សង្គ្រាមអ៉ីរ៉ង់ ៖ ពេលដែលអ៉ីស្រាអែលនិយាយថា នឹងបន្តវាយប្រហារលើអ៉ីរ៉ង់ច្រើនសប្ដាហ៍ទៀត ហើយ នាព្រឹកថ្ងៃទី២៣ មីនា វាយប្រហារជាថ្មីលើក្រុងតេហេរ៉ង់ ទីភ្នាក់ងារថាមពលអន្តរជាតិAIEបានព្រមានថា សង្គ្រាមនៅមជ្ឈឹមបូព៌ាអាចបណ្ដាលឲ្យមានវិបត្តិថាមពលធ្ងន់ធ្ងរបំផុតលើពិភពលោកពុំធ្លាប់មានចាប់តាំងពីច្រើនទសវត្សរ៍មកហើយ ។
វិបត្តិកើតមានជុំវិញការបិទច្រកសមុទ្រហ័រមូស ជាផ្លូវយុទ្ធសាស្ត្រសម្រាប់ដឹកប្រេងនិងឧស្ម័នផ្គត់ផ្គង់ពិភពលោក។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានដាក់ឱសាទវាទមួយដល់អ៉ីរ៉ង់ដែលរាំងខ្ទប់ស្ទើរទាំងស្រុងច្រកសមុទ្រហ័រមូសដោយគំរាមថា នឹងវាយប្រហារកម្ទេចបណ្ដាទីតាំងអគ្គិសនីអ៉ីរ៉ង់ បើមិនបើកច្រកសមុទ្រនោះវិញ ក្នុងរយៈពេល៤៨ម៉ោងទេនោះ ។
អ៉ីរ៉ង់តបវិញ ដោយបិទច្រកសមុទ្រហ័រមូសទាំងស្រុង និងគំរាមវាយប្រហារ បណ្ដាទីតាំងថាមពលនិងបណ្ដារោងចក្រចម្រាញ់ទឹក ក្នុងបណ្ដាប្រទេសសម្ព័ន្ធមិត្តអាមេរិកនៅមជ្ឈឹមបូព៌ា។ ប្រឈមមុខនឹងការខ្វះខាតប្រេងខ្លាំង និងប្រេងកាន់តែឡើងថ្លៃខ្ពស់ អាមេរិករហូតដល់អនុញ្ញាតរយៈពេល១ខែ ការលក់ និងការផ្គត់ផ្គង់ប្រេងអ៉ីរ៉ង់ដែលកំពុងស្តុកនៅក្នុងនាវាស្រាប់តែក្រុងតេហេរ៉ង់អះអាងថា ពុំមានប្រេងឆៅលើសសល់ក្នុងសមុទ្រឡើយ ។
ក្រៅពីបិទខ្ទប់ច្រកសមុទ្រហ័រមូសអ៉ីរ៉ង់នៅវាយប្រហារបណ្ដានាវាដែលបោះយុថ្កាក្នុងឈូងសមុទ្រពែរ្ស៍ ទីតាំងថាមពលរបស់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ។ តាមប្រមុខរបស់AIE ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលដល់ទៅប្រមាណជា៤០ រងការខូចខាតធ្ងន់ធ្ងរក្នុងប្រទេស៩មកពីសង្គ្រាម ។

នាព្រឹកថ្ងៃទី២៣ មីនា កងទ័ពអ៉ីស្រាអែលប្រកាសពីការវាយប្រហារខ្លាំងក្លាបំផុតលើក្រុងតេហេរ៉ង់។ តាមបណ្ដាសារព័ត៌មានអ៉ីរ៉ង់ថា ការវាយប្រហាររបស់អ៉ីស្រាអែល កើតមាននៅភាគខាងត្បូង ភាគកណ្ដាល ភាគខាងកើតនិងភាគខាងលិចរដ្ឋធានី ។ ផ្សែងខ្មៅនៅហុយទៅលើអាកាស។
អ៉ីស្រាអែលក៏វាយប្រហារទីតាំងវិទ្យុមួយនាភាគខាងត្បូងអ៉ីរ៉ង់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរបួសម្នាក់។ រួចនាពេលយប់ការវាយប្រហាររបស់អ៉ីរ៉ង់ ក៏ធ្វើក្នុងប្រទេសជាច្រើននៅតំបន់ឈូង
សមុទ្រដែរ ។
កាលពីថ្ងៃទី២០ មីនា អ៉ីស្រាអែលបានវាយប្រហារលើទីក្រុងតេហេរ៉ង់ នាឱកាសបុណ្យចូលឆ្នាំថ្មី
អ៉ីរ៉ង់AN PERSAN ។ ការវាយប្រហារទាំងនេះធ្វើឡើង ១ថ្ងៃបន្ទាប់ពីអ៉ីស្រាអែលសន្យាផ្អាកការវាយប្រហារថ្មីៗលើទីតាំងឧស្ម័នយុទ្ធសាស្ត្រអ៉ីរ៉ង់ ដែលការវាយប្រហារលើទីតាំងឧស្ម័នសំខាន់របស់ខ្លួននោះ នាំឲ្យអ៉ីរ៉ង់សងសឹកវិញ តាមរយៈការវាយប្រហារលើទីតាំងឧស្ម័នសំខាន់របស់កាតាធ្វើឲ្យតម្លៃឧស្ម័នរាវកាន់តែឡើងខ្ពស់ថែមទៀត ។
ការព្រួយបារម្ភកើតមានកាន់តែខ្លាំងដោយកាលពីយប់ថ្ងៃទី២១ មីនា អ៉ីរ៉ង់បានវាយប្រហារដោយ
មីស៊ីលបាលីស្ទិក ធុនធំសំដៅទីតាំងនុយក្លេអ៊ែរអ៉ីស្រាអែល ដោយមីស៊ីល១គ្រាប់ធ្លាក់ក្បែរមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរនាភាគខាងត្បូងអ៉ីស្រាអែលដែលរក្សាជាសម្ងាត់បំផុត ៕
ចែករំលែកព័តមាននេះ