ទីក្រុងម៉ានីឡា៖ ថ្ងៃនេះ អាជ្ញាធរហ្វ៊ីលីពីនចាប់ខ្លួនឧត្ដមសេនីយ៍យោធាចូលនិវត្តម្នាក់ពីបទសង្ស័យថាគាត់បាននិយាយញុះញង់ឱ្យពួកយោធាឈប់គាំទ្រប្រធានាធិបតីហ្វ៊ែឌីណង់ ម៉ាកូស (Ferdinand Marcos) ដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ ហើយផ្ដួលរំលំគាត់ចោលទៅ។ ឧត្ដមសេនីយ៍ចូលនិវត្តរូបនេះត្រូវបានចោទប្រកាន់ពីបទបះបោរ ហើយត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីឡា។

លោករ៉ូម៉េអូ ប៉ូគ្វីស (Romeo Poquiz) ដែលធ្លាប់អំពាវនាវឱ្យកងទ័ពឈប់គាំទ្រលោកម៉ាកូសចំពេលកំពុងមានរឿងអាស្រូវពុករលួយផងនោះត្រូវសមត្ថកិច្ចឃុំខ្លួនបន្ទាប់ពីគាត់វិលត្រឡប់ពីលំហែកាយនៅប្រទេសថៃ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វ៊ីលីពីន។ លោករដ្ឋមន្ត្រីរូបនេះបានផ្ញើសារជាអក្សរថាលោករ៉ូម៉េអូត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់បះបោរដោយសារការអំពាវនាវរបស់គាត់កាលពីពេលថ្មីៗនេះ។

អគ្គស្នងការស្ដីទីនៃនគរបាលហ្វ៊ីលីពីន លោកចូសេ ណាតាតេ (Jose Nartatez) ថ្លែងថាការចាប់ខ្លួនលោកប៉ូគ្វីសធ្វើឡើងទៅតាមដីកាបង្គាប់ឃុំខ្លួនចុះថ្ងៃទី៥ ខែធ្នូ។ ឧត្ដមសេនីយ៍ចូលនិវត្តវ័យ៦៧ឆ្នាំរូបនេះបញ្ជាក់តាមហ្វេសប៊ុកថាលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនពិតមែន។ លោកថាលោកត្រូវបានចាប់ខ្លួនដោយក្រុមស៊ើបអង្កេតព្រហ្មទណ្ឌនៃនគរបាលជាតិ។ បន្ទាប់មក លោកត្រូវគេដឹកទៅឃុំនៅស្នងការនគរបាលទីក្រុងម៉ានីឡា។

មេធាវីរបស់លោកប្រាប់ថាគាត់មិនត្រូវបានអនុញ្ញាតឱ្យចូលជួបកូនក្ដីនៅឡើយទេ។ មេធាវីរូបនេះថ្លែងបន្តទៀតថាការអំពាវនាវឱ្យយោធាឈប់គាំទ្រលោកម៉ាកូសមិនគួរចាត់ទុកថាជាការនិយាយញុះញង់ឱ្យមានអំពើបះបោរនោះទេ។ ប៉ុន្តែជាការពិភាក្សាអំពីបញ្ហាពុករលួយច្រើនជាង។ មេធាវីយល់ថាការចាប់ខ្លួននេះបង្ហាញថារដ្ឋាភិបាលហ្វ៊ីលីពីនកំពុងថ្កោលទោសអ្នកដែលហ៊ាននិយាយអំពីទង្វើខុសឆ្គង ជាជាងថ្កោលទោសអ្នកដែលលួចលុយរបស់ប្រជាជន។ នេះបើយោងតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ