រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅសល់ឱកាសការងារជិត ៩ម៉ឺនកន្លែងទៀត កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ។ ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី ១៦ ខែមករាថា នៅសល់ឱកាសការងារចំនួន ៨៧ ៩៨១កន្លែងទៀត នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ។

ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម ហើយរាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញមានចំនួន ២៥ ០៧៩កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន ២៣ ៥១៥កន្លែង, ខេត្តកណ្ដាលមានចំនួន ១២ ០២១កន្លែង, ខេត្តតាកែវមានចំនួន ៨ ៧៧៧កន្លែង និងខេត្តស្វាយរៀងមានចំនួន ៥ ៧៧៤កន្លែង។
ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃជាង ៣១ម៉ឺននាក់ហើយ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួង ហើយមានបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ