ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​ដល់​សិក្ខាកាម​ជាង ៣០០​នាក់ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​-​សុខភាព​ការងារ និង​ទប់ស្កាត់​គ្រោះថ្នាក់​ផ្សេង​ៗ​នៅ​កន្លែងធ្វើការ

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​ខែមករា ឆ្នាំ​ ២០២៦ កន្លង​មកនេះ នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​សុវត្ថិភាព…

រាជធានីភ្នំពេញ​ ៖ ក្នុង​ខែមករា ឆ្នាំ​ ២០២៦ កន្លង​មកនេះ នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​សិក្ខាកាម​សរុប​ចំនួន ៣០៨​នាក់ (​ស្រី​ ១៧៣​នាក់​)​មក​ពី​សហគ្រាស ក្រុមហ៊ុន រោងចក្រ​សរុប​ចំនួន ១៣ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ មន្ត្រី​ជំនាញ​ផ្នែក​បណ្តុះបណ្តាល នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ​បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​ច្បាស់លាស់ ដើម្បី​ផ្សព្វផ្សាយ ណែនាំ និង​បង្កើន​ចំណេះដឹង​ជូន​ដល់​ប្រតិភូ​បុគ្គលិក សហជីព និង​និយោជក​ប្រចាំ​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ ពាក់ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព និង​សុខភាព​ការងារ​។ ប្រធានបទ​សំខាន់​ៗ​រួម​មាន​៖ ការ​សង្គ្រោះ​បឋម ការ​លើកដាក់​ទម្ងន់ ឥរិយាបថ​បំពេញការងារ ការ​ទប់ស្កាត់​មេរោគ​អេ​ដស៍ និង​គ្រឿងញៀន និង​ក៏​មានការ​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហា​ជំងឺមិនឆ្លង​ជាដើម​។

វគ្គ​បណ្តុះបណ្តាល​នេះ ក៏​បាន​ចូលរួម​ផ្តល់​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ ក៏​ដូច​ជា​ការ​ពង្រឹង​វិសាលភាព​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​រាល់​គ្រោះថ្នាក់​ការងារ​ដល់​ប្រតិភូ​បុគ្គលិក កម្មករនិយោជិត ជា​ពិសេស អាច​ជួយ​អាយុជីវិត​ផ្ទាល់ខ្លួន និង​មិត្ត​រួមការ​ងារ​នៅ​កន្លែងធ្វើការ ដោយ​ប្រើ​វិធីសាស្ត្រ​ត្រឹមត្រូវ​ឱ្យ​បាន​ទាន់​ពេលវេលា និង​មិន​បង្ក​ភាព​ស្លន់ស្លោ​នៅ​ក្នុង​គ្រាអាសន្ន​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​៕ អត្ថបទសហការ