ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២៥ អតីត​ពលករ​ខ្មែរ​មក​ពី​ថៃ​ជាង ៦២​ម៉ឺន​នាក់​ទទួល​បានការ​ងារ

7 ម៉ោង មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០២៥ អតីត​ពលករ​ខ្មែរ​មក​ពី​ថៃ​៦២​ម៉ឺន​នាក់ ទទួល​បានការ​ងារ​ធ្វើ​តាម​រយៈ​យុទ្ធនាការ​របស់​ក្រសួង និង​ភាគី​ពាក់ព័ន្ធ ខណៈ​ដែល​ឱកាស​ការងារ​នៅ​មាន​ប្រមាណ​ជិត​៩​ម៉ឺន​កន្លែង​បន្ថែម​ទៀត​ ។ នេះ​បើ​តាម​លោក…

​រាជធានីភ្នំពេញ​ ៖ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០២៥ អតីត​ពលករ​ខ្មែរ​មក​ពី​ថៃ​៦២​ម៉ឺន​នាក់ ទទួល​បានការ​ងារ​ធ្វើ​តាម​រយៈ​យុទ្ធនាការ​របស់​ក្រសួង និង​ភាគី​ពាក់ព័ន្ធ ខណៈ​ដែល​ឱកាស​ការងារ​នៅ​មាន​ប្រមាណ​ជិត​៩​ម៉ឺន​កន្លែង​បន្ថែម​ទៀត​ ។ នេះ​បើ​តាម​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦​នេះ​ ។

លោក ស៊ុន មេ​សា បាន​បញ្ជាក់​ថា ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ​ប្រមាណ​៦២​ម៉ឺន​នាក់ មាន​ជាង​៣០​ម៉ឺន​ឱកាស​ការងារ គឺ​ទទួល​បាន​រយៈ​យន្តការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ជាមួយ​គ្នា​នេះ លោក ស៊ុន មេ​សា ថា​៖ «​ក្រសួង​ដាក់​ចេញ​វិធានការ​សំខាន់​ៗ​ចំនួន​៤​ដំណាក់​កាលដែល​ក្រសួង​បាន​ដាក់​ចេញ​ចាប់តាំងពី​ថ្ងៃ​ទី​៨ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​តាំងពី​ការ​ទទួល​ពលករ​នៅ​តាម​បន្ទាត់​ព្រំដែន​រហូត​ដល់​គេហដ្ឋាន​របស់​អតីត​ពលករ​ដើម្បី​ផ្តល់​ឱកាស​ការងារ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​បងប្អូន​អតីត​ពល​លករ ក្រសួង​បាន​រៀបចំ​វេទិកា​ការងារ ក៏​ដូច​ជា ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំនួន​៥៧៩​លើក​នៅ​តាម​ភូមិ​ឃុំ​ក្នុង​ខេត្ត​សំខាន់​ៗ​តាម​គោលដៅ​សំខាន់​ៗ» ​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាង​ថា វិស័យ​ឧស្សាហកម្ម កសិកម្ម​-​កសិឧស្សាហកម្ម និង​សេវាកម្ម គឺជា​វិស័យ​ដែល​បាន​ស្រូប​កម្លាំង​ពលកម្ម​ច្រើន​ជាងគេ​។ ក្រៅពី​ឱកាស​ការងារ​ជាង​៦២​ម៉ឺន​នាក់ អតីត​ពលករ​រាប់​សិប​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ងាក​ទៅ​ប្រកប​របរ​កសិកម្ម​តាម​គ្រួសារ និង​បង្កើត​មុខរបរ​តូចតាច​នៅ​តាម​មូលដ្ឋាន​ផង​ដែរ​។ នេះ​បើ​តាម​លោក ស៊ុន មេ​សា​ដដែល​ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ខែធ្នូ​ឆ្នាំ​២០២៥​នេះ ប្រជាពលរដ្ឋ​និង​អតីត​ពលករ​ប្រមាណ ជាង​៩៥​ម៉ឺន​នាក់​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​អរិយ​ភាព​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ និង​ស្រប​តាម​ការ​អំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ជាមួយនឹង​ឱកាស​ការងារ ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុងស្រុក លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​អតីត​ពលករ​ដទៃ​ទៀត​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ សូម​ទាក់ទង​មក​លេខ ១២៩៧​ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ក្នុងស្រុក​ជា​ជាង​ការ​ប្រថុយប្រថាន​ធ្វើការ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ដែល​មិន​មាន​អត្ថប្រយោជន៍​ដ៏​សម្បូរ​បែប​ដូច​នៅ​កម្ពុជា​នោះ​ទេ ​៕ អត្ថបទសហការ