បច្ចេកវិទ្យា៖ ធ្លាប់ទេ? ពេលនិយាយគ្នាពីរឿងទិញទំនិញ ឬកន្លែងដើរលេងក្រៅបណ្ដាញសង្គម ស្រាប់តែឃើញការផ្សាយពាណិជ្ជកម្ម (Ads) របស់ Facebook លេចឡើងមកចំៗតែម្ដង។ បញ្ហានេះធ្វើឱ្យមនុស្សជាច្រើនសង្ស័យថា ក្រុមហ៊ុន Meta ប្រើប្រាស់មីក្រូហ្វូនទូរស័ព្ទលួចស្ដាប់ការសន្ទនាប្រចាំថ្ងៃរបស់យើង។
ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន Meta និងនាយកប្រតិបត្តិ Instagram លោក Adam Mosseri បានចេញមុខបដិសេធជាច្រើនដង ដោយអះអាងថា Facebook មិនបានលួចថតសំឡេងអ្នកឡើយ ហើយមីក្រូហ្វូនដំណើរការតែពេលអ្នកប្រើប្រាស់មុខងារថតសំឡេង ឬខលប៉ុណ្ណោះ។
អ្នកជំនាញផ្នែកឯកជនភាពឌីជីថលបានបញ្ជាក់ថា Facebook មិនចាំបាច់លួចស្ដាប់សំឡេងអ្នកទេ។ តាមពិតទៅ ពួកគេប្រមូល «ទិន្នន័យមហិមា» ពីសកម្មភាពអនឡាញរបស់អ្នករួចទៅហើយ ដូចជាប្រវត្តិរុករក (Browsing History) ទីតាំង ការចុច Like/Comment និងព័ត៌មានពីឧបករណ៍របស់អ្នក។
ប្រព័ន្ធ AI ដ៏ឆ្លាតវៃនេះ អាចវិភាគនិងទស្សន៍ទាយដឹងមុនយ៉ាងច្បាស់លាស់ពីតម្រូវការរបស់អ្នក ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា Facebook កំពុងអានគំនិត ឬលួចស្ដាប់អ្នក។
ដើម្បីភាពកក់ក្ដៅ អ្នកគួរចូលទៅកាន់ setting ក្នុងទូរស័ព្ទ រួចពិនិត្យបិទសិទ្ធិអនុញ្ញាត (Permissions) មិនឱ្យកម្មវិធី Facebook ប្រើប្រាស់មីក្រូហ្វូន កាមេរ៉ា និងទីតាំងរបស់អ្នក នៅពេលមិនចាំបាច់៕
ចែករំលែកព័តមាននេះ