រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញថា ពណ៌នៃទឹកសំបោរមិនមែនជារឿងធម្មតានោះទេ ប៉ុន្តែវាគឺជាសារព្រមានយ៉ាងសំខាន់ដែលឆ្លុះបញ្ចាំងពីស្ថានភាពសុខភាពច្រមុះ និងប្រព័ន្ធការពាររាងកាយរបស់លោកអ្នក។ ការឈ្វេងយល់ពីអត្ថន័យនៃពណ៌នីមួយៗ នឹងជួយឱ្យលោកអ្នកអាចដឹងមុនពីបញ្ហាជំងឺ និងស្វែងរកការព្យាបាលបានទាន់ពេលវេលា។
ជាទូទៅ ប្រសិនបើទឹកសំបោរមានពណ៌សថ្លា វាគ្រាន់តែជាសញ្ញានៃជំងឺផ្ដាសាយស្រាល រលាកផ្លូវដង្ហើម ឬអាលែកហ្ស៊ីច្រមុះដែលបណ្ដាលមកពីភ្នាសកោសិកាបញ្ចេញសារធាតុជំរុញឱ្យផលិតទឹកសំបោរច្រើន ប៉ុន្តែប្រសិនបើវាប្រែជាពណ៌សក្រាស់ ស្អិត និងល្អក់ នោះអាចមកពីភ្នាសច្រមុះកំពុងហើមស្ទះ ឬមកពីការទទួលទានផលិតផលទឹកដោះគោច្រើនហួសកម្រិត។ ចំពោះទឹកសំបោរដែលមានពណ៌លឿង ឬពណ៌ខៀវ (បៃតង) គឺជាសញ្ញាបង្ហាញថា រាងកាយកំពុងធ្វើការយ៉ាងខ្លាំងដើម្បីប្រឆាំងនឹងការឆ្លងរោគពីបាក់តេរីនៅតាមច្រមុះ ឬសីនុស ដែលបណ្ដាលឱ្យមានការលាយឡំគ្នារវាងរំអិល និងកោសិកាមេរោគដែលស្លាប់។
ដោយឡែក ពណ៌ប្រផេះគឺជាសញ្ញាព្រមានដែលគួរឱ្យប្រុងប្រយ័ត្នបំផុត ព្រោះវាអាចបញ្ជាក់ថាមានដុះឬសដូងច្រមុះ ដែលកើតចេញពីការរលាករ៉ាំរ៉ៃនៃភ្នាសច្រមុះ ឬជំងឺហឺត។ ក្នុងករណីដែលលោកអ្នកឃើញមានពណ៌ក្រហម វាមានន័យថាមានការដាច់សរសៃឈាមក្នុងច្រមុះ ដែលអាចបណ្ដាលមកពីភ្នាសច្រមុះស្ងួតពេក មានរបួស ឬរោគសរសៃឈាមផ្សេងៗ ដែលទាមទារឱ្យមានការពិនិត្យពីគ្រូពេទ្យជាបន្ទាន់។ ជាចុងក្រោយ ទឹកសំបោរពណ៌ខ្មៅ គឺជាសញ្ញាដែលកម្រនឹងជួប ប៉ុន្តែវាអាចកើតមានចំពោះអ្នកជក់បារី អ្នករស់នៅក្នុងបរិស្ថានដែលមានការបំពុលខ្លាំង ឬជាសញ្ញានៃការបង្កគរោគដោយពពួកផ្សិតយ៉ាងធ្ងន់ធ្ងរនៅក្នុងច្រមុះ។
សេចក្ដីបញ្ជាក់៖ ព័ត៌មាននេះផ្តល់ជូនសម្រាប់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានអាការៈមិនប្រក្រតី ឬបារម្ភពីពណ៌ទឹកសំបោររបស់ខ្លួន សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ៕
ចែករំលែកព័តមាននេះ