បាល់ទះតេជោលីគរដូវកាលទី៣បិទបញ្ចប់ជុំទី១ ក្រុមបញ្ជាការដ្ឋានអង្គរក្សឈរកំពូលតារាងបណ្ដោះអាសន្ន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយបិទបញ្ចប់ការប្រកួតនៅក្នុងជុំទី១ នៃព្រឹត្តិការណ៍បាល់ទះពានរង្វាន់តេជោលីគរដូវកាលទី៣ឆ្នាំ២០២៦-២០២៥កាលពីល្ងាចថ្ងៃទី២ ខែមិថុនា នៅវិមានពហុកីឡដ្ឋានជាតិ គេបានរកឃើញក្រុមខ្លាំងចំនួន៦ដែលមានឱកាសឡើងទៅកាន់វគ្គបន្ត ។ ក្រុមបញ្ជាការដ្ឋានអង្គរក្សដែលជាម្ចាស់ជើងឯក២សម័យកាលកំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្នដោយសារក្នុងចំណោមការប្រកួតទាំង៧លើកជាប់គ្នាអត់ទាន់ស្គាល់ចាញ់មាន២០ពិន្ទុនៅក្នុងដៃ។
គួររំលឹកថា ព្រឹត្តិការណ៍បាល់ទះពានរង្វាន់តេជោលីគរដូវកាលទី៣ឆ្នាំ២០២៥-២០២៦ បានប្រមូលផ្ដុំទៅដោយក្រុមខ្លាំងចំនួន៨ចូលរួម ក្នុងនោះមានក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រុមក្រសួងមហាផ្ទៃ ក្រុមវិសាខា ក្រុមកងពលធំអន្តរគមន៍លេខ៣ ក្រុមស្នងការដ្ឋានរាជធានីភ្នំពេញ ក្រុមស្នងការដ្ឋានខេត្តស្វាយរៀង ក្រុមស្នងការដ្ឋានខេត្តកោះកុង និងក្រុមស្នងការដ្ឋានខេត្តព្រះសីហនុ ។ ការប្រកួតធ្វើឡើងតាមរូបមន្តជម្រុះវិលជុំ ខណៈការប្រកួតឆ្នាំនេះគណៈ
កម្មការបានរៀបចំបែងចែកឱ្យមានការប្រកួតចំនួន២ជុំ។ ការប្រកួតជុំទី១ គឺដើម្បីជម្រុះចេញចំនួន២ក្រុមដែលមានពិន្ទុតិចជាងគេ ដើម្បីរកក្រុមខ្លាំងចំនួន៦ឡើងទៅកាន់ជុំទី២ជាបន្តទៀត។
លោក អាំង សេរីពិសិដ្ឋ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតធ្លាប់បានឱ្យដឹងថា មូលហេតុដែលនាំឱ្យការប្រកួតចែកចេញជា២ជុំបែបនេះ ដោយសារយើងចង់ទុកឱកាសឱ្យក្រុមនីមួយៗរៀបចំខ្លួនឱ្យបានល្អ ជាពិសេសការផ្លាស់ប្ដូរបច្ចេកទេសក្រុម កីឡាករ សម្រាប់ជុំបន្ទាប់ជា
បន្តទៀត ព្រោះពេលវេលាសម្រាករាងយូរក្រែលដែរ គឺរហូតដល់ថ្ងៃទី១៩ ខែមិថុនា ទើបចាប់ផ្ដើមប្រកួតជុំទី២ ។
ជាក់ស្ដែង ការប្រកួតនៅជុំទី១ ក្រុមនីមួយៗបានប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពរៀងៗខ្លួន ក្រោយពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៧ថ្ងៃជាប់គ្នា គេបានរកឃើញក្រុមដែលមានកៅអីឡើងទៅកាន់ជុំទី២ជាបន្តទៀតរួមមាន៖
ក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រុមវិសាខា ក្រុមក្រសួងមហាផ្ទៃ ក្រុមស្នងការដ្ឋានរាជធានីភ្នំពេញ
ក្រុមស្នងការដ្ឋានខេត្តស្វាយរៀង និងក្រុមស្នងការដ្ឋានខេត្តកោះកុង ។ ចំណែកក្រុមចំនួន២ដែលបានធ្លាក់ចេញពីការប្រកួតលើកនេះគឺក្រុមស្នងការដ្ឋានខេត្តព្រះសីហនុ និងក្រុមកងពលធំលេខ៣ ៕


ចែករំលែកព័តមាននេះ