រាជធានីភ្នំពេញ៖ ស្ត្រីជាម្ដាយមីងម្នាក់បានកាន់រូបថតក្មួយប្រុសបង្កើតរបស់ខ្លួនធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។ ដើម្បីតាមស្វែងរកក្មួយប្រុសរបស់នាងម្នាក់ខាងលើនោះ ដែលបានជិះកង់១គ្រឿងចេញពីផ្ទះហើយក៏ស្រាប់តែបាត់ខ្លួនរយៈពេល១យប់និង១ថ្ងៃទៅហើយ មិនឃើញត្រឡប់ទៅផ្ទះវិញសោះ ។
ក្មេងប្រុសខាងលើឈ្មោះអៀង ចំរ៉ុង អាយុ១០ឆ្នាំ មានឪពុកឈ្មោះទ្រី ឆៃអ៊ាង អាយុជាង៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ និងម្ដាយឈ្មោះស្រី ឡែន អាយុជាង៤០ឆ្នាំ មុខរបរលក់បន្លែនៅផ្សារបឹងកុក ស្នាក់នៅទីរួមខេត្តកំពង់ចាម ។ អ្នកទាំងមានកូនប្រុស៣នាក់ និងកូនស្រី១នាក់ ប៉ុន្តែបានលែងលះគ្នារយៈពេល៨ឆ្នាំមកហើយតតាំងពីកូននៅតូចៗម្ល៉េះ ហើយកូនប្រុសដែលបាត់ខ្លួននោះគឺជាកូនទី៣ និងស្នាក់នៅជាមួយបុរសជាឪពុក ។
ដោយឡែកស្ត្រីជាម្ដាយមីងឈ្មោះទ្រី សៀកហុង អាយុ៤៣ឆ្នាំមុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ម្ដាយមីងរូបនោះបានរៀបរាប់ឱ្យដឹងថា ក្មួយប្រុសរបស់គាត់ដែលបាត់ខ្លួននោះ ពាក់អាវពណ៍ខ្មៅ ស្លៀកខោខូវប៊យ និងបានជិះកង់១គ្រឿងពណ៍ផ្ទៃមេឃចេញពីផ្ទះនៅឯខេត្តកំពង់ចាម កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយជិះតាមផ្លូវរោងចក្រវាយនភណ្ឌ័ រួចក៏ស្រាប់តែបាត់ដំណឹងសូន្យមិនឃើញត្រឡប់មកផ្ទះវិញឡើយ ។ ខណៈនោះឪពុករបស់គេបានតាមរកគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញសោះ ដែលជាហេតុធ្វើឲ្យមានព្រួយបារម្ភពីសុវត្ថិភាពកូនប្រុសយ៉ាងខ្លាំង ហើយបន្ទាប់ពីទទួលបានដំណឹងនោះ រូបគាត់ដែលជាម្ដាយមីង ក៏បានខលទៅកាន់បងប្រុសរបស់គាត់(ឪពុកក្មេងប្រុសដែលបាត់ខ្លួន) ឲ្យផ្ញើររូបថតក្មួយប្រុសរូបនោះមកឲ្យគាត់ ។
ស្ត្រីជាម្តាយមីងបានរៀបរាប់បន្តថា ពេលទទួលបានរូបថតក្មួយប្រុសហើយ គាត់ក៏បានកាន់រូបថតនោះតាមស្វែងរកក្មួយប្រុសនៅភ្នំពេញក្រែងក្មួយប្រុសរបស់នាងធ្វើដំណើរមកភ្នំពេញ ហើយមានអ្នកបានប្រទះឃើញ ។ ប៉ុន្តែរកមិនឃើញឡើយ បន្ទាប់មកនាងក៏សម្រេចចិត្តកាន់រូបថតក្មួយប្រុសធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីសុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចជួយស្វែងរកក្មួយនាងផង ។
ស្ត្រីជាម្ដាយីងបាននិយាយប្រាប់ឲ្យដឹងបន្ថែមទៀតថា គាត់មិនបានដឹងថាក្មួយប្រុសមានរឿងអ្វីនោះទេ ទើបបាត់ខ្លួនបែបនេះ ហើយក៏ពុំដឹងថាក្មួយមានសុខទុក្ខបែបណាឡើយ ពិតជាធ្វើឲ្យគាត់មានការព្រួយបារម្ភបំផុត ។ ចំណែកនៅមុនពេលចេញបាត់ពីផ្ទះប៉ុន្មានថ្ងៃ បុរសជាឪពុកបានណែនាំអប់រំឲ្យកូនរូបនោះធ្វើអំពើល្អ និងសេពគប់តែមិត្តល្អៗ និងទៅណាមកណាឆាប់ត្រឡប់ចូលផ្ទះវិញ ។ ប៉ុន្តែឪពុកមិនបានវាយធ្វើបាបកូននោះទេ ហើយពុំដឹងថាកូនអន់ចិត្តនិងឪពុករឿងអប់រំនោះ ឬក៏មានរឿងអ្វីមួយផ្សេងទេ ទើបចេញពីផ្ទះ ដូច្នេះប្រសិនបើបងប្អូនណាបានប្រទះឃើញក្មេងប្រុសដូចមានភិនភាគខាងលើសូមជួយផ្ដល់ដំណឹងតាមរយៈទូរស័ព្ទលេខ៖ 0979257779 ដោយអនុគ្រោះផង ៕






ចែករំលែកព័តមាននេះ