សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ត្រូវបានទទួលស្វាគមន៍ដោយការព្រមានអំពីគ្រោះ ថ្នាក់ខ្យល់ព្យុះតូណាដូ (Tornado) នៅក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីពួកគេបានចុះចតនៅសហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនការពារតំណែងជើងឯករបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។ នេះបើតាមប្រភពពីកាសែត The Sun ចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។

ក្រុមពពកសអាហ្សង់ទីន ដែលមានប្រធានក្រុម Lionel Messi គឺជាតួអង្គដ៏សំខាន់ បានមកដល់ទឹកដីសហ រដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែឧសភា (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយបានជ្រើសទីក្រុងកាន់សាស់ (Kansas City) រដ្ឋមីស៊ូរី (Missouri) ជាជំរុំហ្វឹកហាត់របស់ពួកគេ និងស្នាក់នៅសណ្ឋាគារ Origin Hotel។
ទោះជាយ៉ាងណាក៏ដោយ នៅយប់ដំបូងរបស់ពួកគេនៅក្នុងទីក្រុងធំជាងគេប្រចាំរដ្ឋមីស៊ូរីមួយនេះ ស្រាប់តែអាជ្ញាធរមូលដ្ឋានបានចេញការព្រមានពីគ្រោះថ្នាក់ខ្យល់ព្យុះតូណាដូ។ វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលត្រូវបានបង្ហោះនៅព្រឹកបន្ទាប់ បានបង្ហាញពីរបងដែកការពារដែលព័ទ្ធជុំវិញសណ្ឋាគារ និងដេគ័រពណ៌តំណាងក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានខ្យល់បោកបក់ឱ្យដួលរលំ រួមទាំថបាក់មែកឈើធំៗជាច្រើនក្បែរនោះផងដែរ។
អ្នករាយការណ៍ព័ត៌មានពីទូរទស្សន៍ KMBC ប្រចាំតំបន់ លោក Eric Graves បានថ្លែងថា ទីតាំងស្នាក់នៅ និងហ្វឹកហាត់ក្រុមជម្រើសជាតិអាហ្សង់ទីនរងផលប៉ះពាល់ បន្ទាប់ពីមានខ្យល់ព្យុះតូណាដូមួយបានបោកបក់កាលពីយប់មិញ នៅក្នុងទីក្រុងកាន់សាស់»។

លោកបន្តទៀតថា៖ «ទាំង Lionel Messi និងក្រុមអាហ្សង់ទីន ប្រហែលភ្ញាក់ពីដំណេកដោយសារសំឡេងស៊ីរ៉ែនព្រមានពីខ្យល់ព្យុះតូណាដូយ៉ាងខ្លាំងនៅម៉ោងប្រហែល ១:៤៥ នាទីរំលងអធ្រាត្រ។ ខ្យល់បានបោកបក់ធ្វើឱ្យបាក់មែកឈើធំៗ និងរបើកផ្ទាំងបិទបាំងការពារចេញពីរបងជុំវិញសណ្ឋាគាររបស់ក្រុម។ ព័ត៌មានល្អនោះគឺ ផ្ទាំងរូបភាព Messi ដ៏ធំនៅលើសណ្ឋាគារមិនខូចខាតឡើយ»។
របាយការណ៍ក្នុងស្រុកបានរាយការណ៍ថា កីឡាករ និងសមាជិកទាំងអស់នៃក្រុមជម្រើសជាតិអាហ្សង់ទីនមិនមានគ្រោះថ្នាក់អ្វីឡើយ ហើយពួកគេបានបន្តការហ្វឹកហាត់ជាធម្មតានៅមជ្ឈមណ្ឌល Compass Minerals National Performance របស់ក្លិប Sporting Kansas City ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
គួរបញ្ជាក់ថា ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន នឹងត្រូវបើកឆាកពូល J ដោយត្រូវប៉ះអាល់ហ្សេរី នៅវម៉ោង ៨ ព្រឹកថ្ងៃទី១៧ ខែមិថុនា (ម៉ោងនៅកម្ពុជា) មុនបន្តប៉ះអូទ្រីស នៅម៉ោង ១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា នឹងជំនួបបិទពូលទល់នឹងហ្ស៊កដានី នៅម៉ោង ៩ ព្រឹកថ្ងៃទី២៨ ខែមិថុនា៕

ចែករំលែកព័តមាននេះ