ប្រទេសកូឡុំប៊ី ៖ អាជ្ញាធរកូឡុំប៊ីរាយការណ៍ នាថ្ងៃទី២៣ មីនា ពីការធ្លាក់យន្តហោះយោធាមួយគ្រឿងនៅភាគខាងត្បូងប្រទេស ដោយក្នុងយន្តហោះនោះមានមនុស្សជិះដល់១២៥នាក់។ គ្រោះថ្នាក់នោះ បណ្ដាលឲ្យមនុស្សយ៉ាងតិច៨នាក់ស្លាប់ និង៨៣នាក់រងរបួស ។ កងទ័ពកូឡុំប៊ីដំបូងរាយការណ៍ពីមនុស្សស្លាប់ដល់៨០នាក់ ។

រដ្ឋមន្ត្រីការពារប្រទេសកូឡុំប៊ីលោកប៉េត្រូសាន់សេស ឲ្យដឹងតាមបណ្ដាញសង្គមXថា យន្តហោះធុនHERCULES មួយគ្រឿងរបស់កងទ័ពកូឡុំប៊ីជួបប្រទះគ្រោះថ្នាក់ប្រកបសោកនាដកម្មមួយ ពេលហោះចេញ ខណៈយន្ហហោះនោះដឹកកងទ័ពទៅកាន់តំបន់ PUERTO LEGUIZAMOជិតព្រំដែនជាមួយប្រទេសអេក្វាទ័រ ។ មានតុល្យការជាច្រើននិយាយមិនដូចគ្នាឡើយ រវាងកងទ័ពនិងអាជ្ញាធរមូលដ្ឋាន។ ប្រភពមួយក្នុងផ្ទៃកងទ័ពនាគ្រាដំបូងគូសបញ្ជាក់ថា ទាហានប្រមាណជា៨០នាក់ស្លាប់បន្ទាប់មកអះអាងថា មនុស្សដល់៥០នាក់ អាចនៅរស់រានមានជីវិត និងថាតុល្យការអ្នកស្លាប់ ក្នុងចំណោមក្រុមយានិកនិងកងទាហាននៅមិនទាន់ច្បាស់នៅឡើយ។

ប្រមុខកងទ័ពអាកាសកូឡុំប៊ីឧត្ដមសេនីយកាឡូសហ្វ័រណានដូស៊ីលវ៉ារូអឺដា បន្ទាប់មកក្នុងសន្និសីទសារព័ត៌មានមួយ រៀបរាប់តុល្យការបណ្ដោះអាសន្នពីមនុស្ស៤៨នាក់រងរបួស ក្នុងចំណោមទាហានទាំង១១៤នាក់និងសមាជិកក្រុមយានិក១១នាក់ ដែលជិះក្នុងយន្តហោះនោះ។ ចំណែកអាជ្ញាធរមូលដ្ឋានវិញបន្ទាប់មករាយការណ៍ពីមនុស្សស្លាប់៨នាក់និងរបួស៨៣នាក់។ មូលហេតុនៃគ្រោះថ្នាក់នេះនៅមិនទាន់ដឹងនៅឡើយក្នុងពេលភ្លាមៗ។ ទូរទស្សន៍រដ្ឋRCN បានផ្សាយរូបភាពនៃយន្តហោះកំពុងមានភ្លើងឆេះនៅក្នុងព្រៃរបោះមួយ។

នេះជាការធ្លាក់យន្តហោះទី២អំឡុងពេលមិនដល់១ខែផង នៅអាមេរិកខាងត្បូងជាមួយការធ្លាក់យន្តហោះដឹកជញ្ជូនយោធាធុនC-130 HERCULES នេះ។ យន្តហោះដឹកជញ្ជូនយោធាបូលីវី១គ្រឿង ដែលដឹកលុយបានធ្លាក់ពេលចុះនៅជិតក្រុងឡាប៉ាស់កាលពីថ្ងៃទី២៧កុម្ភៈបណ្ដាលឲ្យមនុស្សស្លាប់២៤នាក់ ៕
ចែករំលែកព័តមាននេះ