រ៉ឺម៉កកង់នឹងបង្ហាញមុខជាថ្មីក្នុងព្រឹត្តិការណ៍«ផ្លែឈើបាត់ដំបងលើកទី២» ក្រោយបាត់ស្រមោលជិត៣០ឆ្នាំ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ រ៉ឺម៉កកង់ ឬរ៉ឺម៉កជើង នឹងបង្ហាញរូបរាងជាថ្មី នៅក្នុងព្រឹត្តិការណ៍ «ផ្លែឈើបាត់ដំបងលើកទី២» ក្រោមប្រធានបទ «គុណតម្លៃផល្លានុផលបាត់ដំបង» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៩-១០ កក្កដា នេះ នៅក្នុងក្រុងបាត់ដំបង បន្ទាប់ពីរ៉ឺម៉កជើង ឬរ៉ឺម៉កកង់ស្ទើរបាត់ឈ្មោះ បាត់សំឡេង ឬបាត់រូបរាង អស់រយៈពេលជិត៣០ឆ្នាំកន្លងមកនេះ ។

ការផ្ដើមគំនិតគីតគូរឲ្យមានវត្តមាន រ៉ឺម៉កកង់ ឬរ៉ឺម៉កជើងនេះឡើងវិញ ដោយរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរទេសចរណ៍ រួមជាមួយនឹងមន្ទីរពាក់ព័ន្ធដទៃទៀត ក្នុងគោលដៅចម្បង «ចូលរួមចំណែកលើកស្ទូយក្នុងវិស័យទេសចរណ៍ និងរំលឹកឡើងវិញនូវអតីតកាលដែលរ៉ឺម៉កកង់នេះធ្លាប់មានប្រវត្តិ ជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ និងល្បាញល្បីស៊ីវិល័យបំផុតក្នុងអតីតកាលនាសម័យសង្គមរាស្ត្រនិយម ចន្លោះទសវត្សន៏ឆ្នាំ៦០ ដល់ពាក់កណ្ដាលទសវត្សន៍៧០ ។
កាលណោះ គេសង្កេតឃើញសំបូរបំផុតមាននៅលើទឹកដីនៃអាចក្រខេត្តបាត់ដំបង» ។ ក្រោយរបបអាវខ្មៅផុតរលត់ទៅត្រឹមឆ្នាំ១៩៧៩ រ៉ឺម៉កកង់ ឬរ៉ឺម៉កជើងនេះ នៅមានសេសសល់ច្រើនគួរសម សម្រាប់អ្នកខេត្តបាតដ់បង ប្រើប្រាស់ជាមធ្យោបាយស៊ីឈ្នូលដឹកជញ្ជូនទំនិញ ឬអ្នកដំណើរបែបប្រពៃណី ។ ប៉ុន្តែចូលដល់យុគសម័យថ្មីនៃសម័យទំនើបនេះ ចាប់តាំងពីអំឡុងដើមទសវត្សរ៍ឆ្នាំ៩០ កត្តាយានយន្តទំនើបៗគ្រប់ប្រភេទបានវិវឌ្ឍន៍ពីប្រទេសជឿនលឿន ហូរចូលទឹកដីអាណាចក្រកម្ពុជា កាន់តែសំបូរបែបយ៉ាងឆាប់រហ័ស ជាហេតុធ្វើឲ្យវត្តមាន «រ៉ឺម៉កកង់»នេះ ហាក់រសាត់បាត់មុខរូបរាង បន្តិចម្ដងៗ រហូតបាត់មុខទាំងស្រុងតែម្ដងមកទល់នឹងពេលនេះ ។

ខេត្តបាត់ដំបងត្រូវបានគេចាត់ទុកថា ជាទឹកដីសុវណ្ណដ៏ភូមិសំបូរបែប និងមានវ័យចំណាស់បំផុតមួយក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែជាខេត្តដែលមានពលរដ្ឋរស់នៅបែបស៊ីវិល័យ ដែលគេកត់សម្គាល់ឃើញមានតាំងពីសម័យបុរាណមក ។ ក្រៅតែអំពីរូបសំណាកលោកតាដំបងគ្រញូងដ៏ពូកែស័ក្ដិសិទ្ធ ដែលកំពុងលត់ជង្គង់ស្វាគមន៍មហាជនគ្រប់ជាតិសាសន៍ចំកណ្ដាលក្រុងបាត់ដំបង ជានិម្មិតរូបស្រាប់មកដល់បច្ចុប្បន្ននេះ «រ៉ឺម៉កកង់ ឬរ៉ឺម៉កជើង» ក៏គេអាចកត់សម្គាល់បានថា ជា«និម្មិតរូប» មួយផងដែរ បន្ថែមលើរូបសំណាកលោកតាដំបងគ្រញូង ដោយហេតុថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាំងពីដើមមក មានតែទឹកដីខេត្តបាត់ដំបងនេះមួយទេ ដែលមានវត្តមាន «រ៉ឺម៉កជើង»នេះច្រើនបំផុត ហើយក៏ជាខេត្តមួយ ដែលមានវត្តមាន«កង់រ៉ឺម៉ក»នេះលើកដំបូងដែរ បើប្រៀបធៀបទៅនឹងតាមបណ្ដាខេត្តដទៃទៀត ។ នេះបើតាមការស្រាវជ្រាវ និងបំភ្លឺបន្ថែមដោយមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត ។

យោងតាមប្រវត្តិនៃរ៉ឺម៉កកង់ ឬរ៉ឺម៉កជើង ដែលមានវត្តមាននៅលើកដីបាត់ដំបងលើកដំបូង ដែលបង្ហាញដោយលោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត ដែលបានស្រាវជ្រាវបានឲ្យដឹងថា «រ៉ឺម៉កកង់» នេះ មានវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជា លើកដំបូងក្នុងសម័យអាណានិគមបារាំង ជាពិសេស មាននៅលើទឹកដីបាត់ដំបងដំបូងគេ ប្រហាក់ប្រហែលសតវត្សរ៏ឆ្នាំ១៩៣០ ។ ពេលនោះ វាគ្រាន់តែជាមធ្យោបាយ សម្រាប់ដឹកជញ្ជូនទំនិញធុនស្រាល ឬដឹកអ្នកដំណើរ ។
ប៉ុន្តែលោកបានបញ្ជាក់ថា នៅចន្លោះទសវត្សរ៏ឆ្នាំ៦០ និងឆ្នាំ៧០ (សម័យសង្គមរាស្ត្រនិយម) រ៉ឺម៉កកង់នេះ មានសារសំខាន់ណាស់ ។ វាមិនត្រឹមជាមធ្យោបាយដឹកជញ្ជូនទំនិញ ឬរបស់របផ្សេងៗទេ ។ វាជាមធ្យោបាយដឹកអ្នកដំណើរដ៏ស៊ីវិល័យបំផុតនាសម័យនោះ ខណៈដែលប្រទេសកម្ពុជា កំពុងមានការរីកចំរើនលូតលាស់ខ្លាំងស្ទើរគ្រប់វិស័យផ្នែកសេដ្ឋកិច្ច ។

លោកភីនីស្សារ៉ា បានរំលេចឡើងថា រ៉ឺម៉កកង់នេះ វាត្រូវបានបញ្ឍជើង និងបាត់បង់ខ្លះៗនៅក្នុងរបបខ្មែរក្រហមចូលគ្រប់គ្រង ។ ប៉ុន្តែវាចាប់ផ្ដើមមានជីវិតរស់រានឡើងវិញ ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់ដើមទសវត្សរ៏ឆ្នាំ៩០ ក៏ចាប់ផ្ដើមបាត់វត្តមាន បាត់រូបរាង ស្ទើរបាត់ទាំងឈ្មោះទៀត ដោយសារកត្តាយានយន្តនៃសម័យទំនើបជឿនលឿនគ្របដណ្ដប់ជិតស្លឹបតែម្ដង ។ ដូច្នេះហើយទើប «រ៉ឺម៉កកង់» ដ៏កំសត់នេះ ត្រូវបានគេផាត់ចេញឆ្ងាយពីបច្ចេកវិទ្យានាសម័យទំនើបនេះ ។
លោកប្រធានមន្ទីររូបនេះបានបញ្ជាក់ថា បើគិតមកទល់នឹងសព្វថ្ងៃនេះ រ៉ឺម៉កកង់នេះ បានបាត់មុខ បាត់មាត់ បាត់រូបរាង ឬបាត់ឈ្មោះស្ទើរទាំងស្រុង អស់រយៈពេលជិត៣០ឆ្នាំហើយ ។ ហេតុដូច្នេះហើយ ទើបសម្រាប់ព្រត្តិការណ៍ «ពិព័រណ៌ផ្លែឈើបាត់ដំបង» លើកទី២នេះ រដ្ឋបាល សហការជាមួយមន្ទីរពាក់ព័ន្ធនានា ផ្ដូចផ្ដើមរកជាងជំនាញផលិត«កង់រ៉ឺម៉ក ឬរ៉ឺម៉កជើង» នេះឡើងវិញ ជាប្រយោជន៍គ្រប់បែបយ៉ាង សម្រាប់អ្នកខេត្តបាត់ដំបង ក៏ដូចជាតម្រូវការសម្រាប់ក្នុងវិស័យទេសចរណ៍ ។

រដ្ឋបាលខេត្ត ដែលផ្ដួចផ្ដើមឲ្យមានការផលិត «រ៉ឺម៉កកង់» នេះឡើងវិញ គឺមានសារសំខាន់ច្រើនបែបច្រើនយ៉ាងណាស់ សម្រាប់បំរើការនៅក្នុងខេត្តបាត់ដំបងនេះ ។ នេះបើតាមការលើកឡើងរបស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត ដែលបានបង្ហាញដោយសង្ខេប ។ លោកថា «រ៉ឺម៉កកង់» នេះ ប្រមាណ២៥គ្រឿង នឹងបង្ហាញមុខជាក្បូនដង្ហែលើកដំបូងគេ នៅក្នុងព្រឹត្តិការណ៏«ពិព័រណ៌ផ្លែឈើបាត់ដំបងលើកទី២ ក្រោមប្រធានបទ «គុណតម្លៃផល្លានុផលបាត់ដំបង» ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ កក្កដា ឆ្នាំ២០២៦ នេះ នៅបរិវេណខាងមុខអគាររដ្ឋបាលខេត្តបាត់ដំបង ។
បន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍នេះ «រ៉ឺម៉កង់» នេះ នឹងដាក់ឲ្យចូលដំណើរការលើវិស័យទេសចរណ៍វិញម្ដង ។ លើវិស័យទេសចរណ៍នេះ បើតាមលោក ភីនីស្សារ៉ា បានលើកឡើងថា «រ៉ឺម៉កកង់» នេះ អាចដើរតួសំខាន់ណាស់ សម្រាប់ការទាក់ទាញភ្ញៀវទេសចរស្ទើរគ្រប់មជ្ឍដ្ឋាន ។ ជាពិសេស ភ្ញៀវទេសចរបរទេសតែម្ដង ដែលគេរំពឹងថា ភ្ញៀវនឹងចាប់អារម្មណ៍ខ្លាំង ដោយសារប្រវត្តិនៃ «រ៉ឺម៉កកង់» មានពាក់ព័ន្ធទៅនឹងប្រវត្តិទឹកដី នៃអាចក្រខេត្តបាត់ដំបង កាលពីជាងកន្លះសតវត្សរ៏មុន ។ សារសំខាន់នៃវត្តមាន «កង់រ៉ឺម៉ក» រួមមាន៖ សម្រាប់ភ្ញៀវជិះលេងកម្សាន្ត បែបជាការហាត់កីឡា ឬបែបជីះលំហែកម្សាន្តក្នុងក្រុង ឬនៅតាមរមណីយដ្ឋាននានា ។ ភ្ញៀវអាចជិះខ្លួនឯងក៏បាន ឬជួលអ្នកឌុបក៏បាន ។ កង់រ៉ឺម៉ក អាចចូលរួមដង្ហែក្បូនក្នុងព្រឹត្តិការណ៍ផ្សេងៗ ដូចជាបុណ្យជាតិ បុណ្យប្រពៃណី ពិធីសង្ហែបុណ្យសព ឬពីធីដង្ហែក្បូនផ្សេងៗទៀត តាមតម្រូវការរបស់ភ្ញៀវដែលចង់ធ្វើ ។

លោកបានបញ្ជាក់ដែរថា ពេលនេះ យើងទើបផលិតបានប្រមាណ២៥គ្រឿងប៉ុណ្ណោះ ហើយយើងនឹងបន្តផលិតបន្ថែមទៀត។ ប៉ុន្តែអ្វីដែលយើងជួបការលំបាកក្នុងការផលិតគឺ«ជាងជំនាញ» ។ ត្រង់ចំណុចនេះ លោកក៏បានរំលឹកបន្តិចដែរថា បើតាមស្រាវជ្រាវ កាលពីសម័យមុន មានជាងជំនាញៗច្រើនដែលចេះផលិតកង់រ៉ឺម៉កនេះ ។ ប៉ុន្តែជាងជំនាន់នោះ ហាក់មិនបានបន្សល់ទុកចំណេះដឹងនេះដល់កូនចៅជំនាន់ក្រោយៗទេ ហើយកូនចៅជំនាន់ក្រោយៗ ក៏មិនសូវយកចិត្តទុកដាក់ពីជំនាញផលិតកង់រ៉ឺម៉កនេះដែរ ។ ដូច្នេះហើយ ទើបមកដល់សម័យនេះ ពុំសូវសំបូរជាងជំនាញចេះធ្វើ «កង់រ៉ឺម៉ក ឬរ៉ឺម៉កជើង» នេះ ដូចសម័យមុន។ នេះជាការលំបាកក្នុងការរកជាងជំនាញផលិត «កង់រ៉ឺម៉ក» ឲ្យត្រូវតាមស្ដង់ដាតាមលំនាំដើម ៕


ចែករំលែកព័តមាននេះ