រាជធានីភ្នំពេញ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់អតីតពលករត្រឡប់ពីប្រទេសថៃ យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើនៅខេត្ដសៀមរាប សូមចូលរួមវេទិការងារ សន្ដិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាចុងសប្តាហ៍នេះដើម្បីទទួលបានការងារធ្វើភ្លាមៗ ខណៈឱកាសការងារមានជិត ៩ម៉ឺនកន្លេង។

លោកថ្លែងថា៖ «វេទិកាការងារនេះ គឺជាយន្តការសំខាន់មួយរបស់ក្រសួង ក្នុងការនាំយកឱកាសការងារពិតប្រាកដ ទៅជិតប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងយុវជន ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីឱ្យពួកគាត់អាចទទួលបានការងារធ្វើភ្លាមៗ និងមានប្រាក់ចំណូលសមរម្យ» ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប ចំនួន២ទីតាំង ក្នុងនោះថ្ងៃសៅរ៍ ទី៣១ ខែមករា វេទិកានឹងរៀបចំនៅបរិវេណសាលាស្រុកស្រីស្នំ រីឯថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ នឹងរៀបចំនៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យភូមិគំរូ ស្រុកក្រឡាញ់ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ដើម្បីផ្ដល់ឱកាសការងារជិត ៩ម៉ឺនកន្លែង ។

លោកបានបន្ថែមថា អ្នកចូលរួមនឹងទទួលបានការសម្ភាសការងារភ្លាមៗ ជាមួយក្រុមហ៊ុន មានរថយន្តដឹកជញ្ជូននិងអាហារដោយឥតគិតថ្លៃ ។ មិនត្រឹមតែអាចស្វែងរកការងារប៉ុណ្ណោះ អ្នកចូលរួមក៏អាចចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស តាមកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល និងយល់ដឹងពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមផងដែរ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលស្ថិតនៅឆ្ងាយ អាចទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ