ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដ៏​ហួសចិត្ត​ពីក្រោយ «​តុក្កតា​សេះ​យំ​» ដែល​លក់ដាច់​ខ្លាំង​បំផុត​នៅ​ចិន មុន​ថ្ងៃ​បុណ្យចូលឆ្នាំ

2 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ «​តុក្កតា​សេះ​យំ​» កំពុង​លក់ដាច់​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​ចិន មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ឆ្នាំ​សេះ ចូល​មក​ដល់​។ ការ​លក់ដាច់​ភ្លូកទឹកភ្លូកដី​នេះ កើត​ចេញពី​កំហុស​បច្ចេកទេស​នៃ​ការ​ផលិត​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន…

ទីក្រុង​ប៉េ​កាំ​ង ៖ «​តុក្កតា​សេះ​យំ​» កំពុង​លក់ដាច់​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​ចិន មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ឆ្នាំ​សេះ ចូល​មក​ដល់​។ ការ​លក់ដាច់​ភ្លូកទឹកភ្លូកដី​នេះ កើត​ចេញពី​កំហុស​បច្ចេកទេស​នៃ​ការ​ផលិត​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន BBC និង CBC ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

បើ​តាម​លោកស្រី Zhang Huoqing ម្ចាស់​ហាង​លក់​តុក្កតា​ឈ្មោះ Happy Sister ស្ថិត​នៅ​ទីក្រុង​យី​វូ (Yiwu) ខេត្ត​ហ្សឺ​ជាំ​ង (Zhejiang) ភាគ​ខាងកើត​ប្រទេស​ចិន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា តុក្កតា​សេះ​តំណាង​ឆ្នាំ​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​កំហុស​បច្ចេកទេស បន្ទាប់​ពី​កម្មករ​ម្នាក់​បាន​ដេរ​មាត់​ញញឹម​របស់​សេះ​បញ្ច្រាស់​។ ដំបូង​ៗ ម្ចាស់​ហាង​បាន​រំពឹង​ថា​នឹង​ត្រូវ​សង​ប្រាក់​ទៅ​អតិថិជន​ដែល​បាន​ទិញ​តុក្កតា​នោះ​វិញ ប៉ុន្តែ​ក្រោយ​រូបភាព​ដ៏​ហួសចិត្ត​របស់​តុក្កតា ចាប់ផ្តើម​ផ្ទុះ​ឡើង​លើ​អ៊ីនធឺណិត តុក្កតា​សេះ​យំ​នេះ បែរជា​ចាប់ផ្តើម​លក់ដាច់​អស់ពី​ស្តុក​ទៅ​វិញ​។

ម្ចាស់​ហាង​ដដែល​រូប​នេះ បាន​និយាយ​ថា ទឹកមុខ​ស្រពាប់​ស្រពោន​តុក្កតា​សេះ​នេះ កំពុង​ទាក់ទាញ​ចិត្ត​កម្មករ​វ័យក្មេង​នៅ​ក្នុង​ប្រទេស​ចិន​។ អតិថិជន​ជា​ច្រើន​ចូល​ចិត្ត​វា ហើយ​ពួក​គេ​និយាយ​ថា​វា​សម​ហេតុផល​នឹង​ស្មារតី​កម្មករ​សាជីវកម្ម​សព្វ​ថ្ងៃនេះ​។ អតិថិជន​ម្នាក់​បាន​លើក​ឡើង​ថា តុក្កតា​សេះ​យំ​នេះ ពិតជា​សម​នឹង​ការ​ពិត​របស់​មនុស្ស​សម័យ​ថ្មី​។

ឯ​ម្នាក់​ទៀត​បាន​និយាយ​លេងសើច​ថា តុក្កតា​សេះ​យំ​នេះ គឺជា​ទឹកមុខ​របស់​អ្នក​កំពុងធ្វើការ​ងារ​ខណៈ​ដែល​តុក្កតា​សេះ​ញញឹម គឺជា​ទឹកមុខ​របស់​អ្នក​ក្រោយ​បញ្ចប់​ការងារ​។ អតិថិជន​ម្នាក់​ទៀត​ក៏​បាន​ប្រដូច​ខ្លួន​ទៅ​នឹង​តុក្កតា​សេះ​យំ​ថា «​សេះ​តូច​នេះ​មើលទៅ​សោកសៅ និង​គួរ​ឱ្យ​អាណិត​ណាស់ ដូច​ជា​អារម្មណ៍​ខ្ញុំ​នៅ​កន្លែងធ្វើការ​អ​ញ្ចឹ​ង​។ ជាមួយ​តុក្កតា​សេះ​យំ​ឆ្នាំ​នេះ ខ្ញុំ​សង្ឃឹមថានឹង​ទុក​ការ​សោកសៅ​ទាំងអស់​របស់ខ្ញុំ​នៅ​កន្លែងធ្វើការ ហើយ​រក្សា​តែ​សុភមង្គល​ជាប់​ខ្លួន​ប៉ុណ្ណោះ​»​។

បច្ចុប្បន្ន​រោងចក្រ​របស់​លោក Zhang បាន​បង្កើន​ផលិតកម្ម​ដើម្បី​បំពេញតម្រូវការ​នៅ​ក្នុងស្រុក និង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ​។ បើ​តាម​កាសែត​ហុងកុង South China Morning Post (SCMP) បានឱ្យ​ដឹង​ថា តុក្កតា​សេះ​យំ​មាន​កម្ពស់​ប្រហែល ២០ សង់ទីម៉ែត្រ និង​១​តម្លៃ ២៥ យន់ ប្រហែល ៣,៦០ ដុល្លារ​អា​មេ​រិ​ក​។ វា​មាន​ពណ៌​ក្រហម​តំណាង​សំណាងល្អ ជាមួយ​ខ្សែ និង​កណ្តឹង​ក​ពណ៌​មាស ហើយ​មាន​ពាក្យស្លោក​មួយ​ឃ្លា​ថា «​លុយ​ចូល​មក​លឿន​» ប៉ាក់​លើ​ខ្លួន​វា​ជា​អក្សរ​ទឹកមាស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ