កម្ពុជា-អង្គការសហប្រជាជាតិ ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដែលជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជា បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំ ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌» រៀបចំធ្វើឡើង នាព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ។

កិច្ចប្រជុំ JTWG នេះ មានគោលបំណងពិភាក្សាអំពីផែន ការរួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ សម្រាប់ការអនុវត្តផែនទី បង្ហាញផ្លូវកម្ពុជា ស្តីពីគម្រោងកាតាលីករសកល (Global Accelerator)។ ផែនទីបង្ហាញផ្លូវ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីខែធ្នូ ឆ្នាំ២០២៤ នឹងជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្លាំងពលកម្មខ្វះជំនាញ ព្រមទាំងការពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គម និងសុខុមាលភាពផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការការងាររួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ (UN) គឺដើម្បីធានាឱ្យមានភាពស្របគ្នា ជាមួយអាទិភាពជាតិ និងឯកភាពលើជំហានអនុវត្តជាក់ស្តែង។ ជាមួយគ្នានេះ ក៏ជាការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធ UN និងបណ្តាប្រទេសឈានមុខផ្សេងៗ ដើម្បីធានាថាគម្រោងកាតាលីករសកល អាចសម្រេចបានលទ្ធផលតាមគោលបំណងដែលបានកំណត់។ គម្រោងនេះ មានគោលដៅបង្កើនល្បឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ចីរភាព (SDGs) តាមរយៈការគាំទ្រការបង្កើតការងារសមរម្យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចថែទាំ ព្រមទាំងការពង្រីកប្រព័ន្ធគាំពារសង្គមទៅដល់ប្រជាជន ដែលស្ថិតនៅក្រៅប្រព័ន្ធ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការងារ និងការគាំពារសង្គម គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់ការសម្រេចបាន ចក្ខុវិស័យកម្ពុជា ២០៥០ ដែលមានទំនាក់ទំនងគាំទ្រគ្នា ទៅវិញទៅមក ក្នុងការកំណត់ទិសដៅជីវិតប្រជាពលរដ្ឋ និងមហិច្ឆតាអភិវឌ្ឍន៍របស់ប្រទេស ។ ទន្ទឹមនឹងនេះ វាក៏ជាមូលដ្ឋានសម្រាប់ការបង្កើត និងលើកកម្ពស់ការងារសមរម្យ ក្នុងនាមជាចលករ សម្រាប់យុត្តិធម៌សង្គមផងដែរ។
ការអនុម័តផែនទីបង្ហាញផ្លូវនេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់ការងារសមរម្យ ពង្រីកការគាំពារសង្គម និងធានាថាការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងបៃតង ប្រព្រឹត្តទៅដោយយុត្តិធម៌ មានភាពបរិយាបន្ន និងចីរភាព។

ក្នុងនាមតំណាងឱ្យអង្គការសហប្រជាជាតិ លោកស្រី Xiaoyan Qian បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមក្នុងគម្រោងស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌» និងការអនុម័តផែនទីបង្ហាញផ្លូវ សម្រាប់អនុវត្តកាតាលីករសកលនេះ ដោយលើកឡើងថា កម្ពុជាជាប្រទេសដែលអនុវត្តការងារជាក់ស្តែង មិនមែនមានតែនៅលើក្រដាសនោះទេ ។ លោកស្រីក៏បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗ នៃដំណើរគម្រោង ហើយក៏បានសំណូមពរឱ្យមានការពិចារណា បញ្ចូលពលករ និងជនមានពិការភាពទៅ ក្នុងប្រព័ន្ធទទួលអត្ថប្រយោជន៍បន្ថែមទៀត ប្រកបដោយតម្លាភាព ។

សូមរំលឹកថា កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌ គឺជាគំនិតផ្តួចផ្តើមមួយ ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០២១ ដើម្បីជួយដល់រដ្ឋសមាជិក ដោះស្រាយវិបត្តិ ពន្លឿនការស្តារសេដ្ឋកិច្ច ទន្ទឹមនឹងការបណ្តាក់ទុនក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង និងរៀបចំសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត រួមមាន ការបញ្ចូលទៅក្នុងប្រព័ន្ធការងារយុវជន សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ