ខេត្តកំពង់ឆ្នាំង ៖ ដោយពិនិត្យឃើញថា អាជីវករលក់ដូរក្នុងផ្សារលើ ក្រុងកំពង់ឆ្នាំង បានយកដីចំណីផ្លូវលក់ដូរយ៉ាងអនាធិបតេយ្យ ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ ស្ទះចរាចរណ៍ គ្មានរបៀបរៀបរយ បន្ថែមលើនេះ អាជីវករលក់ដូរក្នុងផ្សារដែលគោរពគោលការណ៍របស់ថ្នាក់ដឹកនាំ បែរជាលក់មិនដាច់ និងសំណូមពរដល់ទទូចឲ្យអាជ្ញាធររៀបចំសម្រាប់ធ្នាប់ឡើងវិញ ទើបនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ2026 នេះ គេឃើញលោក ម៉ក់ សុលីម អភិបាលរងក្រុងកំពង់ឆ្នាំង បានសហការជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត និង នគរបាលក្រុងចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋអាជីវករ ដែលលក់ដូរជុំវិញផ្សារលើ និងនៅចំណុចផ្លូវបំបែកក្រោយផ្សារលើក្នុងភូមិត្រពាំងបី ត្រូវរុះរើចេញក្នុងរយៈពេល៧ថ្ងៃ បើមិនរុះរើចេញទេ ផុតកំណត់ សមត្ថកិច្ចនឹងចាត់វិធានការរដ្ឋបាល ប្រសិនបើមានការខូចខាតនោះមិនទទួលខុសត្រូវឡើយ ។

លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងមានប្រសាសន៍ថា ដោយទទួលបានការណែនាំពីឯកឧត្តមអភិបាលខេត្ត និងសំណូមពរប្រជាពលរដ្ឋជាអាជីវករក្នុងផ្សារ នៅព្រឹកនេះក្រុមការងារបានចុះផ្សព្វផ្សាយដល់អាជីវករលក់ដូរតាមម្ដងផ្លូវ នៅចំណុចមួយចំនួនដូចខាងក្រោម ៖
១-ចំពោះបងប្អូនអាជីវករដែលមានតូបលក់ដូរនៅក្នុងផ្សារលើ ត្រូវចូលទៅលក់នៅកន្លែងដើមវិញរៀងៗខ្លួនវិញ ។
២-ចំពោះបងប្អូនអាជីវករដែលមិនទាន់មានតូបលក់ដូរនៅក្នុងផ្សារលើ ត្រូវទំនាក់ទំនងជាមួយគណៈកម្មការផ្សារជាបន្ទាន់ ដើម្បីរកទីតាំងលក់ដូរ ។
៣-ត្រូវធ្វើការរុះរើតូបសំយ៉ាប និងដកឆត្រយកចេញនូវសម្ភារៈផ្សេងៗ ដែលដាក់លើចំណីផ្លូវសាធារណៈឱ្យអស់ក្នុងរយៈពេល៧ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ គឺកំណត់ត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ជាកំណត់ ។

លោក ហ៊ីង ភព្វមីនា បន្តថា ថា ការរៀបចំនេះមិនមែនចំពោះតែទីតាំងផ្សារលើនោះទេ គឺអាជ្ញាធរយើងបានចុះរៀបចំសណ្តាប់ធ្នាប់ទូទៅក្នុងក្រុងកំពង់ឆ្នាំង និងលើកំណាត់ផ្លូវជាតិលេខ៥មួយចំនួនរួចរាល់ហើយ ។

បានន័យថា យើងសម្អាតផ្ទះយើងឱ្យស្អាត ដើម្បីទាក់ទាញការវិនិយោគ ទាញភ្ញៀវទេសចរណ៍ និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ ។ ម្ល៉ោះហើយ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ ដូចនេះ សូមអំពាវនាវក៏ដូចជាជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមសហការស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ព្រោះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ។

គួរបញ្ជាក់ថា ការលក់ដូរលើផ្លូវសាធារណៈ បង្កឱ្យមានភាពអនាធិបតេយ្យ និងបាត់បង់
សណ្តាប់ធ្នាប់ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព ប៉ះពាល់សតិអារម្មណ៍អ្នកប្រើប្រាស់ផ្លូវសាធារណៈ និងការសង្គ្រោះនានានៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ ៕




ចែករំលែកព័តមាននេះ