ចាត់ទុកថា ជាកាយវិការដ៏គួរឱ្យគោរព និងកោតសរសើរមួយ ដែលអាចថា កម្របានជួបប្រទះនៅក្នុងវិស័យអប់រំនាពេលបច្ចុប្បន្ន។ ទង្វើដ៏ល្អនេះ គឺជាគំរូសម្រាប់កុលបុត្រកុលធីតាក្លាយជាធនធានពោរពេញទៅដោយចរិយាធម៌ សីលធម៌ សុជីវធម៌ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។
ទាក់ទិននឹងនឹងទង្វើដ៏គួរឱ្យគោរពនេះ តាមគេហទំព័រ Asia one បានឱ្យដឹងថា លោកជិនគីមវុន (Dr Chin Kim Woon) ជានាយកសាលាបឋមសិក្សាតៅ ណាន (Tao Nan) ដែលជាសាលានៅប្រទេសសឹង្ហបុរី តែងតែឈរនៅមុខខ្លោងទ្វារសាលារៀនរាល់ព្រឹកដើម្បីស្វាគមន៍សិស្សប្រកបដោយទឹកមុខស្រស់ញញឹម និងមានកាយវិការទន់ភ្លន់ ពោរពេញដោយភាពកក់ក្តៅបំផុតចំពោះសិស្សានុសិស្ស ក៏ដូចជាមាតាបិតា ដែលបាននាំកូនមកសាលា និងឃើញនូវទង្វើរបស់លោក។ ជាងនេះទៅទៀត ទោះបីជាមានភ្លៀងធ្លាក់ ឬមេឃក្តៅយ៉ាងណាក៏ដោយ ក៏លោកជិន នៅតែឈរស្វាគមន៍សិស្សរហូតពួកគេចូលក្នុងថ្នាក់អស់ ទើបលោកត្រឡប់ទៅបន្ទប់ធ្វើការវិញ។ កាយវិការរបស់លោកបានធ្វើឱ្យឪពុកម្តាយសិស្សមានភាពកក់ក្តៅ និងមានទឹកចិត្តនាំកូនមកសាលាមិនដែលយឺតពេលឡើយ។
តាមការឱ្យដឹងពីអ្នកស្រីហួង លី ហ្វិន (Huang Li Fen) អាយុ៤៤ឆ្នាំ ធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រងមួយ ដែលបាននាំកូនប្រុសពីរនាក់មកសិក្សានៅសាលាបឋមសិក្សាតៅ ណានបានប្រាប់សារព័ត៌មានស៊ិន មិន (Shin Min) ថា រៀងរាល់ម៉ោង៧ព្រឹក គាត់តែងតែឃើញលោកជិន ឈរនៅមុខខ្លោងទ្វារសាលាស្វាគមន៍កូនសិស្សប្រកបដោយភាពកក់ក្តៅបំផុត។ អ្នកស្រីបានបន្តថា ទោះបីមេឃភ្លៀងក៏ដោយ ក៏លោកជិន កាន់ឆត្រមកទទួលសិស្សចេញពីរថយន្តទៅបន្ទប់រៀនដែរ។ ជាងនេះទៅទៀត លោកជិនតែងតែប្រមូលផ្តុំកូនសិស្សដើម្បីនិទានរឿងឱ្យពួកគេជ្រួតជ្រាបពីតម្លៃនៃសីលធម៌រស់នៅក្នុងសង្គមផងដែរ។ ដោយមើលឃើញនូវទង្វើល្អរបស់លោកនាយកសាលាបែបនេះ ធ្វើឱ្យអ្នកស្រីមានភាពកក់ក្តៅ និងរំភើបចិត្តយ៉ាងខ្លាំង។
យោងតាមកិច្ចសម្ភាសជាមួយសារព័ត៌មានស៊ិន មិន លោកជិនបាននិយាយថា ទម្លាប់ដែលគាត់ធ្វើជារៀងរាល់ព្រឹកនេះ ដោយសារគាត់ជឿជាក់ថា ពេលព្រឹកគឺជាផ្នែកមួយដ៏មានសារសំខាន់ក្នុងមួយថ្ងៃ។ លោកបានលើកឡើងនូវសុភាសិតចិនមួយថា «ផែនការប្រចាំថ្ងៃរបស់មនុស្សម្នាក់មានទំហំធំប៉ុនណានោះ គឺអាស្រ័យនៅពេលព្រឹក»។ លោកបានបន្តថា ពេលព្រឹកគឺជាកត្តាសំខាន់សម្រាប់ជីវិត និងជាកម្លាំងដ៏មាំសម្រាប់ការប្រកបកិច្ចការប្រចាំថ្ងៃ។ ដូច្នេះលោកសង្ឃឹមថា នឹងផ្តល់នូវភាពស្រស់ថ្លាសម្រាប់ពួកគេ ដើម្បីក្រេបយកចំណេះដឹងរាល់ថ្ងៃ។
យោងតាមអ្នករាយការណ៍ម្នាក់ដែលបានធ្វើការអង្កេតលើលោកជិនបានឱ្យដឹងថា កូនសិស្សទាំងអស់នៅពេលជួបមុខលោកជិនហើយតែងតែគោរពស្វាគមន៍ដោយទឹកមុខស្រស់ស្រាយ និងមិនមានការភ័យខ្លាចឡើយ។ ជាងនេះទៅទៀតលោកជិន តែងតែអង្កេតមើលសិស្សទាំងអស់ប្រសិនបើមានសិស្សណាម្នាក់ភ្លេចចងខ្សែស្បែកជើង លោកនឹងប្រាប់ពួកគេចងឱ្យបានត្រឹមត្រូវមុនពេលត្រឡប់ទៅផ្ទះវិញ៕
ចែករំលែកព័តមាននេះ