ខេត្តបាត់ដំបង ៖ ក្រុមចោរហារយ ដែលគេអះអាងថា បានបំប្លែងខ្លួនចេញពីក្រុមក្រុមក្មេងទំនើង ហើយតែងបង្កការអុកឡុកអ្នកស្រុកបាណន់ និងលួចទ្រព្យសម្បត្តិអ្នកភូមិស្ទើរទាំងយប់ទាំងថ្ងៃ គ្មានសល់អ្វីនៅតាមតូបលក់ដូរកន្លងមក ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានជាង ១០នាក់ហើយ ដោយឡែកបក្ខពួកប៉ុន្មាននាក់ទៀត សមត្ថកិច្ច បាននិងកំពុងតាមចាប់ខ្លួនបន្ត ។
អធិការស្រុកបាណន់ លោក ហេង បារាំង បានផ្ដល់ព័ត៌មានបឋមតាមទូរសព្ទថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងចាប់តាំងពីម៉ោង៧ព្រឹក ថ្ងៃទី០៩ កក្កដា រហូតមកទល់នឹងពេលនេះ ក្រោមបទបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត។ ហើយបើគិតត្រឹមម៉ោង ១រសៀលថ្ងៃដដែលនេះ កម្លាំងរបស់លោក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំឈើទាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមចោរហារយនេះ បានចំនួន ១៦នាក់ហើយ ។
លោកបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញ បាននិងកំពុងសួរនាំពួកគេ។ ប៉ុន្តែបើយោងលើចម្លើយបឋម ដែលក្រុមនេះបានសារភាព គឺក្រុមនេះ អាចមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ដែលពួកគេបានធ្វើសកម្មភាព «លួច ឆក់ គាស់ទម្លុះទម្លាយតូបលក់ដូរ និងលំនៅឋាន» ប្រជាពលរដ្ឋក្នុងស្រុកបាណន់ នាពេលកន្លងមក និងនៅពេលថ្មីៗនេះ ។
បើយោងលើសកម្មភាពរបស់ក្រុមចោរហារយ ដែលតែងធ្វើសកម្មភាព «លួច ឆក់» តាមតូបលក់ដូរ និងតាមផ្ទះសម្បែងប្រជាពលរដ្ឋ ហើយត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលម្ចាស់តូប ឬម្ចាស់ផ្ទះបានបំពាក់រង់ចាំថតសកម្មភាពលោកចោរហារយ គេឃើញក្រុមនេះបានប្រើប្រាស់គ្រប់រូបភាព ពេលចេញធ្វើសកម្មភាព «លួច ឆក់» ម្ដងៗ។ ក្រុមនេះប្រើប្រាស់ដាវ កាំបិត ឬដែកបំពង់ទីប ជាអាវុធដើម្បីកាប់ ឬគាស់ទម្លុះទម្លាយតូបលក់ដូរ ឬផ្ទះសម្បែងប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ដោយមិនរើសថាជារបស់របរអ្វីទេ ។
អំពើ«ចោរកម្ម» ដែលក្រុមនេះបានប្រព្រឹត្តប៉ុន្មានលើកចុងក្រោយនេះ បើយោងលើកាមេរ៉ាសុវត្ថិភាព ដែលបានបង្ហាញពីសកម្មភាពពួកគេ គឺគាស់តូបលក់ដូរ «លួចគ្រឿងម្ជូរត្រាំ លួចគ្រឿងប្រហិត លួចភេសជ្ជៈ លួចស្រាបៀរ និងលួចធុងក្លាស្សេដែលមានគ្រឿងកំប៉ុង» ។
លោក ហេង បារាំង អធិការស្រុកបាណន់ បាននិយាយថា បើផ្អែកតាមចម្លើយបឋម និងយោងលើប្រវត្តិធ្វើសកម្មភាពរបស់ពួកគេ ពួកនេះភាគច្រើនចេញធ្វើសកម្មភាពពាក់កណ្ដាលអធ្រាត្រ នៅពេលអ្នកភូមិដេកស្ងាត់ ទើបពួកគេតែងដាច់យប់ដើរដេកតាមខ្ទមចម្ការ ឬតាមសំយាបផ្ទះគេ ឬផ្ទះខ្លួនឯង ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី ០៩ កក្កដា ពេលកម្លាំងរបស់លោក ចុះស្រាវជ្រាវតាមចាប់ខ្លួនពួកគេ មានមួយចំនួនដេកតាមខ្ទមចម្ការ ឬតាមខ្ទមស្រែ និងជនខ្លះកំពុងដេកនៅតាមសំយាបផ្ទះ។ ហើយពេលដែលត្រូវកម្លាំងសមត្ថកិច្ចចុះចាប់ខ្លួន ពួកគេទាំងនោះមិនទាន់ងើបពីដំណេកផង ។
លោកបានបញ្ជាក់ថា លោកចោរខ្លះត្រូវបានសមត្ថកិច្ចចាប់ក្របួចក អូសចេញពីក្នុងខ្ទម ខ្លះទាញដៃចេញពីក្នុងភួយ ឬអូសចេញពីក្នុងមុង។ ប៉ុន្តែមានជន ០២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឡើងទៅចាប់វាយខ្នោះអូសចុះពីលើផ្ទះ តែពេលគ្រៀកចុះមកក្រោម មន្ត្រីប៉ុស្តិ៍រដ្ឋបាលម្នាក់ ក៏ត្រូវជនអន្ធពាលម្នាក់រុញបំបុកទម្លាក់ពីលើកាំជណ្តើរ បណ្ដាលឱ្យរងរបួសបាក់ជើងម្ខាង។
នាយប៉ុស្តិ៍រដ្ឋបាលឃុំឈើទាល លោក ស៊ីម ពិទូ បាននិយាយថា ពេលឡើងទៅអូសកជន ០២ នាក់នៅលើផ្ទះ លោកបាននាំកម្លាំង ០៤ នាក់ឡើងទៅ។ ប៉ុន្តែពេលដែលលោកបានវាយខ្នោះដៃពួកគេ ហើយពេលគ្រៀកកនាំមកដល់មាត់ជណ្តើរ ស្រាប់តែជនម្នាក់ដែលចាប់គ្រៀកជាប់ បានរុញបំបុកមន្ត្រីម្នាក់ ដែលចាប់គ្រៀកម្ខាងទៀត ទម្លាក់ពីលើកាំជណ្តើរមកដីតែម្ដង បណ្ដាលឱ្យមន្ត្រីរូបនោះរងរបួសបាក់ជើងខាងស្តាំយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យស្នងការខេត្ត។
យ៉ាងណាក្ដី បើតាមលោក ហេង បារាំង បានបញ្ជាក់ថា ពេលនេះយើងមិនទាន់អាចពន្យល់លម្អិតអំពីសំណុំរឿង «ក្រុមជនសង្ស័យទាំង ១៦ នាក់» នេះបាននៅឡើយទេ ព្រោះក្នុងពេលនេះ មន្ត្រីជំនាញបាននិងកំពុងសួរនាំនៅឡើយ។ ហើយមន្ត្រីជំនាញ ក៏កំពុងតាមស្វែងរកបក្ខពួកក្រុមចោរហារយនេះមួយចំនួនទៀតដែរ ដែលនៅសេសសល់ ៕








ចែករំលែកព័តមាននេះ