រាជធានីភ្នំពេញ ៖ ពិធីសំណះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រលងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវកម្រិត ៣ បានធ្វើឡើងនាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ផងដែរ ។

ក្រោយការប្រកាសលទ្ធផលបាក់ឌុបឆ្នាំ ២០២៥ ជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០២៥ កន្លងមក ក្រុមហ៊ុន ជីប ម៉ុង ដែលមានលោកអ្នកឧកញ៉ា លាង ឃុន ជាសហស្ថាបនិកផ្ទាល់ បានប្រកាសឧបត្ថម្ភ SAMSUNG GALAXY TAB A11 PLUS ចំនួន ៣០២០ គ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទូទាំងប្រទេស ដោយប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នេះជាលើកទី ៥ ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សនិទ្ទេស A ចាប់តាំងពីឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២៥ នេះ ដែលសរុបជាចំនួនថេបប្ល៊ែតរហូតដល់ទៅជិត ១ ម៉ឺនគ្រឿង ។

ជីប ម៉ុង ដែលជាក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានវ័យក្មេងនៅក្នុងសង្គម តែងតែចូលរួមលើកទឹកចិត្ត បង្ហាញការកោតសរសើរដល់សិស្សានុសិស្សទាំងអស់ ដែលខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងចំណេះដឹង រហូតមានសមត្ថភាព ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរបែបនេះ។ ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ជីប ម៉ុង នឹងនៅតែបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍធនធានជំនាន់ក្រោយ ដែលជាសសររឹងមាំរបស់សង្គមជាតិ តាមរយៈការផ្តល់ឱកាសការងារ ហាត់ការ និងសកម្មភាពឧបត្ថម្ភគាំទ្រផ្សេងទៀត ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ