិទ​ច្រក​សមុទ្រ​ក្រហម

23 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​កើនឡើង​ជាង ១% នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ី​រ៉​ង់​បាន​បង្កើន​ការ​វាយប្រហារ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ទូ​ទាំង​តំបន់​ឈូង​សមុទ្រ បាន​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំង​ពីរ​ត្រូវ​រលាយ នាំ​ឱ្យ​លំហូរ​ប្រេង​ចេញពី​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ធ្លាក់​ចុះ​ខ្លាំង​។ ទន្ទឹម​នឹង​នេះ អ៊ី​រ៉​ង់​ក៏​បាន​ស្នើ​ឱ្យ​ចលនា​ហ៊ូ​ទី (Houthi) ត្រៀមលក្ខណៈ​ជា​ស្រេច ដើម្បី​បិទផ្លូវ​នាំ​ចេញ​នៅ​សមុទ្រ​ក្រហម​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

តម្លៃ​ប្រេង​ឆៅ Brent ស្តង់ដា​អន្តរជាតិ​បាន​កើនឡើង ១,០៥ ដុល្លារ​អា​មេ​រិ​ក ឬ​ប្រហែល ១,២៥% ឡើង​ដល់ ៨៥,២៨ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ៨ ព្រឹក (​ម៉ោង​នៅ​កម្ពុជា​)​។ រីឯ​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក West Texas Intermediate (WTI) បាន​កើនឡើង ១,០៣ ដុល្លារ ឬ ១,៣% ឡើង​ដល់ ៧៩,៩៨ ដុល្លារ​ក្នុង​១​បារ៉ែល​។ ការ​ជួញដូរ​ប្រេង​ឆៅ​ទាំង​ពីរ​បាន​ហក់​ឡើង​ជិត ១២% ក្នុង​ស​ប្តា​ហ៍​នេះ​។

ជា​លើក​ដំបូង​ចាប់តាំងពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) បាន​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​កាលពី​ខែ​មុន ប៉ុន្តែ​ថ្មី​ៗ​នេះ សហរដ្ឋ​អាមេរិក​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ទ្រង់ទ្រាយ​ធំ​២​លើក​ក្នុង​រយៈពេល​តែ​១​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ដោយ​ភាគច្រើន​លើ​គោលដៅ​នានា ជិត​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​អ៊ី​រ៉​ង់ និង​បាន​បន្ត​វាយប្រហារ​ទៀត កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា កន្លង​ទៅ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ បញ្ជាការដ្ឋាន​កណ្តាល​សហរដ្ឋអាមេរិក (CENTCOM) បានឱ្យ​ដឹង​ថា កងកម្លាំង​អា​មេ​រិ​កបាន​ចាប់ផ្តើម​រលក​នៃ​ការ​វាយប្រហារ​ថ្មី​ប្រឆាំង​ប្រទេស​អ៊ី​រ៉​ង់​ជា​យប់​ទី​៦​ជាប់​ៗ​គ្នា ដើម្បី​បន្ត​បន្ទច់បង្អាក់​សមត្ថភាព​យោធា​របស់​ប្រទេស​នេះ​។ ជា​ការ​ឆ្លើយ​តប អ៊ី​រ៉​ង់​ក៏​បាន​វាយបក​វិញ​ដោយ​ប្រើប្រាស់​មី​ស៊ី​ល និង​ដ្រូ​ន សំដៅលើ​មូលដ្ឋានទ័ព​អា​មេ​រិ​ក​ក្នុង​បណ្តា​ប្រទេស​ជិតខាង រួម​ទាំង​ការ​វាយប្រហារ​ដ៏​ខ្លាំងក្លា​លើ​មូលដ្ឋាន​ទ័ពអាកាស​មួយ​កន្លែង​ក្នុង​ប្រទេស​ហ្ស​ក​ដា​នី​។

យ៉ាងណាមិញ អ្វី​ដែល​រឹតតែ​បង្កើន​ការ​បារម្ភ​ខ្លាំង​លើ​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​នោះ​គឺ មេដឹកនាំ​អ៊ី​រ៉​ង់​បាន​ប្រាប់​ក្រុម​សម្ព័ន្ធមិត្ត​ហ៊ូ​ទី​របស់​ខ្លួន​ឱ្យ​ត្រៀមលក្ខណៈ​បិទផ្លូវ​ដឹក​ប្រេង​តាម​សមុទ្រ​ក្រហម ប្រសិនបើ​សហរដ្ឋអាមេរិក​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ី​រ៉​ង់​៕