សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាពបានបង្ហាញថា បញ្ហាឈឺខ្នងគឺជាទុក្ខកង្វល់រួមរបស់មនុស្សគ្រប់វ័យ ជាពិសេសអ្នកប្រកបវិជ្ជាជីវៈដែលតម្រូវឱ្យស្ថិតក្នុងឥរិយាបថដដែលៗយូរពេក។ មូលហេតុចម្បងនៃការឈឺខ្នង ភាគច្រើនកើតចេញពីទម្លាប់រស់នៅប្រចាំថ្ងៃដែលយើងមើលរំលង ដែលធ្វើឱ្យរចនាសម្ព័ន្ធឆ្អឹងខ្នងរងសម្ពាធខ្លាំងដោយមិនដឹងខ្លួន។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញបានណែនាំឱ្យមានការកែសម្រួលឥរិយាបថតាមដំណាក់កាលនីមួយៗនៃជីវិតប្រចាំថ្ងៃ។
សម្រាប់ការឈរ និងការដើរ លោកអ្នកគួររំលឹកខ្លួនឯងឱ្យរក្សាខ្នងឱ្យត្រង់ និងស្មាឱ្យមានតុល្យភាពជានិច្ច។ ចំពោះអ្នកដែលត្រូវឈរយូរៗ ដូចជាបុគ្គលិកលក់ដូរ ឬចុងភៅ ការប្រើកៅអីទាបសម្រាប់ដាក់ជើងម្ខាងឆ្លាស់គ្នា នឹងជួយកាត់បន្ថយសម្ពាធលើឆ្អឹងខ្នងផ្នែកខាងក្រោមបានយ៉ាងច្រើន។ នៅពេលត្រូវឈោងចាប់វត្ថុនៅកន្លែងទាប ឬលើករបស់ធ្ងន់ លោកអ្នកគួរពត់ជង្គង់ចុះបន្តិចជំនួសឱ្យការឱនពត់ចង្កេះចុះផ្ទាល់ ព្រោះវាអាចបង្កឱ្យមានការគ្រេច ឬហែកសាច់ដុំខ្នងភ្លាមៗ។ ចំណែកឯការដើរវិញ គួរជ្រើសរើសស្បែកជើងដែលមានផាសុកភាព និងមានសមត្ថភាពស្រូបទាញការប៉ះទង្គិចបានល្អ ដើម្បីការពាររញ្ជួយដល់ឆ្អឹងខ្នង។
បញ្ហាប្រឈមខ្លាំងបំផុតគឺការអង្គុយ ជាពិសេសសម្រាប់បុគ្គលិកការិយាល័យ និងអ្នកបើកបរផ្លូវឆ្ងាយ។ ការអង្គុយដែលត្រឹមត្រូវ គឺត្រូវរក្សាខ្នងឱ្យត្រង់ជាប់នឹងខ្នើយកៅអីដែលមានរាងកោងទ្រខ្នងផ្នែកខាងក្រោម និងលៃតម្រូវកម្ពស់តុឱ្យដៃស្ថិតក្នុងកម្រិតស្របនឹងក្ដារចុចកុំព្យូទ័រ ឬចង្កូតឡាន។ លោកអ្នកគួរជៀសវាងការអង្គុយគងអន្ទាក់ខ្លា ការអង្គុយចោងហោង ឬការដាក់កុំព្យូទ័រលើភ្លៅសម្រាប់វាយអត្ថបទ ព្រោះសកម្មភាពទាំងនេះបង្ខំឱ្យឆ្អឹងខ្នងកោងខុសទ្រង់ទ្រាយ និងបង្កឱ្យមានការឈឺចាប់រ៉ាំរ៉ៃនៅថ្ងៃអនាគត។
ចំពោះការសម្រាក ការជ្រើសរើសពូកដែលមានភាពរឹងមាំល្មម (មិនទន់ពេក និងមិនរឹងពេក) គឺជាកត្តាចាំបាច់បំផុត។ ទីតាំងគេងដែលល្អសម្រាប់ឆ្អឹងខ្នង គឺការដេកផ្ងារដោយមានខ្នើយតូចមួយទ្រនៅក្រោមភ្លៅ ដើម្បីឱ្យឆ្អឹងខ្នងរក្សាទម្រង់រាបស្មើស្របនឹងពូកពេញមួយយប់។ លើសពីនេះ លោកអ្នកគួរផ្លាស់ប្តូរឥរិយាបថឱ្យបានញឹកញាប់ ដោយការងើបឡើងយារសរសៃរៀងរាល់ ២ ទៅ ៣ ម៉ោងម្ដង និងហាត់ប្រាណពង្រឹងសាច់ដុំខ្នងឱ្យបានទៀងទាត់។
ប្រសិនបើអាការៈឈឺខ្នងនៅតែបន្តកើតមានក្នុងលក្ខណៈរ៉ាំរ៉ៃ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ