រាជធានីភ្នំពេញ ៖ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រព័ន្ធអេកូក្នុងមធ្យោបាយដឹកជញ្ជូន និងជំរុញការទូទាត់ប្រាក់ឌីជីថលឱ្យកាន់តែ មានភាពទូលំទូលាយជាងមុន ។ ពិធីចុះហត្ថលេខាត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅអគារកាណាឌីយ៉ា ក្រោមអធិបតីភាព លោក Dominic Mario Notario អគ្គនាយកធនាគារ កាណាឌីយ៉ា និងលោក តុប និមល ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ផាសអ៊ែប ។

លោក តុប និមល ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ផាសអ៊ែប បានឱ្យដឹងថា ផាសអ៊ែប (PassApp) ជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរឈានមុខគេក្នុងប្រទេសកម្ពុជា មានមោទកភាពក្នុងកិច្ចសហការ ជាមួយធនាគារកាណាឌីយ៉ា ដើម្បីជំរុញការទូទាត់ប្រាក់តាមបែបឌីជីថល និងពង្រឹងប្រព័ន្ធអេកូក្នុងមធ្យោបាយ ធ្វើដំណើរនៅប្រទេសកម្ពុជា ។ កិច្ចសហការនេះជំរុញការទូទាត់ប្រាក់តាមរយៈ ប្រព័ន្ធឌីជីថល ក្នុងកម្មវិធីអ៊ែបផាសអ៊ែប (PassApp) កាន់តែលឿន មានសុវត្ថិភាព និងងាយស្រួលជាងមុន ជាពិសេសផ្ដល់ជាការបញ្ចុះតម្លៃ សម្រាប់សាធារណៈជនទូទៅ បុគ្គលិកធនាគារកាណាឌីយ៉ា និងអ្នកកាន់ប័ណ្ណឥណទានវីសា កាណាឌីយ៉ា ទាំងអស់ ។

បន្ថែមលើសពីនេះ សម្រួលដល់ដៃគូអ្នកបើកបររបស់យើង ចំពោះការគ្រប់គ្រងប្រាក់ចំណូលរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈប្រព័ន្ធធនាគារ ដែលអាចទុកចិត្តបាន និងទូទាត់ប្រាក់តាមរយះ QR សម្រាប់អ្នកបើកបរ ដែលធ្វើឱ្យការទទួលប្រាក់ពីអតិថិជនកាន់តែងាយស្រួល និងមានសុវត្ថិភាព ។ យើងកំពុងសហការគ្នា ដើម្បីបង្កើតប្រព័ន្ធអេកូទូទាត់ប្រាក់តាមបែបឌីជីថល និងមធ្យោបាយធ្វើដំណើរ ដើម្បីផ្តល់នូវគុណតម្លៃ និងបទពិសោធន៍កាន់តែល្អសម្រាប់អ្នកដំណើរ អ្នកបើកបរ និងប្រជាជនកម្ពុជាទាំងអស់ ។

លោក Dominic Mario Notario អគ្គនាយកប្រតិបត្ដិនៃធនាគារ កាណាឌីយ៉ា ក៏បានលើកឡើងដែរថា ក្នុងនាមជាធនាគារពាណិជ្ជ ដែលទទួលបានទំនុកចិត្តខ្ពស់ និងបានរីកចម្រើនជាមួយប្រទេសកម្ពុជាអស់រយៈពេលជាង 3 ទសវត្សរ៍ មកនេះ ធនាគារ កាណាឌីយ៉ា នៅតែប្តេជ្ញាចិត្តក្នុងការធ្វើឱ្យសេវាកម្មធនាគារឌីជីថលជាផ្នែកដ៏សំខាន់មួយសម្រាប់ជីវិតប្រចាំថ្ងៃ ។ ភាពជាដៃគូរបស់យើងខ្ញុំជាមួយ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី នឹងធ្វើឲ្យចក្ខុវិស័យនេះសម្រេចទៅមុខបាន ដោយការផ្តល់នូវអត្ថប្រយោជន៍ដ៏ជាក់ស្តែងពិតៗជូនទៅដល់អ្នកបើកបរ និងអតិថិជនរបស់ផាសអ៊ែប ដូចជាការប្រើប្រាស់សេវាកម្មធនាគារឌីជីថល (ការទូទាត់ប្រាក់ ការដាក់-ដកប្រាក់ ជាដើម) កាន់តែប្រសើរឡើង ជាមួយនឹងភាពងាយស្រួល និងប្រសិទ្ធផលដ៏គួរឲ្យកត់សម្គាល់ ។ ជាមួយនឹងការផ្សព្វផ្សាយបន្ថែមទៅលើការទូទាត់ប្រាក់តាមឌីជីថលដោយសុវត្ថិភាព និងរហ័ស យើងខ្ញុំបាននឹងកំពុងបន្ថែមអត្ថប្រយោជន៍ និងលើកកម្ពស់បទពិសោធន៍ជារួម សម្រាប់អ្នកបើកបរ អ្នកធ្វើដំណើរ និងសហគមន៍ទាំងមូល ។


អំពី Canadia Bank
សូមជម្រាបថា ធនាគារ កាណាឌីយ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ និងបានធ្វើឯកជនភាវូបនីយកម្មពេញលេញនៅក្នុងឆ្នាំ ១៩៩៨ ជាធនាគារពាណិជ្ជដែលមានសេវាកម្មពេញលេញបំផុតមួយ ដែលមានជំនាញហិរញ្ញវត្ថុ និងភាពរឹងមាំឈរជើងជាងបីទសវត្សរ៍កន្លងមក ។ ធនាគារកាណាឌីយ៉ា មានជំហរដ៏រឹងមាំក្នុងទីផ្សារហិរញ្ញវត្ថុ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ គាំទ្រដោយទំនាក់ទំនងយ៉ាងទូលំទូលាយ រវាងធនាគារក្នុងស្រុក និងអន្តរជាតិ ។ ជាមួយនឹងសាខាចំនួន ៦៩ និងម៉ាស៊ីនឌីជីថលស្វ័យសេវាជាង ៤៣០ នៅទូទាំងប្រទេស ធនាគារកាណាឌីយ៉ា នៅតែបន្តជំរុញនវានុវត្តន៌ និងផ្តល់នូវបទពិសោធន៍ធនាគារឌីជីថលរលូននៅកម្ពុជា ។
អំពីក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី
ផាសអ៊ែប (PassApp) គឺជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមទូរសព្ទដៃឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៧ ។ ផាសអ៊ែប (PassApp) ប្តេជ្ញាផ្តល់នូវសេវាកម្មធ្វើដំណើរដ៏ល្អបំផុតជូនដល់អតិថិជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ បច្ចុប្បន្ន វិសាលភាពសេវាកម្មរបស់ ផាសអ៊ែប (PassApp) បានគ្របដណ្ដប់ក្នុងខេត្ត-ក្រុងចំនួន ១០ រួមមាន ៖ ភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្ដាល បន្ទាយមានជ័យ និងបាវិត ។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានផ្តល់ជូនជម្រើសយានយន្តយ៉ាងសម្បូរបែប រួមមាន រ៉ឺម៉ក PassApp កង់បី PassApp រថយន្ដតូច រថយន្ត ECO រថយន្ដ SUV និងរថយន្ដ Comfort ជាដើម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ