រាជធានីភ្នំពេញ៖ អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារធ្វើសរុប ២, ៧៥១នាក់ បានចូលរួមក្នុងវេទិកាការងារ ខណះប្រជាពលករចំនួន ២០៥នាក់ ទទួលបានការងារធ្វើពីក្រុមហ៊ុនទាំង៥ ដែលចូលរួម នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នេះថា វេទិកាការងារនេះត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ និងប្រព្រឹត្តទៅយ៉ាងរលូន ព្រមទាំងទទួលបានការចាប់អារម្មណ៍ ពីសំណាក់អតីតប្រជាពលករ យុវជន និងប្រជាជនមូលដ្ឋាន ដែលកំពុងតែស្វែងរកការងារធ្វើ បានយ៉ាងច្រើនកុះករ ។

លោកបានបញ្ជាក់ផងដែរថា វេទិកាការងារនេះ បានធ្វើឡើងនៅតាមទីតាំងទាំង ៤កន្លែង រួមមានស្រុកស្នួល និងនៅស្រុកឆ្លូង ខេត្តក្រចេះ និងនៅស្រុកប្រាសាបាល្ល័ង្គ និងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយព័ត៌មាន ពីឱកាសការងារដែលមាននៅក្នុងស្រុកយ៉ាងសម្បូរបែប ជូនដល់អតីតពលករ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃវិញ ។

ក្នុងនោះមានអតីតពលករ ដែលមកពីប្រទេសថៃ យុវជន និងប្រជាពលរដ្ឋសរុបចំនួន ២,៧៥១នាក់ បានអញ្ជើញចូលរួម ក្នុងស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ នៃការធ្វើការនៅក្នុងស្រុកដូចជា ការស្វែងយល់ពីរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ ។

ជាមួយគ្នានេះអ្នកនាំពាក្យរូបនេះ ក៏នៅតែបន្តអំពាវនាវ ដល់អ្នកបងប្អូនអតីតពលករ ដែលខកខានមិនបានចូលរួម ឬក៏អតីតពលករដែលកំពុងតែស្វែងរកការងារធ្វើ ឱ្យទាក់ទងមកលេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរងចាំទទួល ទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីផ្ដល់ជូននូវឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ។

សូមរំឮកថា មកទល់ពេលនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារសរុបចំនួន ៥៩៣លើក ខណៈពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡប់មក ពីប្រទេសថៃជាង ៦២ម៉ឺននាក់ ទទួលបានការងារធ្វើ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ