ខេត្តស្វាយរៀង ៖បន្ទាប់ពីភាគីក្រុមហ៊ុនបានខកខានមិនគោរពតាមកិច្ចសន្យាបើកប្រាក់ឈ្នួលជាលើកទី២ កាលពីព្រឹកថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៦នេះក្រោមការបញ្ជាផ្ទាល់ពី លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ម៉ែន អេង អភិបាលរង តំណាងលោកអភិបាលខេត្ត លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងភាគីកម្មករ អ្នកម៉ៅការ និងភាគីម្ចាស់ការដ្ឋានអគារ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍បងប្អូនកម្មករ ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមលោកអ៊ូសាខឿន បានបញ្ជាក់ឲ្យដឹងថា: នៅក្នុងការចុះផ្ទាល់ដល់ទីតាំងការដ្ឋានសំណង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត លោកអភិបាលរងខេត្ត រួមជាមួយ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានជួបសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ។
បញ្ហានេះបានកើតឡើងដោយសារម្ចាស់សំណង់ត្រូវសមត្ថកិច្ចចាប់ខ្លួនរួចបណ្តេញចេញទៅប្រទេសដើមវិញ ហើយក្រុមហ៊ុនទទួលការសាងសង់ (ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក )ខ្វះលទ្ធភាពទូទាត់ប្រាក់ឈ្នួល បើទោះបីជាដល់កាលកំណត់សន្យាជាលើកទី២ ក៏ដោយ។ ក្នុងជំនួបនោះ លោកប្រធានមន្ទីរការងារបានលើកឡើងយ៉ាងច្បាស់ពីទិដ្ឋភាពច្បាប់ថា អាជ្ញាធរសម្រេចទុកកំហិតចុងក្រោយរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យភាគីពាក់ព័ន្ធស្វែងរកថវិកាមកបើកជូនកម្មករ។ ប្រសិនបើផុតកំណត់នេះ ក្រុមហ៊ុននៅតែមិនមានលទ្ធភាព អាជ្ញាធរនឹងបន្តអនុវត្តនីតិវិធីច្បាប់តឹងរ៉ឹងបំផុត ដើម្បីទាមទារផលប្រយោជន៍ជូនបងប្អូនកម្មករ។
លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ក្នុងមតិបិទអង្គប្រជុំថា រដ្ឋបាលខេត្តស្វាយរៀង ក្រោមការដឹកនាំរបស់ លោក ប៉េង ពោធិ៍សា នឹងតាមដានរឿងនេះរហូតដល់មានដំណោះស្រាយចុងក្រោយ។ លោកបានផ្ដាំផ្ញើឱ្យបងប្អូនកម្មកររក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើការងាររបស់មន្ត្រីជំនាញ ដែលកំពុងធ្វើការយ៉ាងសកម្មដើម្បីធានាថា “ញើសឈាមរបស់កម្មករ ត្រូវតែទទួលបានការតបស្នងដោយយុត្តិធម៌”។សកម្មភាពនេះមិនត្រឹមតែជាការដោះស្រាយវិវាទការងារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងអត្ថប្រយោជន៍របស់កម្មករនិយោជិតជាអាទិភាពបំផុត។
ជាកិច្ចបញ្ចប់ លោកអភិបាលរងខេត្ត បានអំពាវនាវឱ្យបងប្អូនកម្មករ-កម្មការិនី រក្សាភាពស្ងប់ស្ងាត់ និងសហការជាមួយអាជ្ញាធរ ខណៈដែលក្រុមការងារកំពុងរុញច្រាននីតិវិធីដោះស្រាយឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន៕








ចែករំលែកព័តមាននេះ