ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង អាស៊ី (Asia’s Rising Circle) លើក​ដំបូង​ផ្តល់​ភាព​អង់អាច​ដល់​អ្នកដឹកនាំ​វ័យក្មេង​មក​ពី ១៣ ប្រទេស ដើម្បី​ប្រែក្លាយ​ការ​ប្រែប្រួល​ដោយ​ការ​បង្កើត​ថ្មី​ទៅ​ជា​ឱកាសដោយ​លើកកម្ពស់​បញ្ហា​សុខុមាលភាព​ជា​មូលដ្ឋាន​គ្រឹះ​នៃ​វឌ្ឍនភាព

4 ម៉ោង មុន
  • ភ្នំពេញ

កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង អាស៊ី ពង្រឹង​កម្មវិធី​អភិវឌ្ឍន៍ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​យុវជនរបស់​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី ដោយ​ពង្រឹង​ដំណើរ​កសាង​អ្នកដឹកនាំ​ក្នុង​តំបន់​ ដែល​ផ្តល់​ភាព​អង់អាច​ដល់​យុវជន​ ដែល​ជា​អ្នក​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ជា​អន្តរជាតិ ​។ សិង្ហ​បុរី,…

កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង អាស៊ី ពង្រឹង​កម្មវិធី​អភិវឌ្ឍន៍ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​យុវជន
របស់​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី ដោយ​ពង្រឹង​ដំណើរ​កសាង​អ្នកដឹកនាំ​ក្នុង​តំបន់​ ដែល​ផ្តល់​ភាព​អង់អាច​ដល់​យុវជន​ ដែល​ជា​អ្នក​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ជា​អន្តរជាតិ ​។

សិង្ហ​បុរី, ថ្ងៃ​ទី ​២ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ៖ មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​បាន​បញ្ចប់ កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី (Asia’s Rising Circle) លើក​ដំបូង ដែល​ជា​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​យុវជន​ក្នុង​តំបន់​ដែល​គាំទ្រ​យុវជន​ក្នុង​ការ​បង្កើត​ឱកាស​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម ដោយ​ពង្រឹងសមត្ថភាព​ភាព​ជា​អ្នកដឹកនាំ និង​កសាង​បណ្តាញ​អន្តរជាតិ ដែល​អាច​ជឿ​ទុកចិត្ត​បាន​នៅ​ទូ​ទាំង​អាស៊ី​ ។

កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​របស់​អាស៊ី បាន​អញ្ជើញ​យុវជន​ជា​អ្នក​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ចំនួន ៤២ នាក់​មក​ពី​អាស៊ី​អាគ្នេយ៍ ចិន និង​ឥណ្ឌា ជួយ​ពួក​គេ​សម្រប​ខ្លួន​នឹង​ការ​ប្រែប្រួល​ដោយ​ការ​បង្កើត​ថ្មី និង​ភាព​មិន​ប្រាកដប្រជា និង​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ វិជ្ជមាន​ដ៏​មាន​អត្ថន័យ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ ។ កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី​នេះ ត្រូវ​បាន​រចនា​ឡើងជា​វេទិកា​សម្រាប់​ភាព​ជា​អ្នកដឹកនាំ​នា​ពេល​អនាគត ហើយ​កម្មវិធី​នេះ​ជួយ អភិវឌ្ឍន៍ភាព​ធន់ ការ​គិត​ជា​ប្រព័ន្ធ និង​ការ​សហការ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ជា​អន្តរជាតិ ​។

កម្មវិធី​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ៣១ ខែមករា ឆ្នាំ​ ២០២៦ ហើយ​កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី​បាន​ប្រើប្រាស់​ទម្រង់​កូនកាត់ ដោយ​រួម​បញ្ចូល​គ្នា​រវាង​ការ​រៀន​នៅ​លើ​ប្រព័ន្ធ​អ៉ីនធឺណិត និង​ដោយ​ផ្ទាល់​នៅ​សិង្ហ​បុរី​ ។ ដោយ​ផ្តោត​លើ​បញ្ហា​សុខភាព​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ភាព​ធន់ និង​ចល័ត​ភាព កម្មវិធី​លើក​ដំបូង​នេះ ពិនិត្យ​មើល​ថា​តើ​បញ្ហា​សុខុមាលភាព​អាច​បង្កើត​ឱកាស​សេដ្ឋកិច្ច និង​វឌ្ឍនភាព​រយៈពេល​វែង​នៅ​សហគមន៍​អាស៊ី​បាន​យ៉ាងដូចម្តេច ​។

គំនិត​ផ្ដួចផ្ដើម​ច្រើន​ផ្នែក​ដែល​ផ្ដោត​លើ​មូលបទ​ដែល​បង្កើត​ឱកាស និង​ចល័ត​ភាព

កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី ត្រូវ​បាន​រចនា​ឡើងជា​កម្មវិធី​ច្រើន​ផ្នែក ដើម្បី​គាំទ្រ​យុវជន​ជា​អ្នក​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ក្នុង​ការ​ជំនះ​ភាព​ស្មុគស្មាញ ក៏​ដូច​ជា​ជួយ​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់ ​។ ផ្នែក​នីមួយ​ៗ និយាយ​អំពី​មូលបទ​ដែល​បង្កើត​ឱកាស​សេដ្ឋកិច្ច និង​ចល័ត​ភាព​សង្គម រួម​ទាំង​សុខភាព និង​ភាព​ធន់ ការងារ និង​ការ​សម្រប​ខ្លួន និង​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត ​។

កម្មវិធី​នា​ពេល​អនាគត នឹង​និយាយ​ថា​តើ​ការ​សម្រប​ខ្លួន​អាច​ជួយ​បុគ្គល​ក្នុង​ការ​ស្វែងរក​ការងារ​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​កំពុង​មានការ​ផ្លាស់​ប្តូរ និង​ថា​តើ​វិធីសាស្ត្រ​សិក្សា​ដែល​មាន​ភាព​បត់បែន អាច​ជួយ​បង្កើត​ឱកាស​បាន​កាន់តែ​ច្រើន​ដូច​ម្តេច​ខ្លះ ​។

កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ​ក្មេង អាស៊ី​ ២០២៦ បានបញ្ចប់ជាមួយនឹងពិធីទទួលទានអាហារពេលល្ងាច ក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម  សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី​ ឯកឧត្តម   Vilatsone Visonnavong​ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំប្រទេសសិង្ហបុរី  ឯកឧត្តម  Alexander Tilman ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំប្រទេសសិង្ហបុរី លោក Ismail Mohamad Bkri ឧត្តម​ស្នងការរង និងប្រធានរដ្ឋបាលនៃឧត្តមស្នងការប្រទេសម៉ាឡេស៊ីប្រចាំប្រទេសសិង្ហបុរី និងលោក Ye Myint Aung ទីប្រឹក្សា ស្ថានទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

ចំណុច​សំខាន់​ៗ​នៃ​កម្មវិធី ​៖ ពង្រឹង​ភាព​ជា​អ្នកដឹកនាំ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ

កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី ចាប់ផ្តើម​ជាមួយនឹង​សិក្ខាសាលា​ស្តី​ពី​ការ​កសាង​សមត្ថភាព​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ផ្តោត​លើ​ប្រធានបទ​សិក្សា​ចំនួន​បី​ពោល​គឺ​៖ ចំណេះដឹង ជំនាញ និង​សមត្ថភាព ​។ អ្នកចូលរួម​បាន​ស្វែង​យល់​ថា​តើ​ការ​ប្រែប្រួល​ដោយ​ការ​បង្កើត​ថ្មី អាច​ជួយ​ជំរុញ​នវានុវត្តន៍ និង​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ពង្រឹង​ភាព​ជា​អ្នកដឹកនាំ​ដែល​មានការ​សម្រប​ខ្លួន​ខ្ពស់ និង​មាន​ភាព​ធន់ ក៏​ដូច​ជា​អនុវត្ត​ការ​គិត​ជា​ប្រព័ន្ធ ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​បញ្ហា​ប្រឈម​រួម​ ។

ចាប់ពី​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ទី ៣១ ខែមករា អ្នកចូលរួម​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ប្រទេស​សិង្ហ​បុរី ​។ ចំណុច​សំខាន់​ៗ​រួម​មាន ការ​ជជែក​ជាមួយ​អ្នកចូលរួម (Human Library) អំពី​និយម​ន័យ​ថ្មី​នៃ​ភាព​ជោគជ័យ និង​សុខុមាលភាព កិច្ច​សន្ទនា​ជាមួយ​ឯកឧត្តម​បណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​សិង្ហ​បុរី និង​ជាមួយ​លោក​ជំទាវ Rahayu Mahzam រដ្ឋមន្ត្រី (Minister of State) ប្រចាំ ក្រសួង​អភិវឌ្ឍន៍​ឌី​ជី​ថ​ល និង​ព័ត៌មាន និង​ក្រសួងសុខាភិបាល ក៏​ដូច​ជា​ការ​ពិភាក្សា​ជា​ក្រុម​អំពី​បច្ចេកវិទ្យា ភាព​ធន់ និង​ការ​ពង្រឹងសមត្ថភាព​យុវជន​។ បទ​ពិសោធន៍​នេះ​ត្រូវ​បាន​បំពេញបន្ថែម​ដោយ ដំណើរ​សិក្សា ដែល​អ្នកចូលរួម​បាន ស្តាប់​ទស្សនៈ​ពី​អ្នក​អនុវត្ត​ផ្ទាល់​តែ​ម្ដង ​។

ឯកឧត្តម បណ្ឌិត Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសសិង្ហបុរី បានដឹកនាំកម្មវិធីជជែកពិភាក្សានៅ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេង របស់អាស៊ី ដោយលើកឡើងពីតួនាទីរបស់អ្នកដឹកនាំវ័យក្មេងក្នុងការពង្រឹងការយល់ដឹងអន្តរវប្បធម៌ ការកសាងទំនុកចិត្តរវាងប្រជាជាតិនានា និងការជំរុញសកម្មភាពរួមលើ បញ្ហាអន្តរជាតិ ។

ដោយ​ថ្លែង​នៅ​ក្នុង​កម្មវិធី​ជជែក​ពិភាក្សា ដែល​មាន​ចំណងជើង​ថា “​យុវជន​ជា​អ្នក​កសាង​ស្ពាន​៖ សហការ​អន្តរជាតិ​ដើម្បី​អាស៊ី​មាន​បរិ​យា​បន្ន ភាព​ធន់ និង​និរន្តរភាព​” ឯកឧត្តម​បណ្ឌិត Balakrishnan បាន​ជំរុញ​ឱ្យ​អ្នកចូលរួម​ខិតខំ ​ដើម្បី​សម្រេច​ឱ្យ​បាន​ឧត្តមភាព ​ក្នុង​វិស័យ​រៀង​ៗ​ខ្លួន ដោយ​ជំរុញ​ឱ្យ​ពួក​គាត់​ឆ្លុះ​បញ្ចាំង ​ថា​តើ​ខ្លួន​អាច​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​វិជ្ជមាន​ នៅ​ក្នុង​សង្គម​ដូច​ម្តេច​ខ្លះ ​។

ឯកឧត្តម​បណ្ឌិត បាន​បន្ដ​ថា​៖ “​មិន​ថា​អ្នកមាន​ចំណង់​ចំណូលចិត្ត​ឬ​អាជីព​អ្វី​នោះ​ទេ ចូរ​ធ្វើ​កិច្ចការ​នោះ​ឱ្យ​បាន​ល្អ​ហើយ​គិត​ថា​តើ​អ្នក​អាច​រួមចំណែក​ដល់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​សង្គម​របស់​អ្នក​បាន​តាម​វិធី​ណា ។ ចូរ​ជួយ​បន្ថែម​គុណ​តម្លៃ និង​ចេះ​ជួយ​អ្នក​ដទៃ ពីព្រោះ​ភាព​ជា​អ្នកដឹកនាំ​មិនមែន​ជា​ការ​នៅ​ដាច់​ពី​គេ​តែឯង​នោះ​ទេ​។ ភាព​ជា​អ្នកដឹកនាំ​ត្រូវ​តែ​ផ្អែក​លើ​ឱកាស​ដែល​អ្នក​ត្រូវ​បាន​ផ្តល់​ឱ្យ និង​ផ្អែក​លើ​របៀបរបប​ដែល​អ្នក​ប្រើប្រាស់​ឱកាស​នេះ​ ។​”

ឯកឧត្តម​វេជ្ជបណ្ឌិត បាន​ថ្លែង​បញ្ចប់​ថា​៖ “​យើង​ត្រូវ​តែ​ឯករាជ្យ ប៉ុន្តែ​ក៏​ឈរ​រួម​គ្នា​ដើម្បី​បុព្វហេតុ​រួម​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​អាច​ធ្វើ​បាន និង​ទាញ​យក​ឱកាស​ពី​បដិវត្តន៍​បច្ចេកវិទ្យា ដោយ​ទន្ទឹម​នឹង​នោះ​រក្សា​សន្តិភាព និង​សាមគ្គីភាព​នៅ​ក្នុង​សង្គម​របស់​យើង​ ។​”

ការ​យកចិត្តទុកដាក់​រយៈពេល​វែង ​របស់​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​ លើ​ភាព​ជា​អ្នកដឹកនាំ និង​ការ​ចូលរួម​របស់​យុវជន

លោក Janadas Devan ដែល​ជា​ប្រធាន មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី មាន​ប្រសាសន៍​ថា​៖ “​នៅ​ទូ​ទាំង​អាស៊ី យុវជន​មិន​ត្រឹមតែ ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​តែ​ប៉ុណ្ណោះ​ទេ ពួក​គាត់​ក៏​កំពុង​តែ​ជួយ​កសាង​អនាគត​ផង​ដែរ​។ កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​យុវជន និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ តាម​រយៈ​ការ​បង្កើត​កន្លែង​មួយ​ដែល​អ្នក​ផ្លាស់​ប្តូរ អាច​កសាង​សមត្ថភាព បង្កើត​ចំណង​ទំនាក់ទំនង ប្រកបដោយ​អត្ថន័យ និង​ប្រែក្លាយ​ការ​ប្រែប្រួល​ដោយ​ការ​បង្កើត​ថ្មី​ទៅ​ជា​ឱកាស និង​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ​។

ខណៈ​ដែល​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី រំលឹក​ខួប​ទី ៣៥ ឆ្នាំ​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​ការ​កសាង​ភាព​ជា​ដៃគូ​រយៈពេល​វែង​នៅ​តាម​សហគមន៍​នានា​។ យើង​មាន​មោទនភាព​ក្នុង​ការ អញ្ជើញ​អ្នកដឹកនាំ​វ័យក្មេង​ចម្រុះ គាំទ្រ​ពួក​គាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ស្មុគស្មាញ និង​កសាង​ទំនាក់ទំនង ​ដែល​នឹង​ទ្រទ្រង់​ដល់​ការ​សហការ ​លើស​ពី​ក្នុង​កម្មវិធី​នេះ​ទៅ​ទៀត ​។​”

នៅកម្មវិធីជជែកពិភាក្សា ដែលមានចំណងជើងថា “ភាពរឹងមាំនៅក្នុងតុល្យភាព ៖ របៀបដែលភាពធន់និងសុខុមាលភាពជំរុញវឌ្ឍនភាព” វាគ្មិនបានពិភាក្សាអំពីរបៀបដែលភាពធន់ និងសុខុមាលភាពផ្តល់អំណាចដល់យុវជនក្នុងការប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងចេះចាប់យកឱកាស។ កម្មវិធីជជែកពិភាក្សានេះ  ត្រូវបានសម្របសម្រួលដោយលោក Khairul Mohd Khair ប្រធានផ្នែកការអភិវឌ្ឍសមត្ថភាពបុគ្គលិក និងស្ថាប័ននៃ Stroke Support Station សមាជិកគណៈកម្មាធិការ  Youth Corps Singapore និង សមាជិកនៃ ASEAN Youth Fellowship (AYF) ២០២៣ (ឆ្វេង)។​ វាគ្មិន (ពីស្តាំ) លោក Sherman Ho ស្ថាបនិក Happiness Initiative និងសមាជិក
AYF ២០២៣ Jerica Goh នាយិការ សេវាចែកចាយ ក្រុមប្រឹក្សាជាតិនៃសេវាសង្គម ប្រទេសសិង្ហបុរី និងលោកវេជ្ជបណ្ឌិត Vyshnavi Desiraju នាយក Being.Lagom និងទីប្រឹក្សាវេជ្ជសាស្ត្រ ផ្នែក R&D។

ដោយសារ​យុវជន​ជា​ប្រជាសាស្ត្រ​មួយ​ ដែល​ជួយ​កំណត់​អនាគត​របស់​អាស៊ី ដូច្នេះ​យុវជន​ដើរតួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ប្រែក្លាយ​ភាព​ស្មុគស្មាញ និង​ភាព​មិន​ច្បាស់លាស់​ទៅ​ជា​ឱកាស ​។ ភាព​ជា​អ្នកដឹកនាំ​របស់​យុវជន​ ពង្រឹង​ភាព​ស្អិត​ល្មួត​ក្នុង​សង្គម ជំរុញ​នវានុវត្តន៍ និង​ពង្រីក​ឱកាស ។ ទាំងនេះ​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ នៃ​ការ​វិនិយោគ​ប្រកបដោយ​និរន្តរភាព ​ទៅ​លើ​សមត្ថភាព​នៃ​ការ​ដឹកនាំ ទំនុកចិត្ត​អន្តរជាតិ និង​ការ​កសាង​បណ្តាញ​ដែល​រឹង​មាំ ​។

ដោយ​បាន​ចំណាយពេល ៣៥ ឆ្នាំ​ក្នុង​ការ​កសាង​បណ្តាញ​អន្តរជាតិ មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី ជួយ​អភិវឌ្ឍន៍ ភាព​ជា​អ្នកដឹកនាំ​របស់​យុវជន​ តាម​រយៈ​កម្មវិធី​ជា​ច្រើន​ដូច​ជា កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សន្ទនា​អន្តរ​វប្បធម៌​សម្រាប់​កំណើន និង​ការ​ពង្រឹង​ភាព​អង់អាច (BRIDGE) និង​កម្មវិធី សមាជិក​យុវជន​អាស៊ាន (ASEAN Youth Fellowship) ដែល​ទាក់ទង​ជាមួយ​ផ្នែក​ផ្សេង​ៗ​គ្នា ​នៃ​ការ​អភិវឌ្ឍ​យុវជន និង​ការ​សហការ​ក្នុង​តំបន់ ​។ ជា​រួម កម្មវិធី​ទាំងនេះ​ពង្រឹងសមត្ថភាព ​ភាព​ជា​អ្នកដឹកនាំ កសាង​ទំនុកចិត្ត អន្តរជាតិ និង​ពង្រីក​បណ្តាញ​អ្នកដឹកនាំ​យុវជន​តំបន់ ​ដែល​មាន​ភាព​ធន់ ដែល​មានការ​ប្តេជ្ញា​ចិត្ត​ ទៅ​លើ​សកម្មភាព​រួម​ដើម្បី​ប្រយោជន៍​សង្គម ​។

អ្នកចូលរួម​ពី​ប្រទេស​កម្ពុជា លោក សាន បូ​រី អ្នកសម្របសម្រួល​គម្រោង ​នៃ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ​មាន​ប្រសាសន៍​ថា​៖ “​កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី បាន​ជួយ​ឱ្យ​ខ្ញុំ​ប្រែក្លាយ​ចំណូលចិត្ត​ទៅ​ជា​យុទ្ធសាស្ត្រ​។ វិធីសាស្ត្រ​នៃ​ការ​គិត​ជា​ប្រព័ន្ធ ធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​បញ្ហា​សុខភាព ការ​អប់រំ និង​ការងារ ហើយ​មតិ​ត្រលប់​ពី​មិត្ត​ភ័ក្តិ ធ្វើ​ឱ្យ​ខ្ញុំ​យល់​កាន់តែ​ច្បាស់ ថា​តើ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ ដែល​មាន​ន័យ​នៅ​ក្នុង​សហគមន៍​របស់ខ្ញុំ ជាក់ស្ដែង មាន​លក្ខណៈ​បែប​ណា ​។​”

អ្នកចូលរួម​ពី​ប្រទេស​ឡាវ កញ្ញា Chintanaphone Chanthavong សហ​ស្ថាបនិក The Globie មាន​ប្រសាសន៍​ថា​៖ “​អ្វី​ដែល​ធ្វើ​ឱ្យ​កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី មាន​ឥទ្ធិពល​នោះ គឺ​ភាព​ចម្រុះ​នៃ​ទស្សនវិស័យ ​។ ការ​ស្តាប់​មតិ​របស់​អ្នកចូលរួម ​មក​ពី​ប្រទេស​ផ្សេង​ៗ បាន​បង្ហាញ​ខ្ញុំ​ថា​ខណៈ​ពេល​ដែល​មាន​បញ្ហា​ប្រឈម​រួម ​នៅ​ទូ​ទាំង​អាស៊ី បញ្ហា​ទាំងនេះ​អាច​ដោះស្រាយ​បាន​ តែ​តាម​រយៈ​ការ​យល់​ដឹង ការ​សហការ​អន្តរជាតិ និង​សាមគ្គីភាព​ក្នុង​តំបន់​តែ​ប៉ុណ្ណោះ ​។ ទាំង​អស់នេះ​បាន​ជំរុញ​ខ្ញុំ​ឱ្យ​យក​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ត្រឡប់​ទៅ​អនុវត្ត​នៅ​ប្រទេស​កំណើត និង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​ទីនោះ​។​” The Globie គឺជា​កម្មវិធី​ផ្ដល់​សេវាកម្ម​បកប្រែ ​គ្រប់គ្រង​ដោយ​យុវជន ដែល​បណ្តុះបណ្តាល​អ្នកបកប្រែ​ឯករាជ្យ និង​ជួយ​ផ្សា​ភ្ជាប់​យុវជន​មាន​ទេព​កោសល្យ​ ទៅ​កាន់​ទីផ្សារ​ពិភពលោក ​។

អ្នកចូលរួម​ពី​ប្រទេស​ឥណ្ឌា Divya Arun Uppal អ្នក​អប់រំ​កម្មវិធី​ការ​តម្រង់​ទិស​អាជីព​នៃ​សាលា The Gateway School of Mumbai មាន​ប្រសាសន៍​ថា​៖ “​កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី ជួយ​ខ្ញុំ​ឱ្យ​អភិវឌ្ឍន៍​ខ្លួន ជា​អ្នកដឹកនាំ​តាម​របៀប​ជាក់ស្តែង​មួយ​។ ខ្ញុំ​បាន​រៀន​ពី​របៀប​នៃ​ការ​សម្រប​ខ្លួន​ក្នុង​ភាព​មិន​ច្បាស់លាស់ ចេះ​សួរ​សំណួរ​ប្រសើរ​ជាង​មុន និង​ដឹកនាំ​ជាមួយ​ការ​យល់ចិត្ត​។ អ្វី​ដែល​សំខាន់​ដូច​គ្នា​នោះ ខ្ញុំ​បាន​កសាង​បណ្តាញ​អ្នកចូលរួម​នៅ​ទូ​ទាំង​អាស៊ី ដែល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ស្រ​ដៀង​គ្នា​នេះ និង​គាំទ្រ​ដំណើរ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ ។​”

លោកជំទាវ Rahayu Mahzam ដែលជារដ្ឋ​មន្ត្រី​ (Minister of State)​​ ប្រចាំក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន និងក្រសួងសុខាភិបាល សន្ទនាជាមួយអ្នកចូលរួម ក្នុងកម្មវិធីជជែកពិភាក្សា ដែលមានចំណងជើងថា “ភាពធន់ និងសុខុមាលភាព៖ មូលដ្ឋានសម្រាប់ឱកាស និងវឌ្ឍនភាពរបស់យុវជន។”

ការ​សំឡឹង​ទៅ​មុខ

ដោយ​ជា​គំនិត​ផ្ដួចផ្ដើម​ច្រើន​ផ្នែក កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី នឹង​បន្ត​អញ្ជើញ អ្នក​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ដែល​មាន​សក្តានុពល​នៅ​ទូ​ទាំង​អាស៊ី ដោយ​ពិភាក្សា​លើ​មូលបទ​ដែល​ជួយ​បង្កើត​ឱកាស​សម្រាប់​យុវជន និង​ចល័ត​ភាព​។ តាម​រយៈ​កម្មវិធី​ជួបជុំ​នា​ពេល​អនាគត កម្មវិធី​បណ្តាញ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី នឹង​ពង្រឹងសមត្ថភាព​ភាព​ជា​អ្នកដឹកនាំ បង្កើន​ទំនុកចិត្ត​អន្តរជាតិ និង​កសាង​បណ្តាញ​សិក្ខាកាម​រស់​រវើក​មួយ ដោយ​គាំទ្រ​សហគមន៍​យុវជន​ជា​អ្នកដឹកនាំ​ដែល​រឹង​មាំ និង​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ទូ​ទាំង​តំបន់​ ។

អំពី​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី
មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី មាន​គោលបំណង​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​សម្រាប់​ពិភពលោក​មួយ​ដែល​ល្អ​ប្រសើរ​ ។ យើង​ប្រមូលផ្តុំ​បុគ្គល​មក​ពី​វិស័យ​សាធារណៈ ឯកជន និង​សប្បុរសធម៌​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​ដើម្បី​ប្រមូល​កម្លាំង​រួម​គ្នា​ដែល​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន និង​សង្គម​រួម​។ បេសកកម្ម​របស់​យើង ផ្តោត​លើ​ផ្នែក​អាកាសធាតុ វប្បធម៌ ការ​អប់រំ សុខភាព និង​យុវជន​។ យើង​ជឿជាក់​ថា​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ដំណោះស្រាយ​ដែល​ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មានការ​ត​ភ្ជាប់​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ​៖ www.sif.org.sg ៕ អត្ថបទសហការ

អ្នកចូលរួមកម្មវិធីបណ្តាញអ្នកដឹកនាំវ័យ​ក្មេង អាស៊ី  ពីអាស៊ាន ចិន និងឥណ្ឌាបានអនុវត្តជំនាញដូចជាការគិតជាប្រព័ន្ធ ដែលពួកគាត់បានរៀនក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពតាមប្រព័ន្ធ
អ៊ីនធឺណិត ដើម្បីវិភាគបញ្ហាទាក់ទង ជាមួយសុខុមាលភាព និងបំផុសដំណោះស្រាយរួមគ្នា ។